(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ បានលើកទឹកចិត្តដល់ ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ដែលកំពុងបម្រើការងារនៅតាមគ្រឹះស្ថាន សហគ្រាស ឬធនាគារ ត្រូវរាយការណ៍រាល់បទល្មើសដែលកើតឡើង ពិសេសបទល្មើសគ្រឿងញៀន ក្នុងភូមិសាស្ដ្រដែលខ្លួនកាន់កាប់ ជូនសមត្ថកិច្ចមូលដ្ឋានឲ្យបានទាន់ពេលវេលា ដើម្បីមានវិធានបន្ទាន់ភ្លាមៗ នៅពេលមានហេតុការណ៍កើតឡើង។
ក្នុងពិធីបិទវគ្គបំប៉ន់ជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី១៩ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី តំណាងលោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលសន្ដិសុខ បានគូសបញ្ជាក់ថា ភ្នាក់ងារសន្តិសុខឯកជន ពុំមែនមានតួរនាទី ត្រឹមតែជាអ្នកការពារទ្រព្យសម្បត្តិឯកជន ឬសហគ្រាស គ្រឹះស្ថានឯកជនប៉ុណ្ណោះទេ តែក៏មានកាតព្វកិច្ចចូលរួមការពារទ្រព្យសម្បត្តិ សាធារណសន្តិសុខសង្គម និងអាយុជីវិតរបស់ប្រជាពលរដ្ឋផងដែរ ជាពិសេស មានតួនាទីជា កម្លាំងជំនួយដ៏សំខាន់ដល់អាជ្ញាធរមានសមត្ថកិច្ច។
លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានឲ្យដឹងថា ភ្នាក់ងារសន្ដិសុខឯក មានតួនាទីជួយចាប់ ជួយឃាត់ ជនល្មើសដែលបានប្រព្រឹត្តអំពើល្មើសផ្សេងៗ នៅតាមគោលដៅដែលខ្លួនកំពុងឈរជើង ប៉ុន្ដែភ្នាក់ងារសន្ដិសុខឯកជន ត្រូវចងចាំថា ខ្លួនមិនមែនជានគរបាលយុត្តិធម៌នោះទេ ពោលរាល់សិទ្ធិ និងតួនាទីរបស់ភ្នាក់ងារសន្ដិសុខឯកជន ត្រូវស្ថិតក្រោមការគ្រប់គ្រងដោយច្បាប់ជាធរមាន។
លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានលើកឡើងទៀតថា ដើម្បីឲ្យភ្នាក់ងារសន្តិសុខឯកជន ពោរពេញទៅដោយសមត្ថភាពពេញលេញ អគ្គស្នងការដ្ឋាននគរបាលជាតិ បាននិងកំពុងខិតខំធ្វើយ៉ាងណា ឲ្យភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ត្រូវតែមានសមត្ថភាព ចំណេះដឹង វិជ្ជាជីវៈ ក្រមសីលធម៌ ដើម្បីលើកកម្ពស់ ដល់វិស័យនេះឲ្យមានភាពរីកចម្រើនជាបន្តបន្ទាប់។
បើតាមលោកឧត្តមសេនីយ៍ លឹម សុខារស្មី, អគ្គស្នងការដ្ឋាននគរបាលជាតិ បានចាត់ទុកថា វិស័យសន្តិសុខឯកជន ក៏ជាវិស័យដ៏សំខាន់មួយ ដែលត្រូវចូលរួមចំណែកយ៉ាងសកម្ម ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ក៏ដូចជាការពារផលប្រយោជន៍ជាតិ និងការអភិវឌ្ឍប្រទេសជាតិ ព្រោះភ្នាក់ងារសន្តិសុខ ជាកម្លាំងជំនួយក្នុងការជួយឃាត់ជនល្មើស ត្រូវរាយការណ៍ភ្លាមដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីប្រគល់ជននោះឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់។
ប្រធាននាយកដ្ឋានរូបនេះ សង្ឃឹមជឿជាក់ថា សិក្ខាកាមទាំងអស់ដែលបានរៀនសូត្រ និងក្រេបយកចំណេះដឹង បានច្រើនអំពីពួកគាត់ទៅតាមប្រធានបទនីមួយៗ ហើយប្រធានបទទាំងអស់នោះ គឺសុទ្ធតែមានសារសំខាន់បំផុតក្នុងការអនុវត្តប្រចាំថ្ងៃ ដូចជាវិធីសាស្ត្រការពារគោលដៅ ការការពារ និងថែរក្សាសុវត្ថិភាព នៅកន្លែងកើតហេតុ និងការយល់ដឹងអំពីក្រមនីតិវិធីព្រហ្មទណ្ឌ និងប្រភេទនៃបទល្មើស ជាដើម ។
រយៈពេល០២ថ្ងៃនេះ លោកជឿជាក់ថា សិក្ខាកាមទាំងអស់បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ អស់កម្លាំងកាយចិត្ត ហើយទទួលបានចំណេះដឹងជាច្រើន ដើម្បីយកទៅបំពេញតួនាទីរបស់ខ្លួនបម្រើផលប្រយោជន៍សង្គមជាតិក្នុងផ្លូវវិជ្ជមាន ឲ្យបានសមស្របតាមក្រមសីលធម៌វិជ្ជាជីវៈរបស់សន្តិសុខឯកជន និងអនុលោមទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
លើសពីនេះ លោកឧត្តមសេនីយ៍ លឹម សុខារស្មី បានលើកទឹកចិត្តឲ្យភ្នាក់ងារសន្ដិសុខឯកជន យកចំណេះដឹងដែលទទួលបានពេលនេះ ទៅផ្សព្វផ្សាយ និងចែករំលែកបន្តឲ្យបានយល់អំពីសារៈសំខាន់ នៃការថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ សន្តិសុខសង្គម ដើម្បីចូលរួមចំណែកអនុវត្តគោលនយោបាយ
ភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល៕