(ភ្នំពេញ)៖ សមាជិកព្រឹទ្ធសភាបានកោតសរសើររដ្ឋបាលរាជធានីភ្នំពេញ ដែលបានអនុវត្តកញ្ចប់ថវិកាជាតិនៅថ្នាក់ក្រោមជាតិបានល្អ និងមានតម្លភាព ដែលធានាដល់ការអភិវឌ្ឍនៅមូលដ្ឋាន ប្រកបដោយ ប្រសិទ្ធភាព និងផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ក្នុងកិច្ចប្រជុំរវាងគណៈអភិបាល-ក្រុមប្រឹក្សារាជធានីភ្នំពេញ ជាមួយប្រតិភូសមាជិកព្រឹទ្ធសភាភូមិភាគ១ នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ លោក ជា ជេដ្ឋ ប្រធានប្រតិភូសមាជិក ព្រឹទ្ធសភាភូមិភាគ១ បានឲ្យដឹងថា រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បានអនុវត្តកញ្ចប់ថវិកាជាតិបានត្រឹមត្រូវទាំងថវិកាបុរេប្រទាន និងថវិកាអភិវឌ្ឍន៍។
លោកបានបញ្ជាក់ថា ការវាយតម្លៃដូច្នេះ ក្រោយពេលដែលក្រុមសមាជិកព្រឹទ្ធសភាបានចុះទៅ ត្រួតពិនិត្យដោយផ្ទាល់នៅក្នុងភូមិសាស្រ្តសង្កាត់ទៀន ខណ្ឌដង្កោ កាលពីពេលថ្មីៗ បានបង្ហាញពីភាពជោគជ័យ នៃការអនុវត្តកញ្ចប់ថវិកាជាតិមានតម្លៃភាព និងត្រូវតាមគោលការណ៍របស់រាជរដ្ឋាភិបាល។
ជាក់ស្តែងការប្រើប្រាស់ថវិកាបុរេប្រទាន គឺបើកបាន ៤ជុំ ហើយចំណែកថវិកាអភិវឌ្ឍន៍វិញបំពេញបាន ១០០ភាគទូទាត់ត្រឹមត្រូវ ដោយគ្មានការរំកិលទៅឆ្នាំបន្ទាប់ ខណៈខេត្តខ្លះនៅពុំទាន់អនុវត្តបានដូចនេះឡើយ។
នៅក្នុងឱកាសនោះដែរលោក ជា ជេដ្ឋ ក៏បានវាយតម្លៃខ្ពស់ចំពោះការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញថា មានភាពល្អប្រសើរ ដោះស្រាយបានទាន់ពេលវេលា ចំពោះបញ្ហាគ្រឿងញៀន ក្មេងទំនើង ចោរកម្ម។ បន្ថែមពីនេះ គឺបានយកចិត្តទុកដាក់ក្នុងការផ្តល់ សេវាសាធារណៈគ្រប់ប្រភេទជូនដល់ប្រជាពលរដ្ឋ តាមរយៈការិយាល័យច្រកចេញចូលតែមួយ ទាំងនៅថ្នាក់ខណ្ឌ និងថ្នាក់រាជធានី។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអះអាងថា ការប្រើប្រាស់កញ្ចប់ថវិកាជាតិ ថ្នាក់រដ្ឋបាលរាជធានីភ្នំបេញ ត្រូវបានអនុវត្តន៍តាមគោលការណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សារាចរណ៍ណែនាំស្តីពី អនុវត្តច្បាប់ហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ មូលនិធិបច្ចេកទេស នៃការវរៀបចំគម្រោងថវិកាថ្នាក់ក្រោមជាតិ រួមទំាងសេចក្តីប្រកាសស្តីពី ការប្រគល់ និងទទួលភារកិច្ចប្រមូលចំណូលនិងការបែងចែកឥណទានចំណាយនៅថ្នាក់រដ្ឋបាលរាជធានីភ្នំពេញ។
លោកអភិបាលរាជធានី បានបញ្ជាក់ថា ទោះបីកញ្ចប់ថវិកាជាតិដែលផ្តល់មករាជធានីភ្នំពេញ មានទំហំធំក៏ពិតមែនបើប្រៀបធៀបទៅនឹងខេត្ត ប៉ុន្តែបើគិតទៅដល់ការអភិវឌ្ឍ និងតម្រូវការរបស់ប្រជាពលរដ្ឋ គឺមានតម្រូវការខ្ពស់ ដោយសារប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញមានភាពស៊ីវីល័យ ទំាងការរស់នៅនឹងការហូបចុក។
លោកបានបញ្ជាក់ថា ផ្អែកតាមស្ថានភាពដូច្នេះរដ្ឋបាលរាជធានីភ្នំពេញបានអនុវត្តផែនការ ថវិកាចំណូលព្រមនិងចំណាយព្រម ហើយរាល់ការទូទាត់ទាល់តែមានសាច់ប្រាក់ឬបញ្ញើនៅក្នុង រតនាគារ ទើបអាចធ្វើការទូទាត់បាន៕