(កណ្ដាល)៖ ក្រុមយុវជនឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩នេះ បានលើកឡើងថា ការនាំគ្នាធ្វើការងារសង្គម និងចូលរួមអភិវឌ្ឍន៍ភូ មិ-ឃុំ គឺសំខាន់ណាស់ និងគ្មានពេលទៅជឿការញុះញង់ ឲ្យទៅធ្វើបាតុកម្មដោះលែងអ្នកជាប់ទោសនោះទេ។
ការលើកឡើងរបស់ក្រុមយុវជន និងប្រជាពលរដ្ឋឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ធ្វើឡើងក្នុងគ្រាដែលប្រជាពលរដ្ឋ, ក្រុមការងារពង្រឹង, ប្រជាការពារ នគរបាលប៉ុស្តិ៍, ក្រុមយុវជន និងបងប្អូនអាជីវករផ្សារភូមិព្រែកខ្មែរ បានចូលរួមសហការគ្នាយ៉ាងរីករាយ និងដោយឆន្ទៈដើម្បីថែរក្សាបរិស្ថាន ស្របតាមប្រធានបទ «ស្អាងយើងស្អាត» កាន់តែមានភាពសប្បាយរីករាយ និងងាយធ្វើឲ្យពុកម៉ែបងប្អូនកាន់តែយល់ជ្រួតជ្រាប។
ក្នុងនោះ ខ្លះរើសសំរាម, ខ្លះកើប, ខ្លះច្រក, ខ្លះប្រមូល, ខ្លះផ្សព្វផ្សាយ, ខ្លះបង្ហើរសំនៀងអំពីបរិស្ថាន, ខ្លះសំរួលចរាចរណ៍, ខ្លះបិទស្លាកសារអប់រំ, ខ្លះដាំបង្គោលប៉ាណូអប់រំ, ខ្លះពាក់តុក្កតារាំកាន់បដា ចុះផ្សព្វផ្សាយផងដែរ ដែលធ្វើឲ្យបរិយាកាស កាន់តែមានភាពសប្បាយរីករាយ។
សូមជម្រាបថា យុទ្ធនាការនេះ ចាប់ផ្តើមអនុវត្តនៅឃុំស្អាងភ្នំ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩នេះតទៅ។ «យើងរួមគ្នាគិត យើងរួមគ្នាធ្វើ និងយើងរួមគ្នាទទួលខុសត្រូវ»៕