(ភ្នំពេញ)៖ សាជីវកម្មសេដ្ឋកិច្ចឌីជីថលម៉ាឡេស៉ី ឬត្រូវបានគេស្គាល់ថា ជាភ្នាក់ងាររដ្ឋាភិបាលម៉ាឡេស៉ី (MDEC) បានយកប្រទេសកម្ពុជា ធ្វើជាទីតាំងពង្រីកទីផ្សារបច្ចេកវិទ្យាព័ត៌មាន នៅក្នុងប្រទេសទន្លេមេគង្គ មានដូចជា កម្ពុជា វៀតណាម ថៃ ឡាវ និងមីយ៉ាន់ម៉ា។
ការបញ្ជាក់នេះ ត្រូវបានបង្ហាញឡើងនៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ នៅស្ថានទូតម៉ាឡេស៉ី ប្រចាំរាជធានីភ្នំពេញ ក្នុងឱកាសដែលក្រុមហ៊ុនបច្ចេកវិទ្យា ចំនួន៤របស់ប្រទេសម៉ាឡេស៉ី បានចុះហត្ថលេខាធ្វើជាដៃគូ ជាមួយក្រុមហ៊ុន IG Tech Group ដែលជាក្រុមហ៊ុនផ្ដល់សេវាអាជីវកម្ម និងអាជីវកម្ម ឯកទេសខាងដំណោះស្រាយព័ត៌មានវិទ្យា។
ក្រុមហ៊ុនទាំងនោះរួមមាន AETINS ក្រុមហ៊ុន NetAssist ក្រុមហ៊ុន TESS International និងក្រុមហ៊ុន CALMS Technologies ដែលជាបណ្តាញរបស់ Global Acceleration and Innovation Network (GAIN) ស្ថិតនៅក្រោមសាជីវកម្មសេដ្ឋកិច្ចឌីជីថលម៉ាឡេស៉ី (MDEC) ដែលប្រតិបត្តិការយ៉ាងសកម្ម នៅក្នុងទីផ្សារបរទេសជាច្រើន។
លោក Gopi Ganesalingam អនុប្រធានផ្នែកអភិវឌ្ឍន៍ សហគ្រាសរបស់ MDEC បានថ្លែងថា ក្រុមហ៊ុនទាំង៤ របស់ប្រទេសម៉ាឡេស៉ី ដែលចាប់ដៃសហការជាមួយ IG Tech កំពុងធ្វើការងារលើការធានារ៉ាប់រង ធនាគារ ការអប់រំ និងការការពារសុវត្ថិភាព។ បច្ចេកវិទ្យាទាំង៤នោះ ត្រូវបានបានចាប់ផ្តើមរួចហើយ ដោយបម្រើសេវាកម្មនៅប្រទេសខ្មែរ និងឡាវ ហើយឥឡូវកំពុងតែព្យាយាមពង្រីក ទៅមីយ៉ាន់ម៉ា ថៃ និងវៀតណាមផងដែរ។
លោកបន្តថា «MDEC ជាភ្នាក់ងាររដ្ឋាភិបាលរបស់ម៉ាឡេស៉ី ដែលគាត់ព្យាយាមផ្គូរផ្គង និងចាប់ផ្តើមបង្កើតលោកមានដៃគូសហការ រវាងក្រុមហ៊ុនម៉ាឡេស៉ី និងកម្ពុជា។ គាត់ជ្រើសរើសយក IG Tech Group ដោយសារតែក្រុមហ៊ុននេះ មានសមត្ថភាពក្នុងការធ្វើការងារអស់ហ្នឹង»។ លោកថា «យកប្រទេសកម្ពុជា ធ្វើជាទីស្នាក់ការកណ្តាល (Headquarter) ដើម្បីអភិវឌ្ឍន៍រួមគ្នា (Co-creation) និងពាំនាំទៅប្រទេសមេគង្គ ហើយអាចឈានទៅដល់ Asean នៅថ្ងៃក្រោយទៀតផង»។
លោក Gopi Ganesalingam បានថ្លែងបន្តថា ការចាប់ដៃរវាងម៉ាឡេស៉ី និងខ្មែរ រវាង (MDEC និង IG Tech) គេនឹងបង្កើតមជ្ឈមណ្ឌលឧត្តមភាព (Centre Excellent)។ បានន័យថា គេមានអ្នកអភិវឌ្ឍន៍ អ្នកកាន់កម្មវិធីពីខាង IG មួយចំនួន និងពីខាង MDEC មួយចំនួនដាក់ចូលគ្នា ដែលនឹងចាប់ផ្តើមសម្ពោធ មជ្ឈមណ្ឌលឧត្តមភាព នៅក្នុងកញ្ញាខាងមុខនេះ។
«IG មានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្តល់ជាយោបល់ ក៏ដូចជាសិក្សាលម្អិត ថាតើខាងធនាគារ ខាងអ្នកចែកចាយសេវាកម្ម ការផ្ទេរលុយអេឡិចត្រូចនិច គាត់ត្រូវការយ៉ាងម៉េច ដើម្បីពង្រីកសក្តានុពល ការប្រកួតប្រជែងយ៉ាងម៉េច យើងអាចផ្តល់ជាយោបល់ ដោះស្រាយបញ្ហាអេឡិចត្រូចនិចបែបណា»។ នេះជាការបញ្ជាក់បន្ថែមពី អនុប្រធានផ្នែកអភិវឌ្ឍន៍ សហគ្រាសរបស់ MDEC។
លោក គីម ពុទ្ធគិរី ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន IG Tech បានរំពឹងថា បន្ទាប់ពីចាប់ដៃគ្នានេះ នឹងមានសក្តានុពលទីផ្សារកាន់តែធំជាងមុន ទាំងនៅប្រទេសកម្ពុជា និងប្រទេសក្នុងទន្លេមេគង្គ។ លោកបន្ថែមថា ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅកម្ពុជា ដើម្បីពាំនាំបច្ចេកវិទ្យា ទៅប្រទេសមេគង្គតែម្តង។
លោកបញ្ជាក់ទៀតថា «យើងបានលក់ដំណោះស្រាយនេះជាង ២ឆ្នាំមកហើយ។ មកដល់ថ្ងៃនេះយើងចាប់ដៃគ្នារៀបការជាមួយគ្នា ក្នុងន័យមួយផ្លាស់ប្តូរ Source Code ពីខាងម៉ាឡេស៉ី មកលោកស្រុកខ្មែរយើង។ ខ្មែរយើងនឹងសិក្សារឿង Source Code ដើម្បីស្រាវជ្រាវ និងអភិវឌ្ឍន៍បន្ថែម ដើម្បីពាំនាំទៅដល់ទីផ្សារនៅតំបន់មេគង្គ»។
ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតម៉ាឡេស៉ីប្រចាំរាជធានីភ្នំពេញ លោក Eldeen Hasaaini bin Mohd Hashim បានគូសបញ្ជាក់ថា ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើង ស្របគ្នានឹងគំនិតផ្ដួចផ្ដើម របស់រដ្ឋាភិបាលនៃប្រទេសទាំង២ ដោយរដ្ឋាភិបាលម៉ាឡេស៉ី ជំរុញក្នុងការជួយដល់ការ ពង្រីកក្រុមហ៊ុនរបស់ខ្លួន ខណៈការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការកែលម្អអេកូស៉ីស្ដែមព័ត៌មានវិទ្យា និងទូរគមនាគមន៍របស់ខ្លួន ក្នុងការតាមលោកទាន់កំណើនផលិតផល ក្នុងស្រុកសរុប (GDP) ដ៏រឹងមាំ។
លោកបានអបអរសាទរ ចំពោះក្រុមហ៊ុនម៉ាឡេស៉ី និងក្រុមហ៊ុន IG Tech ដែលបានចាប់ដៃគ្នា នាំយកបច្ចេកវិទ្យា មកពង្រីកនៅក្នុងប្រទេសទន្លេងមេគង្គ ដើម្បីលោកទីផ្សារបច្ចេកវិទ្យា កាន់តែមានភាពទូលំទូលាយ។ លោកក៏បានសង្ឈឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលម៉ាឡេស៉ី កាន់តែរីកចម្រើនផងដែរ៕