(ភ្នំពេញ)៖ អនុស្សរណៈនៃការយោគយល់គ្នាចំនួនពីរ ស្តីពី កិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុប្រកបដោយចីរភាព រវាងក្រសួងបរិស្ថាន ធនាគារជាតិនៃកម្ពុជា និងសមាគមធនាគារនៅកម្ពុជា និងរវាងអង្គការ USAID និងសមាគមធនាគារនៅកម្ពុជា ត្រូវបានចុះហត្ថលេខានាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩។
ការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ទាំងពីរនេះ មានគោលបំណង ដើម្បីពង្រឹង និងអភិវឌ្ឍកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ ប្រកបដោយចីរភាពក្នុងវិស័យធនាគារ សំដៅជួយគាំទ្រដល់កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការប្រែប្រួលអាកាសធាតុ ក្នុងប្រទេសកម្ពុជា។
បើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់នេះ នឹងចូលរួមចំណែក ដល់ការអនុវត្តយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា គឺ បរិស្ថាន សង្គម និងសេដ្ឋកិច្ច។
យោងតាមវេទិកាសាធារណៈ និងឯកជន លើកទី១៨ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា កន្លងមក គឺបានបញ្ជាក់ឲ្យឃើញច្បាស់ពីជំហររបស់រាជរដ្ឋាភិបាល ទៅលើសារៈសំខាន់ នៃការសហការជាដៃគូជាមួយវិស័យឯកជន ដើម្បីសម្រេចនូវលទ្ធផលប្រកបដោយចីរភាព និងសមធម៌។
ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អាចជ្រើសរើសការធ្វើ ហិរញ្ញប្បទាន ឬអាចចូលរួមគាំទ្រគម្រោង ដែលមានភាពវិជ្ជមានចំពោះបរិស្ថាន សមភាពយេនឌ័រ សមភាពសេដ្ឋកិច្ច និងចូលរួមលុបបំបាត់ហិរញ្ញប្បទាន ណាដែលបង្ករឲ្យមានការផលប៉ះពាលអវិជ្ជមានដូចជា៖ ការកាប់បំផ្លាញព្រៃឈើ ការបំពុលអាកាសធាតុ បញ្ហាកាកសំណល់ និងការបំផ្លាញធនធានធម្មជាតិ ជាដើម។
លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានសង្កត់ធ្ងន់ថា ការចូលរួមជាមួយសមាគមធនាគារនៅកម្ពុជា នាពេលនេះ ជាឧទាហរណ៍គំរូមួយ បង្ហាញពីកិច្ចសហប្រតិបតិ្តការរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីចូលរួមអនុវត្តយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ដើម្បីប្រទេសកម្ពុជា និងការការពារភពផែនដី និងដើម្បីជាប្រយោជន៍របស់ធនាគារ ជាសមាជិកក្នុងការទាក់ទាញមូលនិធិអន្តរជាតិនានា ជាមួយអត្រា ការប្រាក់ទាប។
រដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ក្នុងកិច្ចការនេះ ក្រសួងបរិស្ថាន មានមុខងារសំខាន់មួយ ក្នុងចំណោមមុខងារសំខាន់ៗដទៃទៀត គឺជួយសម្របសម្រួលធនាគារ ឬស្ថាប័ន នានា ក្នុងការដាក់ពាក្យសុំ ដើម្បីក្លាយខ្លួនជាអង្គភាពមានគុណវុឌ្ឍគ្រប់គ្រាន់ (Accredited Entity) ស្នើសុំ ជំនួយ ឬ មូលនិធិពីមូលនិធិអាកាសធាតុបៃតង (Green Climate Fund – GCF) ឬ ស្ថាប័នអន្តរជាតិផ្សេងទៀត។
បើតាមលោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមនធនាគារនៅកម្ពុជា បានថ្លែងថា សមាគមធនាគារនៅកម្ពុជា តាមរយៈគណៈកម្មការហិរញ្ញវត្ថុប្រកបដោយចីរភាព បាននិងកំពុងបន្តបេសកកម្មជាចម្បងរបស់ខ្លួន បន្តគឺ៖
ទី១៖ កសាងប្រព័ន្ធគ្រប់គ្រង និងឧបករណ៍ចាំបាច់នានា សម្រាប់ជួយធនាគារជាសមាជិកអនុវត្តនូវគោលការណ៍ហិរញ្ញវត្ថុប្រកបដោយចីរភាព
ទី២៖ បន្តកសាងសមត្ថភាពធនាគារិកពាក់ព័ន្ធហានិភ័យបរិស្ថាន និងសង្គម
ទី៣៖ បន្តពង្រីកសហប្រតិបតិ្តការ ជាមួយដៃគូពាក់ព័ន្ធទាំងអស់ ជំរុញការអនុវត្តគោលការណ៍ហិរញ្ញវត្ថុ ប្រកបដោយចីរភាពប្រកបដោយប្រសិទិ្ធភាពខ្ពស់
ទី៤៖ ជំរុញការផ្សព្វផ្សាយ ទៅកាន់សាធារណជនពីសកម្មភាព របស់សមាគមធនាគារពាក់ព័ន្ធនឹងបរិស្ថាន និងសង្គម។
លោកបណ្ឌិត អ៊ិន ចាន់នី បន្ដទៀតថា បន្ថែមលើនេះ ក្នុងចក្ខុវិស័យរយៈពេលវែង សមាគមធនាគារមានទិសដៅជំរុញ ការអនុវត្តគោលការណ៍ហិរញ្ញវត្ថុប្រកបដោយចីរភាព ទៅវិស័យផ្សេងៗទៀត ជំរុញការកែប្រែគោលការណ៍ ហិរញ្ញវត្ថុ ប្រកបដោយចីរភាពទៅជាក្បួនច្បាប់ សម្រាប់អនុវត្តគ្រប់គ្នា និងចង់ឲ្យប្រទេសកម្ពុជា ក្លាយជាប្រទេសឈានមុខគេ ក្នុងការអនុវត្តគោលការណ៍ហិរញ្ញវត្ថុប្រកប ដោយចីរភាពក្នុងតំបន់មេគង្គនេះ៕