(ព្រះវិហារ)៖ ដើមកញ្ឆាជាច្រើនដើម ដែលប្រជាពលរដ្ឋលួចដាំដោយខុសច្បាប់ ត្រូវបានកម្លាំងនគរបាលស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ធ្វើការដកហូត និងដុតកម្ទេចចោលនឹងនៅកន្លែង។
លោកវរសេនីយ៍ទោ រិទ្ធ សូណា អធិការនគារបាលស្រុកត្បែងមានជ័យ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩នេះថា ដោយអនុវត្តន៍តាមការណែនាំរបស់ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ កម្លាំងនគរបាលស្រុកត្បែងមានជ័យ បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលប្រមេរ បានចុះត្រួតពិនិត្យ និងធ្វើការដុតបំផ្លាញដើមកញ្ឆាស្រស់មួយចំនួន ដែលប្រជាកសិករលួចដាំដោយលួចលាក់។
លោកអធិការ បានបន្ដថា តាមការបំភ្លឺពីឈ្មោះ គាត វុទ្ធី ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិស្រែព្រាង ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានប្រាប់សមត្ថកិច្ចថា គាត់ដាំកញ្ឆានេះគ្មានគោលបំណងដើម្បីជួញដូរនោះទេ គឺដាំទុកសម្រាប់ព្យាបាលសត្វមាន់ទាតែប៉ុណ្ណោះ។ ក្រោយស្តាប់ការបកស្រាយរួច សមត្ថកិច្ចបានធ្វើការអប់រំ ណែនាំដោយឲ្យគាត់បញ្ឈប់ការដាំកញ្ឆា ដោយខុសច្បាប់តទៅទៀត។
លោក រិទ្ធ សូណា បញ្ជាក់ទៀតថា ការជួញដូរ ការប្រើប្រាស់ ការស្តុកទុក ការចែកចាយ និងដាំដុះនូវសារធាតុញៀន ឬរុក្ខជាតិញៀនជាអំពើខុសច្បាប់ ដែលករណីនេះលោកសូមអំពាវនាវឲ្យប្រជាពលរដ្ឋ កុំដាំដំណាំណាដែលជាប្រភេទសាធាតុញៀន និងត្រូវចូលរួមសហការ ជាមួយសមត្ថកិច្ចដោយផ្តល់ដំណឹង ដើម្បីឈានដល់ការបំផ្លាញដំណាំកញ្ឆាដែលពលរដ្ឋលួចដាំដោយខុសច្បាប់៕