(ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩នេះ បានអនុញ្ញាតឲ្យ លោកស្រី Francesca Erdelman នាយិកាកម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ទេសរដ្ឋមន្រ្តី គន់ គីម បានសម្តែងការស្វាគមន៍ចំពោះ លោកស្រី Francesca Erdelman នាយិកាកម្មវិធីស្បៀងអាហារពិភពលោក (WFP) ហើយលោកក៏បានថ្លែងអំណរគុណ ចំពោះកម្មវិធីស្បៀងអាហារពិភពលោក ចាប់ពីឆ្នាំ២០០៤មកនេះ និងតែងតែផ្តល់ការឧបត្ថម្ភគាំទ្រដល់សកម្មភាពគម្រោង វេទិកាប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ សម្រាប់ផ្តល់ព័ត៌មានជាមុន ជាពិសេសបន្តភាពជាដៃគូ ក្នុងការអនុវត្តការងារគ្រប់គ្រងគ្រោះមហន្តារាយ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។

លោកស្រី Francesca Erdelman បានសម្តែងអំណរគុណដល់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាពិសេសអបអរសាទរចំពោះ ទេសរដ្ឋមន្រ្តី គន់ គីម ដែលត្រូវបានរាជរដ្ឋាភិបាលតែងតាំង ជាអនុប្រធានទី១ គ.ជ.គ.ម។

ក្នុងឱកាសនោះ លោកស្រីប្រធានអង្គការ បានជម្រាបជូនថា ការគាំទ្ររបស់ WFP បានចូលរួមចំណែក ក្នុងការកាត់បន្ថយគ្រោះមហន្តរាយ របស់ប្រជាជនកម្ពុជា ក៏ដូចជាបានធ្វើឲ្យប្រសើរឡើងស្ថានភាពសុខភាព ក៏ដូចជាយល់ដឹងពីការកាពារ ត្រៀមបម្រុងទុកជាមុនក្នុងគ្រា ដែលមានគ្រោះមហន្តរាយកើតឡើង។ លើសពីនេះទៀត លោកស្រីនាយិកាអង្គការ WFP បានស្នើសុំទេសរដ្ឋមន្រ្តី គន់ គីម បន្តការគាំទ្រលើគម្រោងផែនការសកម្មភាពប្រចាំប្រទេសកម្ពុជា របស់អង្គការ ស្បៀងអាហារពិភពលោក ២០១៩-២០២៣ ជាបន្តទៀត។

ជាការឆ្លើយតប ទេសរដ្ឋមន្ដ្រី គន់ គីម បានបញ្ជាក់ថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រៀមខ្លួនរួចជាស្រេចបន្តការគាំទ្រ និងសហការជាមួយ WFP ដើម្បីឈានទៅសម្រេចឲ្យបានការកាត់បន្ថយហានិភ័យ និងជាពិសេសធ្វើឲ្យប្រសើរឡើងនូវ កិច្ចសហប្រតិបត្តការ ពង្រឹងសមត្ថភាព កិច្ចសម្របសម្រួល លើការត្រៀមរៀបចំ និងការឆ្លើយតមទៅនឹងគ្រោះមហន្តរាយនានា៕