(ព្រះសីហនុ)៖ លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី និងជាប្រធានអង្គភាពប្រឆាំងនឹងអំពើពុករលួយ និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តព្រះសីហនុ រួមជាមួយលោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចូលរួមផ្សព្វផ្សាយច្បាប់ស្តីពី ការប្រឆាំងនឹងអំពើពុករលួយ នៅសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីអភិបាលរងខេត្ត អភិបាល ក្រុង ស្រុក មន្ត្រីមន្ទីរ អង្គភាពពាក់ព័ន្ធក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩។
លោក គួច ចំរើន បានលើកឡើងថា ច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពី ការប្រឆាំងអំពើពុករលួយ ដើម្បីបន្តពង្រឹងអភិបាលកិច្ចល្អ ដែលរាជរដ្ឋាភិបាល បន្តអនុវត្តកែទម្រង់ក្នុងវិស័យសំខាន់ៗរួមមាន៖ ការប្រយុទ្ធប្រឆាំងអំពើពុករលួយ ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ការកែទម្រង់រដ្ឋបាលសាធារណៈ និងការកែទម្រង់កងកម្លាំងប្រដាប់អាវុធ គឺជាការឆ្លើយតប ការធ្វើទំនើបកម្មស្ថាប័នរដ្ឋ និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន សមធម៌ និងយុត្តិធម៌ តាមរយៈការអនុវត្តសិទ្ធិអំណាចរដ្ឋ ផ្នែកនយោបាយ សេដ្ឋកិច្ច ក្នុងការដឹកនាំគ្រប់ គ្រង និងចាត់ចែងកិច្ចការរបស់ប្រទេសជាតិ ធានានិរន្តរភាព នៃតួនាទីដំណើរការរដ្ឋបាលសាធារណៈយកចិត្តទុកដាក់លើអត្ថប្រយោជន៍ជាស្នូល និងកសាងជាតិ។
ការផ្សព្វផ្សាយច្បាប់ប្រឆាំងអំពើពុករលួយ ដើម្បីបញ្ជ្រៀបការយល់ដឹងឲ្យបានកាន់តែទូលំទូលាយដល់មន្ត្រីរាជការគ្រប់លំដាប់ ថ្នាក់មានថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គ ភាពជុំវិញខេត្ត ក្នុងការចូល រួមបង្ការ ទប់ស្កាត់ ពង្រឹងគណនេយ្យភាព និងពង្រឹងសមត្ថភាពស្ថាប័ន ការគាំទ្រនឹងការចូលរួមពីសាធារណជន វិស័យឯកជន និងការពង្រឹងការអនុវត្តច្បាប់។ ក្នុងនាមរដ្ឋបាលខេត្ត ធ្វើការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបង្ការទប់ស្កាត់ ប្រយុទ្ធប្រឆាំងអំពើពុករលួយ ប្រកាន់ខ្ជាប់នូវអភិក្រមរបស់សម្ដចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យា បាល និងវះកាត់ និងបាវចនាពីរ គឺ កែទម្រង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅដោយស្មារតីឯករាជ្យ។
នៅក្នុងឱកាសនោះលោកទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងនឹងអំពើពុករលួយ បានធ្វើបឋកថាស្តីពី ច្បាប់ប្រឆាំងអំពើពុករលួយ និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តព្រះសីហនុ។ ច្បាប់ស្តីពី ការប្រឆាំងអំពីពុករលួយមាន ១០ជំពូក និងមាន ៣១មាត្រា។ ការផ្សព្វផ្សាយច្បាប់ប្រ ឆាំងអំពើពុករលួយ ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធិភាពសេវាគ្រប់បែបយ៉ាង ពង្រឹងអភិបាលកិច្ចល្អ និងនីតិរដ្ឋនៅក្នុងការដឹកនាំ និងការគ្រប់គ្រងរដ្ឋ និងរក្សាភាពស្អាតស្អំ និងយុត្តិធម៌ ដែលជាមូលដ្ឋានចាំបាច់ ក្នុងការអភិវឌ្ឍសង្គមជាតិ និងការកាត់បន្ថយភាពក្រីក្រ។
ច្បាប់នេះមានគោលដៅប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ តាមរយៈការចាត់វិធានការអប់រំ បង្ការ ទប់ស្កាត់ និងអនុវត្តច្បាប់បង្ក្រាបបទល្មើសពុករលួយដោយមានការចូល រួម និងគាំទ្រពីមហាជន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕