(ភ្នំពេញ)៖ នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត លោកសាស្ត្រាចារ្យ ងី ម៉េង បានសម្រេចបញ្ឈប់ការងារទន្តបណ្ឌិតម្នាក់ រយៈពេល៦ខែដោយពុំមានប្រាក់ឧបត្ថម្ភសេវា បន្ទាប់ពីទន្តបណ្ឌិតរូបនេះយកលុយក្រៅសេវាពីអ្នកជំងឺ។

ក្នុងលិខិតបង្គាប់ការដែល Fresh News ទទួលបាននៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ លោក ងី ម៉េង បានអះអាងថា ទង្វើរបស់ទន្តបណ្ឌិតរូបនេះ គឺផ្ទុយនឹងបទបញ្ជាផ្ទៃក្នុងរបស់មន្ទីរពេទ្យ និងក្រមសីលធម៌វិជ្ជាជីវៈ ក៏ដូចជាធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការផ្តល់សេវាជូនអ្នកជំងឺ។

ក្នុងលិខិតបង្គាប់ការនេះ លោក ងី ម៉េង ក៏បានបង្គាប់ឱ្យទន្តបណ្ឌិតរូបនេះមកបម្រើការងារនៅការិយាល័យរដ្ឋបាលរៀងរាល់ម៉ោងធ្វើការ ដើម្បីកែប្រែកំហុសឆ្គង និងរង់ចាំសេចក្តីសម្រេចជាថ្មី៕