(ភ្នំពេញ)៖ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានបន្តដឹកនាំកម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់ កាត់ស្លាកយីហោដែលធ្វើលើចំណីផ្លូវសាធារណៈ ក្រោយពេលដែលអាជ្ញាធរជូនដំណឹង និងប្រកាសជាសាធារណៈជាច្រើនលើកច្រើនសារមកហើយនោះ តែអាជីវករមិនបានស្តាប់តាមការណែនាំទេ។
អាជ្ញាធរបានប្រើរវិធានការក្តៅចុះកាត់ ស្លាកយីហោ ប៉ាន់ណូ និងរុះរើសំណង់រឹងមាំផ្សេងទៀតផងដែរ ដែលធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈយ៉ាងច្រើននៅលើចិញ្ចើមផ្លូវ។ មិនតែប៉ុណ្ណោះផ្លូវ២០១១ ដែលអាជ្ញាធរចុះធ្វើនៅពេលនេះ នៅថ្ងៃមុខនឹងត្រូវពង្រីងបន្ថែមទៀតផងដែរ។
ការរៀបចំសណ្ដាប់ធ្នាប់នេះ បានធ្វើឡើងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩នេះ តាមបណ្ដោយផ្លូវ២០១១ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មកទល់និងព្រុំប្រទល់ខណ្ឌសែនសុខ និងពោធិ៍សែនជ័យ។
លោក ប៉ាង លីដា បានឲ្យដឹងថា ការចុះរៀបចំសណ្ដាប់ធ្នាប់នៅថ្ងៃនេះ ក្រុមកាងារបានកាត់ស្លាកយីហោ ដែលដាក់ដាំលើចំណីផ្លូវសាធារណៈ ឬសំណង់ផ្សេងៗ ដែលបានរំលោភយកផ្លូវ ដែលសង់ខុសបច្ចេកទេស ធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈនៅផ្លូវ២០១១នេះ និងដើម្បីត្រៀមពង្រីកផ្លូវនេះនៅថ្ងៃខាងមុខទៀតផង។
លោកអភិបាលរងខណ្ឌ បានបន្តទៀតថា «ការដឹកនាំកម្លាំងចុះប្រតិបត្តិការនៅពេលនេះ យើងធ្វើការកាត់ស្លាក និងវាយកម្ទេចសំណង់រឹងមាំមួយខាងផ្លូវសិន នៅថ្ងៃស្អែកយើងនឹងបន្តចុះប្រតិបត្តិការ មួយខាងទៀត។ ដើម្បីរំដោះចិញ្ចើមផ្លូវពីការសង់ស្លាកយីហោរំលោភ សំណង់សង់រឹងមាំ ប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងរៀបចំសណ្ដាប់ធ្នាប់នៅលើដងផ្លូវមួយនេះ និងកន្លែងផ្សេងនៅក្នុងមូលដ្ឋានឲ្យមានប្រសិទ្ធភាពខ្ពស់»។
លោក ប៉ាង លីដា បានថ្លែងទទូចថា «ខ្ញុំសំណូមពរទៅកាន់ប្រជាពលរដ្ឋ និងអាជីវករម្ចាស់ហាងនានាសូមមេត្តាកុំសង់ស្លាក យីហោ ឬធ្វើសំណង់រឹងមាំរំលោភយកចិញ្ចើម ផ្លូវសាធារណៈបែបនេះបន្តទៀតដើម្បី ចៀសវាងផលប៉ះពាល់ និងរក្សាររបៀបរៀបរយបានល្អ នៅក្នុងទីក្រុងរបស់យើង»៕