(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា សត្រូវទី១ ដែលធ្វើឱ្យផ្លូវឆាប់ខូចសឹករេចរិលជាងគេនោះ គឺទឹក ហើយសត្រូវដែលធ្វើឱ្យផ្លូវឆាប់ខូចបន្ទាប់ទៀត គឺឡានដែលបានដឹកទំនិញលើសទម្ងន់កំណត់នៃច្បាប់។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងដូចនេះ នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញបើកសិក្ខាសាលាស្តីពីបច្ចេកទេសជួសជុលផ្លូវថ្នល់ដោយប្រើវិធីសាស្ត្រ «Cold in Place Recycling» នៅសាលប្រជុំជាន់ទី៥ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។ ពិធីនេះក៏មានការចូលរួមពីលោកសាស្ត្រាចារ្យ KiM JENKINS សាស្រ្តាចារ្យបង្រៀនផ្នែកប្រឹក្សាពីការសាងសង់ផ្លូវ នៅសាកលវិទ្យាល័យ Stellenbosch, South Africa ដែលបានមកបង្រៀនដោយផ្ទាល់ពីបច្ចេកទេសជួសជុលផ្លូវថ្នល់ រួមទាំងមានការចូលរួមពីមន្ត្រីនៃក្រសួងសាធារណការ មន្ត្រីកងវិស្វកម្ម និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
លោកសាស្ត្រាចារ្យ KiM JENKINS បានឱ្យដឹងដែរថា ការជួសជុលផ្លូវតាមបច្ចេកទេសត្រជាក់ គឺមិនត្រូវការប្រើថាមពលច្រើននោះទេ ដោយសារតែគេអាចលាយវាក្នុងស្ថានភាពធម្មតា តិចជា៥០ដឺក្រេ ហើយកាសាងសង់ផ្លូវដោយប្រើប្រាស់បច្ចេកទេសត្រជាក់នេះ គឺវាផ្តល់ប្រយោជន៍ច្រើនណាស់ ដោយយើងប្រើរូបធាតុចាស់ធ្វើការសាង់សង់ឡើងវិញ ដើម្បីកាត់បន្ថយការចំណាយ។ ការប្រើប្រាស់បច្ចេកទេស Cold in Place Recycling គឺយើងអាចប្រើប្រាស់រូចធាតុចាស់បាន១០០ភាគរយ ដោយគ្រាន់តែបន្ថែមពពួកកៅស៊ូ តែប៉ុណ្ណោះ ហើយការប្រើប្រាស់បច្ចេកទេសត្រជាក់នេះ គឺអាចសន្សំលុយបានច្រើនពីការសាងសង់ផ្លូវផងដែរ។
នៅក្នុងពិធីនេះលោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ទឹក ជាប្រភពទី១ដែលនាំឱ្យផ្លូវឆាប់ខូច។ លោកបានណែនាំឱ្យពេលកសាងផ្លូវ ត្រូវតែមានដាក់លូឱ្យបានត្រឹមត្រូវតាមស្តង់ដារ ហើយត្រូវតែមើលចំពោះការចាក់ដីធ្វើផ្ទះរបស់ប្រជាពលរដ្ឋ ត្រូវជៀសវាងមិនឱ្យខ្ពស់ជាងផ្លូវនោះទេ ព្រោះជាហេតុធ្វើឱ្យមានការហូរទឹកមកលើដងផ្លូវ អាចធ្វើឱ្យផ្លូវឆាប់ខូច។
ក្រៅពីទឹកការដឹកលើសទម្ងន់ក៏ជាបុព្វហេតុចម្បងមួយទៀតនាំឱ្យផ្លូវឆាប់ខូចផងដែរ។ រដ្ឋមន្ត្រីក្រសួងសាធារណការ បានលើកឡើងថា រថយន្តដឹកទំនិញលើសទម្ងន់កំណត់នៃច្បាប់ងាយនឹងធ្វើឱ្យផ្លូវឆាប់ខូច បើទោះបីផ្លូវនោះធ្វើត្រឹមត្រូវទៅតាមកម្រិតស្តង់ដារក៏ដោយនោះ។
តាមរូបមន្តរបស់ធនាគារពិភពលោកទាក់ទងការដឹកទំនិញលើសទម្ងន់កំណត់នេះ បានបង្ហាញថា រថយន្តមួយគ្រឿងដឹកទំនិញលើសទម្ងន់កំណត់១០តោន ស្មើនឹងរថយន្ត១ម៉ឺនគ្រឿងបានបើកលើដងផ្លូវ ហើយបើសិនរថយន្តមួយគ្រឿងដឹកទំនិញលើសទម្ងន់កំណត់៣០តោន ស្មើនឹងរថយន្ត៨១ម៉ឺនគ្រឿងបានបើកលើដងផ្លូវ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអះអាងថា ផ្លូវកម្រិត AC ដែលធ្វើត្រឹមត្រូវតាមស្តង់ដារគុណភាព ដោយមិនមានទឹកហូរចូល និងមិនមានរថយន្តដឹកលើសទម្ងន់កំណត់នោះ ផ្លូវអាចជាប់បានរហូតដល់១៨ឆ្នាំ បើយើងធ្វើត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងជួលជុលបានទាន់ពេលវេលា។
លោករដ្ឋមន្ត្រី បានទទូចសុំដល់ក្រុមហ៊ុនដឹកជញ្ជូនមេត្តាកុំដឹកទំនិញលើសទម្ងន់កំណត់នៃច្បាប់ ដែលធ្វើឱ្យផ្លូវឆាប់ខូចរេចរឹល ធ្វើឱ្យខាតបង់ថវិកាជាតិរាប់រយលានក្នុងមួយឆ្នាំ ដើម្បីយកទៅជួសជុល និងថែទាំផ្លូវ៕