(ពោធិ៍សាត់)៖ កម្លាំងរបស់កងការពារព្រំដែនលេខ៥០១ (ល្បាតទី១ សហការជាមួយល្បាតទី៦) នារសៀលនាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ បានបង្ក្រាបឈើក្រញូងចំនួន១០០ដុំ ស្មើនឹង៥៨០គីឡូក្រាម នៅក្នុងចម្ការកៅស៊ូក្រុមហ៊ុន MDS ដែលមានទីតាំង ស្ថិតនៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
បើតាមមន្រ្តីយោធានៅមូលដ្ឋាននេះ បានឱ្យដឹងថា ករណីនេះ ជនល្មើសបានរត់គេចខ្លួនបាត់ហើយ។
ការចុះបង្ក្រាបនេះ ទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីលោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ ដែលបានបញ្ជាឲ្យ លោកឧត្តមសេនីយ៍ទោ ចន្ទ័ រដ្ឋា មេបញ្ជាការរងយោធភូមិភាគទី៥ ទទួលបន្ទុកការងារព្រំដែន ត្រូវបង្ក្រាបបទល្មើសគ្រប់ប្រភេទតាមបន្ទាត់ព្រំដែន។
បច្ចុប្បន្ន វត្ថុតាងឈើគ្រញូង ត្រូវបានរក្សាទុក នៅទីបញ្ជាការកងអនុសេនាធំល្បាតទី១ ដើម្បីរង់ចាំទទួលបទបញ្ជាអនុវត្តបន្ត៕