(ភ្នំពេញ)៖ ក្នុងពេលបំពេញបេសកកម្មជាឯកអគ្គរាជទូតរបស់ជប៉ុនប្រចាំនៅកម្ពុជា ចាប់ពីឆ្នាំ២០១៦-២០១៩ លោក Hidehisa HORINOUCHI បានចូលរួមជំរុញឱ្យរដ្ឋាភិបាលជប៉ុនរបស់លោក ផ្ដល់ជំនួយឥតសំណងដល់រាជរដ្ឋាភិបាលកម្ពុជាសរុបប្រមាណជាង ១៨១លានដុល្លារ និងផ្ដល់កម្ចីប្រមាណជិត ៤២២លានដុល្លារ។
ក្នុងពេលចូលជួបជម្រាបលាកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានលើកសរសើរលោកអគ្គរាជទូតជប៉ុន ដែលបានបំពេញភារកិច្ចបានយ៉ាងល្អក្នុងការពង្រឹងពង្រីកមិត្តភាព កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន។
លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា «នាអំលុងពេលបេសកកម្មជាឯកអគ្គរាជទូតនៅកម្ពុជារបស់លោក Hidehisa HORINOUCHI ចាប់ពីឆ្នាំ២០១៦-២០១៩ ជប៉ុនបានផ្ដល់ជំនួយឥតសំណងដល់កម្ពុជាសរុបប្រមាណជាង ១៨១លានដុល្លារអាមេរិក និងកម្ចីប្រមាណជិត ៤២២លានដុល្លារអាមេរិក»។
ឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ដែលបានក្លាយជាកិច្ចសហប្រតិបត្តិការយុទ្ធសាស្ដ្រ រវាងប្រទេសតាមបណ្ដោយទន្លេមេគង្គ និងជប៉ុន ដែលកម្ពុជាក៏បានទទួលជំនួយច្រើនពីជប៉ុនដែរ។
ឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីជប៉ុនទទួលសិក្ខាកាមកម្ពុជាដែលទៅធ្វើការ និងកម្មសិក្សា ហើយទទួលបានបៀរវត្តខ្ពស់។ នេះជារូបភាពនៃការបណ្ដុះបណ្ដាលធនធានមនុស្ស សម្រាប់កម្មករជំនាញ។
ឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីវិនិយោគរបស់ជប៉ុននៅកម្ពុជាកាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលសព្វថ្ងៃមានជិត ២,៥០០លានដុល្លារអាមេរិក។ ក្នុងឱកាសនេះ លោក Hidehisa HORINOUCHI បានលើកឡើងថា ក្នុងពេលបំពេញបេសកកម្មនៅកម្ពុជា លោកបានឃើញប្រទេសកម្ពុជាមានការរីកចម្រើនខ្លាំង ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
លើសពីនេះ វិនិយោគជប៉ុននៅកម្ពុជាបានកើនឡើងចំនួន ៣.៣ដង និងទំហំពាណិជ្ជកម្មបានកើនឡើងចំនួន ៣៤ភាគរយ៕