(កំពង់ស្ពឺ)៖ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩នេះ កម្ពុជាបានបញ្ជូនកងរាជអាវុធហត្ថចំនួន ៧៣នាក់បន្ថែមទៀត ទៅបំពេញបេសសកម្មនៅប្រទេសស៊ូដង់ខាងត្បូង ក្រោមឆត្រអង្គការសហប្រជាជាតិ។
ពិធីជូនដំណើរកងកម្លាំងកម្ពុជា ទៅប្រទេសស៊ូដង់ខាងត្បូងនេះ បានធ្វើឡើងក្រោម អធិបតីភាព នាយឧត្តមសេនីយ៍ ប៉ុល សារឿន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មអង្គការសហប្រជាជាតិ រួមជាមួយលោកស្រី ប៉ូលីន តាមស៊ីស (Pauline Tamesis) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា នៅវិទ្យាស្ថានបណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ខេត្តកំពង់ស្ពឺ។
ក្នុងចំណោម កម្លាំងកងអាវុធហត្ថ លេខ៨៦១ ចំនួន៧៣នាក់ មាននារី១១នាក់ ដែលទៅបំពេញបេសកកម្មរក្សាសន្តិភាព របស់ UN នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មអង្គការសហប្រជាជាតិ នាំយកនូវអនុសាសន៍៤ ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន ផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលនឹងចេញបំពេញបេសកកម្មរក្សាសន្តិភាព របស់ UN រួមមាន៖
ទី១៖ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវអនុសាសន៍ ដែលជាបទបញ្ជា៤ចំណុចរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានលើកឡើង ក្នុងពិធីសំណេះសំណាលជូនដំណើរកងអនុសេនាធំលេខ១៣៥ ចេញទៅបំពេញបេសកកម្មនៅប្រទេសស៊ូដង់ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០០៦ កន្លងទៅ។
ទី២៖ ឈរជាមជ្ឈមណ្ឌលសាមគ្គីឯកភាព គោរពវិន័យច្បាប់ បទបញ្ជា និងរក្សាភាពថ្លៃថ្នូរកិត្តិយសរបស់កងយោធពលខេមរភូមិន្ទ និងប្រទេសជាតិ។ សិក្សាដកពិសោធន៍រៀនសូត្រភាសាបរទេសបន្ថែម និងអភិវឌ្ឍសមត្ថភាព ដើម្បីឆ្លើយតបបេសកកម្មរបស់ខ្លួន សំដៅសម្រេចភារកិច្ច។
ទី៣៖ សិក្សាឱ្យបានច្បាស់លាស់ពីស្ថានភាព ភូមិសាស្ត្រនយោបាយ និងការប្រឈមនៃបេសកកម្ម។ យកចិត្តទុកដាក់រៀបចំកម្លាំង និងប្រុងប្រយ័ត្នជានិច្ចចំពោះគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងដោយការប៉ះទង្គិចរវាងក្រុមប្រដាប់អាវុធ ការវាយពួនស្ទាក់ គ្រោះធម្មជាតិ និងជំងឺឆ្លងផ្សេងៗ។
ទី៤៖ គោរពទំនៀមទំលាប់ទំនាក់ទំនងល្អជាមួយប្រទេស និងប្រជាជននៅទីតាំង ដែលកងកម្លាំងយើងបំពេញបេសកកម្ម និងជួយឧបត្ថម្ភ ចែករំលែកស្បៀងអាហារ សង្គ្រោះពិនិត្យព្យាបាលជំងឺ និងការពារប្រជាជននៅទីនោះ។ នេះគឺជាកាយវិការប្រកបដោយមនុស្សធម៌ គុណធម៌ ស័ក្តិសមជាកងយោធពលខេមរភូមិន្ទ ដែលកើតចេញពីប្រជាជន ធ្វើអ្វីៗដើម្បីប្រជាជន។
នៅក្នុងឱកាសនោះដែរ ទេសរដ្ឋមន្ត្រី បានបន្តថា មូលដ្ឋាន គ្រឹះលទ្ធិប្រជាធិបតេយ្យ គឺផ្សំឡើងដោយធាតុសំខាន់ៗ រួមមាន សន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ច ការគោរពសិទ្ធិសេរីភាពជាមូលដ្ឋាន របស់ប្រជាពលរដ្ឋ និងការបោះឆ្នោតតាមលក្ខណៈសេរីពហុបក្ស ហើយកម្ពុជា ធ្លាប់ឆ្លងកាត់ដំណាក់កាលនេះ រហូតដល់សង្គ្រាម ត្រូវបានបញ្ចប់នៅចុងឆ្នាំ១៩៩៨ តាមរយៈការអនុវត្ត ដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាពមានការអភិវឌ្ឍ និងមានសិទ្ធិសេរីភាពគ្រប់យ៉ាង ដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋបំផុតរបស់ប្រជាជនកម្ពុជា។
ទេសរដ្ឋមន្ត្រី ប៉ុល សារឿន បានបន្ថែមទៀតថា ដូច្នេះដើម្បីឱ្យសន្តិភាពនៅគង់វង្សយូរអង្វែង យើងទាំងអស់គ្នាត្រូវ ចូលរួមបង្កើនកិច្ចសហប្រតិបត្តិការទប់ស្កាត់ និងប្រឆាំងនូវព័ត៌មានក្លែងបន្លំ បំផ្លើសការពិតពីកម្ពុជា តាមរយៈការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជា ដើម្បីបន្សាបព័ត៌មានក្លែងបន្លំ បង្អួចកិត្តិយសកម្ពុជា ដែលប៉ះពាល់ដល់សន្តិសុខជាតិ។ បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាតិ គឺជាការវិនិយោគដ៏សំខាន់មួយទៅលើសន្តិភាព និងស្ថិរភាពពិភពលោក។ ក្នុងន័យនេះ ទោះបីការរក្សាសន្តិភាព ជួបប្រទះនឹងបញ្ហាប្រឈមនានា ដោយតួអង្គមិនមែនរដ្ឋ បានបង្កសង្គ្រាមឧទ្ទាមវាយ ប្រហារមកលើកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា បណ្តាលឱ្យបាត់បង់ជីវិត និងពិការជាច្រើននាក់ ក៏ប៉ុន្តែ វាពុំបានកែប្រែនូវ ការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តវិភាគទានចូលរួមចំណែកជាមួយសហគមន៍អន្តរជាតិ ក្នុងការបំពេញ បេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ៕