(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានចាត់ឲ្យលោកស្រី ដួង វណ្ណា តំណាងរាស្រ្តមណ្ឌលស្វាយរៀង ដឹកនាំប្រតិភូចុះសួរសុខទុក្ខអ្នករងគ្រោះថ្នាក់ចរាចរណ៍៥នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩នេះ។
ជាមួយនឹងការចុះសួរសុខទុក្ខនេះ លោកស្រី ដួង វណ្ណា ក៏បាននាំយកថវិការបស់ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រួមនឹងថវិកាសប្បុរសធម៌របស់លោកឧកញ៉ា ផែ ហុកឈួន និងលោកស្រីឧកញ៉ា អ៉ឹង ស៊ីស្រ៊ន ទៅឧបត្ថម្ភដល់ជនរងគ្រោះ ផ្ទាល់ដៃផងដែរ។
ជនរងគ្រោះដែលត្រូវបញ្ជូនមកមន្ទីរពេទ្យកាល់ម៉ែត ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដដឹកកម្មករ នៅខេត្តស្វាយរៀង ទាំង៥នាក់នោះរួមមាន៖
*ទី១៖ លោក ឆោម យ៉ា អាយុ៣២ឆ្នាំ រស់នៅភូមិស៊ីកា ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
*ទី២៖ លោកស្រី សូ សាវឿន អាយុ៣០ឆ្នាំ រស់នៅភូមិស៊ីកា ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
*ទី៣៖ លោកស្រី សយ វាសនា អាយុ៣១ឆ្នាំ រស់នៅភូមិជំរ៉ៅ ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
*ទី៤៖ លោកស្រី ភុន រចនា អាយុន៣០ឆ្នាំ រស់នៅភូមិស៊ីកា ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
*ទី៥៖ លោកស្រី សុខ នី អាយុ៣២ឆ្នាំ រស់នៅភូមិខ្នុរខាងជើង ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ការព្យាបាលនេះ មានការជួយសម្របសម្រួល និងមានកិច្ចសហការពីសំណាក់ លោកសាស្រ្តាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត រួមជាមួយគ្រូពេទ្យឯកទេស និងគ្រូពេទ្យដទៃទៀត បានជំរុញឲ្យការព្យាបាលនេះទទួលបានជោគជ័យ ក្រោមការយកចិត្តទុក្ខដាក់ខ្ពស់បំផុត។
ក្នុងនាមឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន និងជាអ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង សូមថ្លែងអំណរគុណដល់ អគ្គនាយកមន្ទីពេទ្យកាល់ម៉ែត លោកអភិបាល អភិបាលរង ខេត្តស្វាយរៀង សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ដែលបានខិតខំខ្នះខ្នែង សម្របសម្រួលក្នុងការជួយសង្គ្រោះដល់ជនរងគ្រោះបានទាន់ពេលវេលា។
លោកស្រី ក៏បានជូនពរឲ្យអ្នកជំងឺទាំងអស់ឆាប់បានជាសះស្បើយពីជំងឺ និងឆាប់បានត្រលប់ចូលបម្រើការងារជាធម្មតាវិញ។
សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ (ដឹកមាន់) និងរថយន្តដឹកកម្មករ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញនេះ បណ្តាលឲ្យរងរបួសធ្ងន់ស្រាលចំនួន៤៣នាក់ ក្នុងនោះរបួសធ្ងន់១៥នាក់ របួសស្រាល២៨នាក់៕