(ព្រៃវែង)៖ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានចេញមកបកស្រាយអំពីការលើកឡើងនូវការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ នៅភូមិ៥ ឃុំព្រែកខ្សាយ (ខ) ស្រុកពាមរក៏ ខេត្តព្រៃវែង ដោយពួកគេ បានឲ្យដឹងថា ក្រុមចោរបានចូលគាស់ផ្ទះរាល់យប់ ដើម្បីលួចយកម៉ូតូ។
ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបញ្ជាក់ថា ក្រោយពីចុះស្រាវជ្រាវមកដល់ទីតាំងកើតហេតុ នៅផ្ទះជនរងគ្រោះឈ្មោះ ពៅ ស៊ាត នៅភូមិ៥ ឃុំព្រែកខ្សាយ(ខ) ឃើញថា នៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ពិតជាមានករណីចោរកម្ម (លួចម៉ូតូបាត់មួយគ្រឿង) ពិតមែន។ ហើយសមត្ថកិច្ចបានបំពេញសំណុំរឿងតាមនីតិវិធី ដោយកំណត់មុខសញ្ញាជនសង្ស័យបានហើយ។
លើសពីនេះទៅទៀត ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានចាត់ឲ្យកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចុះល្បាតតាមបណ្ដាក្រុង/ស្រុក ដើម្បីបង្ការទប់ស្កាត់បទល្មើសផ្សេងៗ។
បើតាមស្នងការដ្ឋាន ការលើកឡើងរបស់ជនរងគ្រោះថា ក្រោយកើតហេតុបានប្ដឹងរាយការណ៍ជូនសមត្ថកិច្ចជួយអន្តរាគមន៍ ហើយ ថា សមត្ថកិច្ចថា ផុតម៉ោងរដ្ឋបាល និងឲ្យប្ដឹងវិទ្យុ ABC នោះពុំពិតឡើយ ព្រោះក្រោយពេលកើតហេតុជាងកន្លះម៉ោង ជនរងគ្រោះបានទូរស័ព្ទមកលោកមេប៉ុស្ដិ៍ ហើយលោកមេប៉ុស្ដិ៍បានដឹកនាំកម្លាំងតាមភ្លាម។ ដោយឡែក ការចុះផ្សាយថា នៅខែនេះ មានករណីចោរលួចម៉ូតូអស់ចំនួន៣គ្រឿងនោះ គឺមិនពិតទេ គឺមានតែ១គ្រឿងទេ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋនៅភូមិ៥ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៌ ខេត្តព្រៃវែង បានថ្លែងដោយព្រួយបារម្ភយ៉ាងខ្លាំងថា រយៈពេល ១ខែមកនេះ អ្នកភូមិត្រូវបានក្រុមចោរមុខដដែលៗ (មើលតាមការមេរ៉ាសុវត្ថិភាព) ចូលលួចគាស់ផ្ទះយកម៉ូតូអស់ ៣គ្រឿងទៅហើយ ធ្វើឱ្យពួកគាត់ម្នាក់ៗភ័យខ្លាច បិទភ្នែកដេកមិនលក់ទេ បើមួយយប់ៗចោរចូលផ្ទះបែបនេះ។
ប្រជាពលរដ្ឋទាំងនោះបាននិយាយបន្តថា ក្រុមចោរមុខដដែលៗ មានគ្នាតែ ២នាក់ប៉ុណ្ណោះ ដែលថតបានដោយកាមេរ៉ាសុវត្ថិភាព។ នៅដើមខែកក្កដា ពួកវាធ្វើសកម្មភាពគាស់ផ្ទះជាងបុកអណ្តូង លួចយកម៉ូតូហុងដាឌ្រីមសង់សេរីឆ្នាំ២០១៩ អស់១គ្រឿង, នៅពាក់កណ្តាលខែកក្កដា លួចនៅផ្ទះជិតគ្នានោះយកអស់ ១គ្រឿងទៀត ម៉ូតូហុងដាដូចគ្នាសេរីឆ្នាំ២០១៤ ហើយនៅវេលាម៉ោង ២យប់ ថ្ងៃទី២៧ ខែកក្កដាថ្មីៗនេះ វាលួចនៅផ្ទះអ្នកចិញ្ចឹមជ្រូក យកបានម៉ូតូហុងដាសេរី២០១៥ អស់១គ្រឿងទៀត និងចូលអូសយកម៉ូតូស្កុបពី ១គ្រឿងទៀត តែត្រូវម្ចាស់ម៉ូតូភ្ញាក់ទាន់ស្រែកចោរឡើង ទើបក្រុមចោរស្ទុះរត់ចេញយកទាំងម៉ូតូហុងដា ដែលលួចបានទៅជាមួយផងដែរ៕