(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ បានជំរុញឲ្យមន្ត្រីមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ត្រូវអនុវត្តតួនាទីភារកិច្ច ទៅតាមជំនាញ និងវិជ្ជាជីវៈ ប្រកបដោយក្រមសីលធម៌ត្រឹមត្រូវ និងត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ជាពិសេសអភិវឌ្ឍន៍ ធនធានចំណេះដឹង ដើម្បីឲ្យសមស្របទៅនឹងសម្ភារៈបច្ចេកទេស ដែលមានការអភិវឌ្ឍន៍រីកចម្រើន ក្នុងយុគ្គសម័យបច្ចុប្បន្ន។
ការជំរុញបែបនេះធ្វើឡើងក្នុងឱកាសលោក ម៉ៅ ធនិន អញ្ជើញប្រកាសទទួលស្គាល់ប្រធានស្តីទីមន្ទីរ ដ.ន.ស.ស ខេត្តពោធិ៍សាត់ និងជួបសំណេះសំណាលជាមួយមន្ត្រី នៃមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប្រមាណ ៦៧នាក់ ដោយបានការចូលរួមពីលោក ចេង ឡៃ អភិបាលរងខេត្តទទួលបន្ទុកការងារសុរិយោដី។
លោក ម៉ៅ ធនិន បានឲ្យដឹងថា ការចុះជួបសំណេះសំណាលជាមួយមន្ត្រីរបស់យើងនាពេលនេះ ដោយប្រើប្រាស់តួនាទី២ ជាថ្នាក់ដឹកនាំខេត្ត និងជាមេគ្រួសារប្អូនប្រជាពលរដ្ឋទូទាំងខេត្ត។ លោកថា «យើងដឹងហើយថា កាលពីថ្ងៃទី២៧ ខែកក្កដា កន្លងមកនេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចុះចំណាត់ការមកលើប្រធានមន្ទីរមួយនេះ ក្រោយមកថ្នាក់ដឹកនាំក្រសួង បានប្រគល់តួនាទីជាបណ្តោះអាសន្នជូនលោក ឱន សុទ្ធា ជាប្រធានស្តីទីនៃមន្ទីរ ដ.ន.ស.ស ខេត្តយើង»។
យ៉ាងណាមិញ លោកបានថ្លែងការកោតសរសើរចំពោះការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ បំពេញតម្រូវការ និងសេវាផ្សេងៗជូនប្រជាពលរដ្ឋ ហើយការអនុវត្តច្បាប់ក៏មានលក្ខណៈល្អប្រសើរដែរ ប៉ុន្តែអ្វីដែលពាក់ព័ន្ធទៅនឹងកំហុសឆ្គង និងការប្រព្រឹត្តជាក់ស្តែងនោះ គឺជាលក្ខណៈបុគ្គល។
លោកបានបន្ថែមថា «ប្រទសជាតិមានច្បាប់ ដូច្នេះយើងត្រូវចូលរួមគោរព និងអនុវត្តន៍ច្បាប់ទាំងអស់គ្នា ដោយប្រើប្រាស់ឆន្ទះ មនសិក្កាទៅលើផ្លូវច្បាប់ ប្រើប្រាស់តួនាទី ពេលវេលាផ្សារភ្ជាប់ ទៅនឹងសុខទុក្ខរបស់ប្រជាពលរដ្ឋ មិនអាចយកតួនាទីដែលរដ្ឋផ្តល់ឲ្យ ទៅប្រើប្រាស់លក្ខណៈឯកជន ប្រើប្រាស់ជាផលប្រយោជន៍ឯកជន ប្រើប្រាស់ជាផលប្រយោជន៍នៃគំនិតសួនតួ ដែលផ្ទុយនឹងច្បាប់កំណត់នោះបានឡើយ»។
លោកអភិបាលខេត្ត បានផ្តាំផ្ញើរដល់គ្រប់មន្ត្រី នៃមន្ទីរ ដ.ន.ស.ស ខេត្តទាំងអស់ ត្រូវបន្តខិតខំធ្វើការងារ ដោយបង្កើនចំណងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ប្រើប្រាស់មន្ត្រីឲ្យត្រូវជំនាញ និងត្រូវគោរពវិន័យការងារ តួនាទី ភារកិច្ច លក្ខខណ្ឌការងារដែលបានបែងចែក ប្រកបដោយការទទួលខុសត្រូវខ្ពស់ នៅគ្រប់ការិយាល័យភូមិបាលស្រុកទាំងអស់ ត្រូវខិតខំរួមគ្នាបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឲ្យមានតម្លាភាព ប្រសិទ្ធភាព និងមានភាពជឿជាក់។
ជាមួយគ្នានោះ លោកចង់ឃើញនូវស្នាមញញឹម នៃការដឹកនាំ ការចេះដឹង ក្រមសីលធម៌ខ្ពស់ ពោរពេញទៅដោយបទពិសោធន៍ ជាពិសេសត្រូវបន្តពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ឲ្យសាកសមជាអ្នកបន្តវេនដ៏ល្អ និងឲ្យសមស្របទៅនឹងសម្ភារៈបច្ចេកទេស ដែលមានការអភិវឌ្ឍន៍រីកចម្រើន ក្នុងយុគ្គសម័យបច្ចុប្បន្ន។
លោកបានស្នើដល់លោកប្រធានមន្ទីរស្តីទីថ្មី «ត្រូវយកចិត្តទុកដាក់ទប់ស្កាត់នូវរាល់សំណង់ដែលគ្មានលិខិតអនុញ្ញាត និងសំណង់ធ្វើឡើងខុសលិខិតអនុញ្ញាត ក្នុងន័យរឹតបន្តឹងការគោរពលិខិតបទដ្ឋាន គតិយុត្ត ក៏ដូចធានាឲ្យបាននូវសុខសុវត្ថិភាព និងគុណភាពជូនប្រជាពលរដ្ឋ ស្របទៅតាមគោលបំណង និងការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា»។
សូមបញ្ជាក់ថា ប្រធាន អនុប្រធាន និងមន្ត្រីមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចុះទៅឃាត់ខ្លួន នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នៅខេត្តពោធិ៍សាត់ផ្ទាល់តែម្តង ដោយសង្ស័យប្រព្រឹត្តអំពើពុករលួយ គប់គិតទារលុយពីម្ចាស់ដី ដោយខុសច្បាប់ចំនួន ១០ម៉ឺនដុល្លារជាថ្នូរចេញច្បាប់សាងសង់។ ការចុះទៅឃាត់ខ្លួននេះ ដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។
ពួកគេទាំង៣នាក់ ត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ ជាបណ្តោះអាសន្នរង់ចាំ ការបើកសវនាការនៅពេលក្រោយទៀត៕