(ភ្នំពេញ)៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) បានដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះ ធ្វើឡើងនៅទីស្ដីការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩។
កិច្ចប្រជុំនេះ មានការចូលរួមពីលោក-លោកស្រី ទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តី ព្រមទាំងថ្នាក់ដឹកនាំ ជាន់ខ្ពស់នៃក្រសួង-ស្ថាប័នពាក់ព័ន្ធ របស់រាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួនពីរ៖
១៖ វឌ្ឍនភាពនៃការអនុវត្តកញ្ចប់វិធានការកែទម្រង់ ដែលដាក់ចេញដោយ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងវេទិការាជរដ្ឋាភិបាល-ឯកជន លើកទី១៨
២៖ ការរៀបចំក្របខ័ណ្ឌតាមដានសមិទ្ធកម្ម សម្រាប់យុទ្ធសាស្រ្តចតុកោណ-ដំណាក់កាលទី៤។
តាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា ១៖ វឌ្ឍនភាពនៃការអនុវត្តវិធានការ កែទម្រង់ជាកញ្ចប់៖
វិធានការកែទម្រង់ជាកញ្ចប់ ដែលត្រូវបានដាក់ចេញដោយ សម្តេចតេជោនាយករដ្ឋមន្រ្តី នៅក្នុងវេទិការាជរដ្ឋាភិបាល-ឯកជនលើកទី១៨ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ មានគោលដៅកែលម្អបរិយាកាសវិនិយោគ, និងលើក កម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការដោះស្រាយនូវបញ្ហាប្រឈមធំៗមួយចំនួន រួមមាន៖
* ការកាត់បន្ថយថ្លៃឡូជីស្ទីកនិងសេវាកំពុងផែ, ការកាត់បន្ថយថ្លៃអគ្គិសនី, ការកាត់បន្ថយថ្ងៃឈប់សម្រាក, ការពង្រឹងសេវាសាធារណៈ និងការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម ជាដើម ។
* គិតត្រឹមឆមាសទី១ ឆ្នាំ២០១៩, ក្រសួង-ស្ថាប័ន ទទួលបន្ទុកបានអនុវត្តវិធានការទាំងនោះ ដោយសម្រេច បានលទ្ធផលគួរឲ្យកត់សម្គាល់។
* វិធានការភាគច្រើន ត្រូវបានអនុវត្ត និងបន្តតាមដាន ទន្ទឹមនេះ ក៏មានវិធានការមួយចំនួនតូច តម្រូវឲ្យមានការបង្កើនល្បឿន ដើម្បីអាចសម្រេចបានតាមពេលវេលាដែលបានគ្រោងទុក។
បន្ថែមលើនេះ, អង្គប្រជុំ បានលើកទឹកចិត្ត និងជំរុញឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចនូវវិធានការដែលពុំ ទាន់សម្រេចបានទាំងស្រុង ដោយធ្វើយ៉ាងណា ឲ្យបានបញ្ចប់តាមការគ្រោងទុក ត្រឹមដំណាច់ឆ្នាំ២០១៩នេះ។
២៖ ក្របខ័ណ្ឌតាមដានសមិទ្ធកម្ម សម្រាប់យុទ្ធសាស្រ្តចតុកោណ-ដំណាក់កាលទី ៤៖
អនុវត្តតាមអនុសាសន៍ណែនាំរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី, អគ្គលេខាដ្ឋាននៃគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសេចក្តីព្រាងក្របខ័ណ្ឌតាមដាន និងវាយតម្លៃការអនុវត្ត យុទ្ធសាស្រ្តចតុកោណ-ដំណាក់កាលទី ៤ តាមរយៈការកំណត់នូវសូនាករសមិទ្ធកម្មគន្លឹះ (Key Performance Indicators - KPIs)។
ក្របខ័ណ្ឌតាមដានសមិទ្ធកម្ម សម្រាប់យុទ្ធសាស្រ្តចតុកោណ-ដំណាក់កាលទី៤ គឺជាគំនិតផ្តួចផ្តើមថ្មីមួយ ក្នុងការរៀបចំយន្តការ និងឧបករណ៍តាមដាន និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តចតុកោណ-ដំណាក់កាលទី៤ ហើយដែលលទ្ធផលនេះ នឹងត្រូវប្រើប្រាស់ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ របស់រាជរដ្ឋាភិបាល សំដៅគាំទ្រដល់ការសម្រេចបាន នូវចក្ខុវិស័យឆ្នាំ២០៣០។
ការកំណត់ និងជ្រើសរើសនូវសូចនាករទាំងនោះ មានការពិភាក្សាពិគ្រោះយោបល់ និងគិតគូរយ៉ាងលម្អិត ទៅលើឯកសារពាក់ព័ន្ធសំខាន់ៗ របស់រាជរដ្ឋាភិបាល រួមមាន «ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ (NSDP)» និង «គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា (CSDG)»ជាដើម។
ជាងនេះទៅទៀត, ក្របខ័ណ្ឌតាមដានសមិទ្ធកម្មនេះ ក៏បានដាក់ជូនពិគ្រោះយោបល់កម្រិតបច្ចេកទេស ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដោយទទួលបានធាតុចូល និងមតិកែលម្អជាច្រើនផងដែរ មុននឹងដាក់ឆ្លង កិច្ចប្រជុំពិភាក្សាក្នុងថ្ងៃនេះ។
ជារួម, អង្គប្រជុំបានសម្តែងនូវការគាំទ្រ ចំពោះគំនិតផ្តួចផ្តើម ក្នុងការដាក់ចេញនូវក្របខណ័្ឌតាមដាននេះ ហើយប្តេជ្ញាបន្តកិច្ចសហការ ក្នុងការកែលម្អសូនាករ សមិទ្ធកម្មគន្លឹះទាំងនោះ ដើម្បីឲ្យក្របខណ័្ឌ តាមដានវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តចតុកោណ-ដំណាក់ កាលទី៤ មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានភាពជឿទុកចិត្តខ្ពស់។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ប្រធានអង្គប្រជុំ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងក្រុមការងារ នៃអគ្គលេខាធិការដ្ឋាន គ.ស.ហ ដែលបាន ខិតខំនិងចូលរួម យ៉ាងសកម្មក្នុងការអនុវត្តកិច្ចការដ៏មានសារៈសំខាន់ទាំងនេះ នឹងបានស្នើឲ្យគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តកិច្ចសហការ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕