(ភ្នំពេញ)៖ សំណង់សាលារៀនឯកជនមួយកន្លែង ស្ថិតនៅក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរខណ្ឌពោធិ៍សែជ័យ រកឃើញថា គ្មានច្បាប់អនុញ្ញាតត្រឹមត្រូវឡើយ និងត្រូវបានអាជ្ញាធរ ចុះផ្អាកម្ដងរួចមកហើយ កាលពី១អាទិត្យមុន និងឲ្យម្ចាស់ទៅសុំច្បាប់សិនមុន និងសាងសង់បន្ត។ ប៉ុន្តែម្ចាស់សំណង់ខាងលើ មិនព្រមស្ដាប់នៅតែបន្តការសាងសង់ទាំងអត់ច្បាប់ដដែល ទើបវេលាម៉ោង១០ព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ នេះ អាជ្ញាធរខណ្ឌ ដឹកនាំដោយលោក ប៉ាង លីដា ដែលជាអភិបាលរងខណ្ឌពោធិ៍សែនជ័យ ឃាត់ម្ដងទៀត។
នៅក្នុងពេលនោះដែរ មិនដឹងថាម្ចាស់សំណង់ខាងលើ មានខ្នងបង្អែកក្រាស់ប៉ុនណានោះទេ ទើបមានការរឹងទទឹងមិនគោរពច្បាប់ ហើយនៅពេលកម្លាំងអាជ្ញាធរ ចុះទៅធ្វើការ ក៏មិនបានចូលរួមសហការដឹងលឺនៅលើកំណត់ហេតុអ្វីទាំងអស់។ ដោយសារតែធ្លាប់ ចុះឃាត់និងណែនាំ ឲ្យសុំច្បាប់មិនព្រម ទើបនៅលើកទី២នេះ ក្រៅពីផ្អាកការសាងសង់កម្លាំងអាជ្ញាធ រ បានធ្វើការរឹបអូសដកហូតយកសម្ភារសំណង់មួយចំនួន រួមមាន៖ ស៊ីម៉ង់ត៌ចំនួន២០បាវ, ប៉ុស្តិ៍ផ្សា១ ម៉ូទ័រកាត់ដែក១ និងម៉ូទ័របុក១ យកទៅរក្សាទុកនៅសាលាខណ្ឌ ដើម្បីឲ្យម្ចាស់ចូលខ្លួន ទៅដោះស្រាយនិងសុំច្បាប់។
លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានថ្លែងថា សំណង់មួយនេះ បានដំណើការសាងសង់ដោយគ្មានច្បាប់អនុញ្ញាតឡើយ ហើយដែលកាលពី១អាទិត្យមុន កម្លាំងបានចុះទៅឃាត់ម្ដងរួចមកហើយ ដោយឲ្យម្ចាស់ទៅសុំច្បាប់សាងសង់ឲ្យបានត្រឹមត្រូវសិន ដើម្បីឲ្យអាជ្ញាធរងាយស្រួល ក្នុងការគ្រប់គ្រង។ ប៉ុន្តែគាត់មិនបានអនុវត្តតាមនោះទេ នៅតែបន្តការសាងសង់ទាំងបំពាន ម្យ៉ាងសំណង់នេះ ស្ថិតនៅតាមមហាវិថី សហព័ន្ធរុស្ស៊ី ដែលជាផ្លូវអាទិ៍ភាពមានភ្ញៀវជាតិអន្តរជាតិចេញចូលច្រើនផង ដូច្នេះដើម្បីសុវត្ថិភាពទូទៅសំខាន់ខ្លាំងណាស់ តម្រូវឲ្យសំណង់គ្រប់ប្រភេទត្រូវតែមានច្បាប់ជាចាំបាច់។
លោកអភិបាលរង បានបន្តថា បន្ទាប់ពីម្ចាស់សំណង់ខាងលើ មិនស្ដាប់ទើបពេលនេះ លោកអភិបាលខណ្ឌ ហែម ដារិទ្ធិ បានចាត់ឲ្យលោកផ្ទាល់ ដែលអភិបាលរងខណ្ឌ ដឹកនាំកម្លាំងគណៈកម្មការ ចុះទៅផ្អាកដំណើរការ សាងសង់ជាថ្មី ដោយបានធ្វើការដកហូតយកសម្ភារសំណង់ខាងលើ។ ព្រោះបើមិនពង្រឹងឲ្យមានច្បាប់ទេមិនបានឡើយ ពេលមានគ្រោះថ្នាក់អ្វីមួយកើតឡើង អាជ្ញាធរមិនបានដឹងទេ ដូចជាករណីដែកធ្លាក់ពីលើអគារ៤២ជាន់ ត្រូវរថយន្តកាលពីម្សិលមិញជាដើម។ ចំពោះសំណង់មួយនេះ អត់ពិបាកទេ មិនមាននរណាហាមឃាត់មិនឲ្យសាងសង់ឡើយ ម្ចាស់គ្រាន់តែទៅសុំច្បាប់ឲ្យបានត្រឹមត្រូវទៅ និងអាចសាងសង់បន្តទៀតបានហើយ៕