(ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩នេះ ក្រុមហ៊ុន Lenovo បានសហការ និងផ្ដល់ឲ្យក្រុមហ៊ុន គីម ហេង សេនធឺ ជាអ្នកចែកចាយពេញសិទ្ធិ និងជាអ្នកផ្ដល់សេវាឯកទេស ការធានា និងការគ្រប់គ្រងប្រតិបត្តិការកុំព្យូទ័រ និងឧបករណ៍ឆ្លាតវៃក្នុងប្រទេសកម្ពុជា។
ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះក្រុមហ៊ុន គីម ហេង សេនធឺ ក៏បានសម្ដែងការទទួលខុសត្រូវក្នុងការផ្ដល់ឯកទេស ការធានា និងការគ្រប់គ្រងប្រតិបត្តិការកុំព្យូទ័រ និងឧបករណ៍ឆ្លាតវៃក្នុងប្រទេសកម្ពុជា ដើម្បីឲ្យអតិថិជនកាន់តែមានភាពងាយស្រួលមួយកម្រិតទៀតផងដែរ។
ក្នុងការចុះកិច្ចព្រមព្រៀងនោះដែរលោក Roy Ng ដែលជាប្រធានចាត់ការទូទៅនៃបណ្ដាញ SMB Channel របស់ក្រុមហ៊ុន Lenovo ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបានឲ្យដឹងថា «ក្រោយពីយើងបានចុះកិច្ចព្រមព្រៀងរួមមក យើងនឹងប្រកាសថា ក្រុមហ៊ុន គីម ហេង សេនធឺ នឹងក្លាយជាអ្នកចែកចាយផ្លូវការរបស់យើងនៅក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុន គីម ហេង សេនធឺ មានបទពិសោធន៍ខ្ពស់នៅក្នុងវិស័យនេះ និងមានចំណែកទីផ្សារធំ ដែលអាចឲ្យយើងពង្រីកបន្ថែមនូវប្រភេទផលិតផល និងសេវាដល់អាជីវកម្មដែលពង្រីកខ្លួនពីតូចទៅធំ ជាច្រើននៅក្នុងប្រទេសកម្ពុជា»។
លោកបានបញ្ជាក់ថា «ក្នុងនាមជាក្រុមហ៊ុនកុំព្យូទ័រលំដាប់លេខ១ នៅក្នុងពិភពលោក Lenovo ប្ដេជ្ញានៅក្នុងការពាំនាំនូវជំនាន់បច្ចេកវិទ្យាកាន់តែឆ្លាតវៃសម្រាប់អ្នកប្រើប្រាស់ទាំងអស់ ផ្ដល់នូវសេវាពេញលេញប្រកបដោយទំនុកចិត្ត និងនវានុវត្តន៍ប្រសើរបំផុតដល់ដៃគូរបស់យើង ដើម្បីឲ្យយើងអាចចូលរួមកាន់តែសកម្មជាមួយនឹងអ្នកប្រើប្រាស់ជាក្រុមហ៊ុន ធុរកិច្ចនៅក្នុងដំណាក់កាលនៃការធ្វើការអភិវឌ្ឍប្រព័ន្ធឌីជីថលនាពេលបច្ចុប្បន្ន ហើយយើងក៏ជឿជាក់យ៉ាងមុតមាំថា ភាពជាដៃគូរបស់យើងនឹងក្លាយទៅ ជាកម្លាំងជំរុញដ៏រឹងមាំសម្រាប់ភាពជោគជ័យរបស់យើងផងដែរ»។
តាមរយៈភាពជាដៃគូនេះ ក្រុមហ៊ុន Lenovo ប្ដេជ្ញាជួយបង្កើនអាជីវកម្មរបស់ក្រុមហ៊ុន គីម ហេង សេនធឺ តាមរយៈការពាំនាំមកនូវនវានុវត្តន៍ឈានមុខគេនៅក្នុងវិស័យនេះ ដើម្បីគាំទ្រអតិថិជនរបស់ខ្លួន នៅក្នុងសម័យនៃការអភិវឌ្ឍន៍ដោយប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃ។ ដោយបានបង្កើតឡើងនៅក្នុងឆ្នាំ1995 ក្រុមហ៊ុន គីម ហេង សេនធឺ គឺជាអ្នកចែកចាយឈានមុខគេផ្នែកផលិតផល និងសេវាបច្ចេកវិទ្យាព័ត៌មានវិទ្យានៅក្នុងប្រទេសកម្ពុជា។ តាមរយៈបទពិសោធន៍ខ្ពស់ និងការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុននៅក្នុងការពាំនាំនូវផលិតផលដែលមានភាពច្នៃប្រឌិត និងប្រកបដោយទំនុកចិត្ត ព្រមទាំងមានតម្លៃសមរម្យបំផុតសម្រាប់អតិថិជនក្រុមហ៊ុន គីម ហេង សេនធឺ ទទួលបាននូវភាពល្បីល្បាញយ៉ាងខ្លាំងនៅក្នុងទីផ្សារ។
លោកស្រី សៀក គីម ដែលជាអគ្គនាយកនៃក្រុមហ៊ុន គីម ហេង សេនធឺ បានឲ្យដឹងផងដែរថា «Lenovo គឺជាក្រុមហ៊ុនឈានមុខគេផ្នែកបច្ចេកវិទ្យាអ្នកប្រើប្រាស់ ពាណិជ្ជកម្ម និងសហគ្រាស ដែលមានផលិតផលជាច្រើនប្រភេទ ហើយយើងក៏សប្បាយរីករាយចំពោះភាពជាដៃគូថ្មីនេះ។ កំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជានៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឲ្យតម្រូវការកុំព្យូទ័រផ្នែកពាណិជ្ជកម្មមានការកើនឡើង។ យើងជឿជាក់ថា «ការដាក់បញ្ចូលគ្នានូវគំរូចែកចាយរបស់យើង អ្នកជំនាញដែលមានការបណ្ដុះបណ្ដាលត្រឹមត្រូវ និងមូលដ្ឋានអតិថិជនដ៏រឹងមាំទាំងនៅក្នុងវិស័យរដ្ឋ និងឯកជន នឹងផ្ដល់នូវគុណសម្បត្តិទៅដល់ក្រុមហ៊ុន Lenovo»។
សូមបញ្ជាក់ផងដែរថា គីម ហេង គឺជាក្រុមហ៊ុនចែកចាយផលិតផលបច្ចេកវិទ្យាព័ត៌មានវិទ្យាគ្រប់ប្រភេទនៅក្នុងប្រទេសកម្ពុជា ហើយក្នុងនាមជាក្រុមហ៊ុនដែលបានបង្កើតឡើងដំបូងគេមួយនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន គីម ហេង ត្រូវបានរៀបចំឡើងយ៉ាងល្អប្រសើរ ដើម្បីផ្ដល់សេវាប្រកបដោយភាពច្នៃប្រឌិត សម្រាប់ដោះស្រាយបញ្ហាស្មុគស្មាញផ្សេងៗនៅក្នុងបរិយាកាសបច្ចេកវិទ្យាដែលមានការវិវត្តយ៉ាងខ្លាំងក្លា៕