(ស្វាយរៀង)៖ លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង បានដាក់ចេញបទបញ្ជាដល់អធិការក្រុង ស្រុក កម្លាំងប៉ុស្តិ៍ នគរបាល រដ្ឋបាលទាំងអស់ ត្រូវចុះផ្សព្វផ្សាយណែនាំដល់ម្ចាស់រថយន្ត និងអ្នកបើកបររថយន្តដឹកកម្មករទាំងអស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ធ្វើយ៉ាងណាដើម្បីកាត់បន្ថយគ្រោះចរាចរណ៍ដែលកើតឡើងជាយថាហេតុ។
លោកឧត្តមសេនីយ៍ កឹង ឃន បានថ្លែងថា ដោយមានការណែនាំជាប្រចាំពីលោក ម៉ែន វិបុល អភិបាលខេត្ត, លោកបានដឹកនាំមន្រ្តីនគរបាលចុះផ្សព្វផ្សាយ អប់រំច្បាប់ចរាចរណ៍ដល់ម្ចាស់ រថយន្តដឹកកម្មករ ហើយបានដាក់បទបញ្ជាក់ឲ្យកម្លាំងធ្វើជាប្រចាំ ជាក់ស្តែងនៅថ្ងៃនេះ បានដាក់ផែនការមួយចំនួនទៀត ដើម្បីឲ្យកម្លាំងសមត្ថកិច្ចនគរបាលនៅមូលដ្ឋាន អនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
សូមបញ្ជាក់ថា យុទ្ធនាការរបស់នគរបាលខាងលើនេះ បានធ្វើឡើងក្រោយពីមានគ្រោះថ្នាក់ចរាចរណ៍២ថ្ងៃជាប់គ្នាតែម្តង នៅស្រុកស្វាយទាប និងក្រុងស្វាយរៀង បណ្តាលឲ្យស្លាប់មនុស្ស២នាក់ និងរបួសធ្ងន់ស្រាលជាង៧០នាក់។ ករណីទី១ កើតឡើងដោយរថយន្តដឹកកម្មករក្រឡាប់ខ្លួនឯងបណ្តាលឲ្យស្លាប់២នាក់ និងរបួស៣១នាក់ និងករណីទី២ រថយន្តដឹកកម្មករបានបុកជាមួយរថយន្ត មួយគ្រឿងបណ្តាលរងរបួស៤៣នាក់។
ពេលចុះផ្សព្វផ្សាយដល់អ្នកបើករថយន្តទាំងនោះ មន្រ្តីនគរបាលបានដាក់ចេញនូវវិធានការមួយចំនួនរួមមាន៖
*ទី១៖ ធ្វើកិច្ចសន្យាជាមួយម្ចាស់ និងអ្នកបើកបររថយន្តដឹកកម្មករ ត្រូវរៀបចំឲ្យមានកៅអីសម្រាប់កម្មករអង្គុយ
*ទី២៖ ណែនាំអ្នកបើកបររថយន្តទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា
*ទី៣៖ បើកបរត្រូវចេះយោគយល់គ្នា អធ្យាស្រ័យគ្នា បើកបរតាមល្បឿនដែលច្បាប់បានកំណត់
*ទី៤៖ ពិនិត្យផ្ទៀងផ្ទាត់ប័ណ្ណបើកបរ
*ទី៥៖ ត្រូវយករថយន្តមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសឲ្យបានញឹកញាប់នៅតាមអធិការដ្ឋាន។
លោកឧត្តមសេនីយ៍ទោ កឹង ឃន បានបញ្ជាក់ទៀតថា ជាលទ្ធផលចាប់ពីរសៀលថ្ងៃទី៣១ ខែកក្កដា ដល់ព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩នេះ សមត្ថកិច្ចបានធ្វើការអប់រំ និងបានធ្វើកិច្ចសន្យាជាមួយ អ្នកបើកបររថយន្តដឹកកម្មករបាន៖ ក្រុងបាវិតបាន៣៩គ្រឿង, ក្រុងស្វាយរៀងបាន២៦គ្រឿង, ស្រុកចន្ទ្រាបាន៣០ លើ៥១គ្រឿង, ស្រុកស្វាយទាបបាន១១៦គ្រឿង, ស្រុកកំពង់រោទិ៍បាន១០៨គ្រឿង, ស្រុករំដួល ៦៩លើ ៨១គ្រឿង, ស្រុកស្វាយជ្រំបាន៩២គ្រឿង, ស្រុករមាសហែក៥គ្រឿង។
សរុបទាំង ៨ក្រុង-ស្រុក មានរថយន្តដឹកកម្មករចំនួន៥១៨គ្រឿង បានអប់រំ ណែនាំ និងផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ និងកិច្ចសន្យាចំពោះតៃកុងឡាន៤៩២នាក់ (ស្មើនឹង៤៩២គ្រឿង) នៅសល់៣៣ នាក់ (ស្មើនឹង៣៣គ្រឿង) មូលហេតុដឹកកម្មករធ្វើការរវេនយប់៕