(តាកែវ)៖ មន្ដ្រីនគរបាលចំនួន២៣២នាក់ នៃស្នងការដ្ឋាននគរបាលខេត្ដតាកែវ ត្រូវបានបំពាក់ឋានន្ដរស័ក្ដិ ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ រួមមាន ផ្ទេរភារកិច្ចចំនួន៣៤នាក់ និងបំពាក់ឋានន្ដរស័ក្ដិ១៩៨នាក់។
ពីធីប្រកាសផ្ទេរភារកិច្ច និងបំពាក់ឋានន្ដរស័ក្ដិនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ឧត្ដមសេនីយ៍ ឯក ហាវ ចាន់ សិទ្ធី អនុប្រធាន នាយក ដ្ឋាន បុគ្គលិក តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ និង លោក ខាន់ សុខា អភិបាលរងខេត្តតាកែវ និងមានការចូលរួមពី លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
ថ្លែងក្នុងឱកាសនោះ លោក ឧត្ដមសេនីយ៍ ឯក ហាវ ចាន់ សិទ្ធី អនុប្រធាន នាយក ដ្ឋាន បុគ្គលិក បានកោតសរសើរយ៉ាងជ្រាលជ្រៅបំផុត ដល់កងកម្លាំងនគរបាលជាតិ គ្រប់បណ្តាអង្គភាពជំនាញចំណុះ នាយកដ្ឋានកណ្តាលនគរបាលព្រំដែនទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្តអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវគោលការណ៍ បទបញ្ជា ណែ នាំរបស់រាជរដ្ឋាភិបាល របស់ក្រសួងមហារផ្ទៃ ពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានប្រគល់ជូនក្នុងការថែររក្សា សន្តិសុខ សណ្តាប់ធ្នាប់សារធារណៈ ជូនប្រទេសជាតិ និងប្រជាពលរដ្ឋ នាឆ្នាំកន្លងមកបានល្អប្រសើរ។
បន្ថែមពីនេះ លោក ហាវ ចាន់សិទ្ធី ក្នុងនាមតំណាងឲ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក៏បានលើកឡើងអំពីសភាពការណ៍នយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម និងការវិវត្ដន៍ថ្មីរបស់ប្រទេសជាតិពេលបច្ចុប្បន្ន។
ជាមួយគ្នានេះ លោក ខាន់ សុខា អភិបាលរងខេត្តតាកែវ ក៏បានជំរុញឲ្យនាយនគរបាល នាយនគរបាលរង ដែលទើបបំពាក់ឋានន្ដរស័ក្ដិ ប្រកាសមុខតំណែង ត្រូវបង្កើនសមត្ថភាពជំនាញអនុវត្តឲ្យបានម៉ឺងម៉ាត់ នូវតួនាទី ភារកិច្ចរបស់ខ្លួន ការពារជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព បង្ក្រាប ទប់ស្កាត់រាល់បទល្មើសខុសច្បាប់គ្រប់ប្រភេទ ដែលកើតមានក្នុងមូលដ្ឋាន រួមចំណែកកសាងប្រទេសជាតិ ដើម្បីលើកស្ទូយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត៕