(បាត់ដំបង)៖ ឧត្តមសេនីយ៍ទោ ច័ន្ទ រដ្ឋា មេបញ្ជាការរងយោធភូមិភាគទី៥ ទទួលបន្ទុកការងារព្រំដែន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារ ដឹកនាំបញ្ជា ការងារទំនាក់ទំនងកិច្ចសហប្រតិការ ការងារព្រំដែន និងផ្សព្វផ្សាយលទ្ធផល ការប្រជុំគណៈកម្មការព្រំដែនថ្នាក់យោធភូមិភាគ ថៃ-កម្ពុជា លើកទី២៧។

កិច្ចប្រជុំដែលបានធ្វើនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ក៏មានការអញ្ជើញចូលរួមមាន អង្គភាពការពារព្រំដែនទាំង៤ ច្រកទាំង១៣ វរសេនាតូចជួរមុខ ជាប់តាមបណ្ដាលព្រំដែនកម្ពុជា-ថៃ ខេត្តទាំង៤។ អ្នកចូលរួមទាំងអស់ ក៏បានលើកឡើងអំពីចំណុចខ្លាំង និងចំណុចខ្សោយ ជូនអង្គពិធីដើម្បីរួមគ្នាដោះស្រាយ បញ្ហាដែលកើតឡើងឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ច័ន្ទ រដ្ឋា បានថ្លែងថា កិច្ចប្រជុំគណៈកម្មការព្រំដែនក្នុងថ្ងៃនេះ គឺមានសារសំខាន់ណាស់ ក្នុងពង្រឹងផ្សព្វផ្សាយការងារ ដឹកនាំបញ្ជា ការងារទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ការងារព្រំដែន និងការផ្សព្វផ្សាយនូវលទ្ធផលការប្រជុំគណៈកម្មការព្រំដែនយោធភូមិភាគ ថៃ-កម្ពុជា លើកទី២៧ ដែលកន្លងទៅថ្មីៗនេះ ជូនបងប្អូនតាមបណ្ដាលអង្គភាពឲ្យបានជ្រាប និងយកទៅអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់។

លើសពីនេះ ត្រូវសហការ និងបង្ក្រាបបទល្មើសផ្សេងៗ ក៏ដូចជាបទល្មើសឆ្លងដែនគ្រប់រូបភាព ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ របស់កងកម្លាំងកម្ពុជា ជាមួយភាគីថៃ ក៏ដូចជាការអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបញ្ជាឲ្យកម្លាំងប្រដាប់អាវុធ ដែលឈរជើងតាមបណ្ដាលព្រំដែន ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់ រក្សាឲ្យបាននូវ សុខសន្តិភាព ស្ថេរភាព និងប្រែក្លាយព្រំដែន នៃប្រទេសទាំងពីរក្លាយទៅជាព្រំដែន មានសុខសន្តិភាព និងការអភិវឌ្ឍ៕