(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានថ្លែងគូសបញ្ជាក់យ៉ាងច្បាស់ៗថា សំណើសុំការទម្លាក់ចោលការចោទប្រកាន់ទៅលើ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ គឺមិនអាចទៅរួចនោះឡើយ ហើយក៏មិនអាចមកបញ្ជាមកមកលើរាជរដ្ឋាភិបាល ក្នុងនាមជារដ្ឋអធិបតេយ្យមួយនោះបានទេ។

នៅក្នុងសន្និសីទព័ត៌មានស្តីពីអំពី «សមិទ្ធផល១ឆ្នាំ ក្រោយការបោះឆ្នោត» ដែលធ្វើឡើងនៅសាលប្រជុំនៃទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា រាជរដ្ឋាភិបាលមិនមានសិទ្ធិអ្វីដើម្បីអន្តរាគមន៍ទៅស្ថាប័នតុលាការ ដែលជាស្ថាប័នឯករាជ្យ ហើយប្រសិនបើអន្តរាគមន៍នោះកម្ពុជាក៏មិនមែនជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ និងមាននីតិរដ្ឋនោះឡើយ។

ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ខាងលើនេះ បានធ្វើឡើងជាការឆ្លើយតបនឹងសំណួរបស់អ្នកកាសែត និងបន្ទាប់ពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានប្រកាសតាមបណ្តាញសង្គម Facebook ដោយលើកឡើងអំពីអតីតគណបក្សប្រឆាំង ដែលត្រូវរំលាយចោលដោយតុលាការ ពាក់ព័ន្ធនឹងករណីក្បត់ជាតិ ហើយជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ស្តារលទ្ធិប្រជាធិបតេយ្យ រួមទាំងធ្វើការទម្លាក់បទចោទប្រកាន់ទាំងឡាយប្រឆាំងលោក កឹម សុខា។

ឆ្លើយតបសំណើទូតអាមេរិកទម្លាក់បទចោទលើលោក កឹម សុខា, លោក ជិន ម៉ាលីន ថា «រដ្ឋអធិបតេយ្យ គ្មាននរណាអាចមកបង្គាប់បញ្ជាបានឡើយ ហើយគ្មានឥទ្ធិពលអ្វីមកលើកម្ពុជា»

សូមបញ្ជាក់ថា បន្ទាប់ពីស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជា បានសរសេរវាយតម្លៃអំពីការបោះឆ្នោតនៅកម្ពុជា រយៈពេល១ឆ្នាំមកនេះ ដោយមិនត្រឹមត្រូវនោះ ប្រជាពលរដ្ឋខ្មែរអ្នកលេង Facebook ជាច្រើននាក់ បាននាំគ្នាចូលទៅរិះគន់យ៉ាងខ្លាំងៗលើស្ថានទូតអាមេរិក នៅលើទំព័រ Facebook ដោយម្នាក់ៗចាត់ទុកថា ជារឿងអយុត្តិធម៌ និងចង់ឲ្យប្រទេសកម្ពុជា មានសង្គ្រាមឡើងវិញ៕