(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំកិច្ចប្រជុំមួយ ក្រោមអធិបតីភាពលោក សុខ ពុទ្ធិវុធ ប្រធានក្រុមប្រឹក្សាភិបាល ដើម្បីពិគ្រោះយោបល់លើការរៀបចំ កម្មវិធីមហាសន្និបាត និងការបោះឆ្នោតសហព័ន្ធ ស្រូវអង្ករកម្ពុជា អាណត្តិទី៣ នាពេលឆាប់ៗខាងមុខនេះ។ កិច្ចប្រជុំនេះ បានរៀបចំធ្វើឡើង នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩។
បន្ទាប់ពីបានពិភាក្សាគ្នា យ៉ាងផុសផុករួចមក អង្គប្រជុំបានសម្រេចលើការកែសម្រួល រចនាសម្ព័ន្ធស្រូវអង្ករកម្ពុជាថ្មី សម្រាប់អាណត្តិទី៣ និងនីតិវិធីបោះឆ្នោតសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៣ ដោយទទួលបានការឯកភាព១០០%។
នៅរសៀលថ្ងៃដដែល សហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំកម្មវិធីពិគ្រោះយោបល់ ជាមួយសមាជិកសមាជិកា និងចាស់ព្រឹទ្ធាចារ្យដែលមានបទពិសោធន៍ ក្នុងវិស័យស្រូវអង្ករកម្ពុជា លើរចនាសម្ព័ន្ធថ្មី និងនីតិវិធីការបោះឆ្នោតសហព័ន្ធស្រូវអង្ករ កម្ពុជាអាណត្តិទី៣។
ជាលទ្ធផល អង្គពិធីទាំងមូលមានការចូលរួមមតិយោបល់យ៉ាងផុសផុល និងបានឯកភាពគ្នាទាំងស្រុង លើរចនាសម្ព័ន្ធថ្មីដែលបានស្នើឡើងដោយក្រុមប្រឹក្សាភិបាល និងមានការឯកភាពគ្នាលើការបង្រួបបង្រួម តាមរយៈគោលការណ៍សម្លេងតែមួយ ដោយសមាជិកសហព័ន្ធ ត្រូវប្រកាន់ភ្ជាប់នូវសាមគ្គីភាព ដើម្បីបន្តអនុវត្តការងារជួយដល់វិស័យស្រូវអង្ករកម្ពុជាទាំងមូល ក្នុងអាណត្តិទី៣ខាងមុខនេះ។
លោក សុខ ពុទ្ធិវុធ បានសំណេះសំណាល ជាមួយបេក្ខភាពឈរឈ្មោះក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៣ និងបានឯកភាពគ្នា លើគោលការណ៍សម្លេងតែមួយ ហើយលោកប្រធានបានផ្តល់អនុសាសន៍ និងគោលការណ៍រួមគ្នាសម្លេងតែមួយ ដើម្បីឲ្យដំណើរការសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៣ បន្តទៅមុខប្រកដោយនិរន្តរភាព និងអាចប្រកួតប្រជែងជាមួយអន្តរជាតិ ដោយជៀសវាងការប្រកួតប្រជែងគ្នា ក្នុងស្រុក។
អង្គប្រជុំ និងកម្មវិធីពិគ្រោះយោបល់ បានប្រព្រឹត្តទៅប្រកបដោយលទ្ធផលល្អ និងមានការសាទរយ៉ាងខ្លាំង ពីសមាជិកសមាជិកាទាំងអស់លើរចនសម័្ពន្ធថ្មី និងសមិទ្ធផលការងារកន្លងមករបស់សហព័ន្ធ ប្រកបដោយភាពស្និទ្ធស្នាលក្រៃលែង៕