(បាត់ដំបង)៖ ក្រុមអាជីវករលក់ដូរ នៅក្នុងផ្សារស្រុកសង្កែ ខេត្តបាត់ដំបង នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ បានស្តែងនូវក្តីអំណរគុណ ដល់លោក កុល វីរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកសង្កែ ដែលបានដឹកនាំកក្រុមការងារ ជួយដោះស្រាយបញ្ហា និងកង្វល់របស់អាជីវករផ្សារឱ្យទទួលបានជោគជ័យនាពេលកន្លងមក។
យោងតាមវេទិការសាធារណៈថ្នាក់ស្រុក ដើម្បីក្តាប់សភាពការណ៍បញ្ហា និងសំណូមពរ របស់ប្រជាពលរដ្ឋ ស្តីពីដំណោះស្រាយបញ្ហាផ្សេងៗ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩កន្លងមក និងដើម្បីដោះស្រាយបញ្ចប់បញ្ហា កង្វល់របស់អាជីវករផ្សារជាមួយអាជ្ញាធរស្រុក ឃុំកន្លងមក និងបន្តធ្វើការដោះស្រាយ ជាក់ស្តែងនៅរសៀលថ្ងៃទី៣១ ខែកក្កដានេះ អាជីវករម្នាក់ៗ បានឡើងបញ្ចេញមតិ និងសំណូមពររបស់ខ្លួន ដល់លោកប្រធានក្រុមការងារថ្នាក់ជាតិចុះ ជួយស្រុកជួយដោះស្រាយរាល់បញ្ហាទាំងអស់។
ដើម្បីចូលរួមអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែប្រសើឡើងលើគ្រប់វិស័យ និងយោងភាពចាំបាច់របស់យើងទាំងអស់គ្នា រដ្ឋបាលស្រុក និងឯកភាពគ្នា ត្រូវបានកែសម្រួលជួសជុលផ្សារ ឱ្យមានសោភ័នភាពល្អប្រសើជាងមុននោះ ទើបមានការពិភាក្សា និងឯកភាពគ្នា អភិវឌ្ឍន៍ផ្សារកុំឱ្យលិចទឹក មានផ្លូវដើរល្អ ដំបូលល្អ ប្រកបដោយសុវត្តិភាពល្អជាងមុន។
បន្ទាប់ពីបានពិភាក្សាគ្នារវាងអាជីវករ អាជ្ញធរស្រុក និងប្រធានក្រុមការងារថ្នាក់ជាតិរួចមក ភាគីរដ្ឋបាលស្រុកសង្កែ បានសន្យាជួយចាក់ដីបាតក្រោមផ្សារ និងចាក់សាបខាងលើទាំងស្រុង ដើម្បីកែសោភ័ណភាព អភិវឌ្ឍន៍ផ្សារឱ្យល្អជូនអាជីវករទាំងអស់ ក្នុងផ្សារបានស្អាតជាងមុន។
នៅក្នុងឱកាសនោះដែរ លោក កុល វីរក្ស សូមថ្លែងអំណរគុណដល់អាជីវករទាំងអស់ រដ្ឋបាលស្រុកសង្កែ និងអ្នកគ្រប់ផ្សារដោយអាណតិ្ត បានឯកភាពគ្នា យោគយល់គ្នា បញ្ចប់រាល់កង្វល់ រាល់បញ្ហាទាំងស្រុង និងសហការល្អជាមួយគ្នា ដើម្បីភាពរីកចម្រើនផ្សារសង្កែ បានលក់ដូរបន្តទៀត បង្កើនជីវភាពគ្រួសារ មានមុខរបរកាត់បន្ថយភាពក្រីក្រ និងកាត់បន្ថយការចំណាកស្រុករបស់ប្រជាពលរដ្ឋផងដែរ។
លោកបានបន្តថា បើយើងមានបញ្ហាអ្វីកើតឡើងយើងត្រូវនាំគ្នាចូលរួមធ្វើការដោះស្រាយលើតុ ឱ្យបានត្រឹមត្រូវ មានតម្លាភាពមានសាមគ្គីភាព គ្នាបានល្អ ទើបយើងរស់នៅបានសុខសប្បាយ មានសន្តិភាពពេញលេញ ប្រជាពលរដ្ឋរស់នៅបានសុខសាន្ត ក៏អាស្រ័យប្រទេសជាតិយើង មានថ្នាក់ដឹកនាំមានការឈ្លាសវៃ ប្រកបដោយកត្តិបណ្ឌិតពិសេសសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមុខដឹកនាំមានស្នាដៃ ខ្លាំងបំផុត មានមុខមានមាត់ ល្បីល្បាញលើឆាកជាតិ និងអន្តរជាតិ សេដ្ឋកិច្ចជាតិបានហក់ឡើងខ្ពស់ ជឿនលឿន ប្រកបដោយសុខសន្តិភាព វឌ្ឍនភាពសង្គមជាតិផងដែរ៕