(ភ្នំពេញ)៖ ក្រុមហ៊ុនជាង៥០០ និងម៉ាកសញ្ញាមកពី ២៨ប្រទេស នឹងបង្ហាញផលិតផល សេវា និងដំណោះស្រាយដ៏ថ្មីបំផុតរបស់ខ្លួន សំរាប់ការអភិវឌ្ឍន៏វិស័យសំណង់ និងអគារនៅក្នុងពិព័រណ៌ CAMBUILD 2019 ដែលជាពិព័រណ៏វិស័យអាគារ និងសំណង់ខ្នាតអន្តរជាតិលំដាប់ថ្នាក់លេខ១ នៅប្រទេសកម្ពុជា។
ការតាំងពិព័រណ៌អន្តរជាតិនឹងរៀបចំឡើងនៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ ចាប់ពីថ្ងៃ១៨ ដល់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩។
លោក អេនឌ្រូ ប្រធានក្រុមហ៊ុន AMB Tarsus Events Group និងជាអ្នករៀប ចំពិព័រណ៍នេះ បានថ្លែងឲ្យដឹងថា កម្មវិធីរយៈពេល ៣ថ្ងៃនេះ ត្រូវបានរំពឹងទុកជាមុនថា ជាទីកន្លែងប្រជុំដោយអ្នកជំនាញការក្នុងវិស័យឧស្សាហកម្មសំណង់ជាង ៨០០០នាក់ នៅក្នុងស្រុក រួមមាន៖ ស្ថាបត្យករ អ្នករចនា អ្នកអភិវឌ្ឍ វិស្វករផ្នែកមេកានិច និងអេឡិចត្រូនិច អ្នកម៉ៅការ អ្នកផ្គត់ផ្គង់ និងអ្នកចែកចាយ។
លោកបន្តថា នៅក្នុងកំឡុងពេល៥ខែដំបូង នៃឆ្នាំ២០១៩ វិស័យសំណង់ ក្នុងប្រទេសកម្ពុជា បានពង្រីកវិសាលភាពខ្លួនជាង៦០% បើប្រៀបទៅនិងកំឡុងពេលដូចគ្នាក្នុងឆ្នាំ២០១៨។ ដើម្បីស្របទៅពឹងល្បឿន នៃការអភិវឌ្ឍន៏ CAMBUILD 2019 បានក្លាយជាវេទិការដ៏ល្អបំផុតក្នុងការស្វែងរកប្រភពនៃការផ្គត់ផ្គង់ និងបច្ចេកវិទ្យាថ្មី! ឱកាសជាវផលិតផលថ្មី ក្នុងតម្លៃពិសេស និងទទួលបានពត៌មានទាក់ទងនឹងគំនិតច្នៃប្រឌិតថ្មីៗផងដែរ។ ការផ្តល់ជូននេះមិនកំណត់ត្រឹមតែផលិតផលក្នុងស្រុក ប៉ុណ្ណោះទេ តែរួមបញ្ចូលទាំងផលិតផលអន្តរជាតិ ក្នុងនោះមានពន្លាជាតិតំណាង ប្រទេសចិន ឥណ្ឌា អ៊ុតាបើ កូរ៉េ ម៉ាឡេស៊ី តៃវ៉ាន់ ថៃ និងសាំងហ្គាពួរ។ ផលិតផលជាច្រើននឹងបង្ហាញខ្លួនជាលើកដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ផងដែរថា ការតាំងពិព័រណ៌នេះទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីបណ្តាក្រសួងសំខាន់ៗ ព្រមទាំងសមាគមន៏ឧស្សាហកម្ម ដែលមានដូចជាគណៈស្ថាបត្យករ កម្ពុជា ក្រសួងរៀបចំដែនដីនគរូបដីយកម្ម និងសំណង់ សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា អជ្ញាធរអគ្គិសនីកម្ពុជា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។ ពិព័រណ៍ CAMBUILD 2019 នឹងផ្តល់ជូនលោកអ្នកនូវសិក្ខារសាលាបច្ចេកទេសដែលនឹងផ្តោតសំខាន់ទៅលើបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និន្នាការ និងដំណោះស្រាយផ្សេងៗដែលទាក់ទងនឹងវិស័យឧស្សាហកម្ម៕