(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំ ស្ដីពីការអនុវត្តផែនការសកម្មភាព បង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើលួច ឆក់ នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។
កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពី ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, ប្រធាននាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្ដ្រ, ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍, ប្រធាននាយកដ្ឋានវិទ្យុទាក់ទង, ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ និងប្រធាននាយកដ្ឋាននគរបាលការពារបេតិកភ័ណ្ឌ ព្រមទាំងថ្នាក់ដឹកនាំនគរបាលពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
តាមរបាយការណ៍បានបង្ហាញថា បទល្មើសជារួមកើតឡើង ចំនួន២៩ករណី (លួច៧ករណី និងឆក់២២ករណី) សម្រាប់ខែកក្កដា ប៉ុន្ដែកម្លាំងសមត្ថកិច្ចបង្ក្រាបបានចំនួន២០ករណី ចាប់បានជនសង្ស័យ៣០នាក់ ក្នុងនោះ ខណ្ឌដូនពេញ ៣ករណី, ៧មករា ២ករណី, សែនសុខ ១០ករណី, ចំការមន ១ករណី, បឹងកេងកង ១ករណី, ពោធិ៍សែនជ័យ ១ករណី និងខណ្ឌឫស្សីកែវ ២ករណី។
របាយការណ៍ដដែលក៏បានបង្ហាញនូវទិសដៅ ដើម្បីអនុវត្តបន្ដផងដែររួមមាន៖ ជំរុញការស៊ើបអង្កេតស្រាវជ្រាវ ស្វែងរក បង្ក្រាបករណីដែលនៅសេសសល់ និងត្រូវខិតខំប្រមូលព័ត៌មានដែលបានកើតឡើង ធ្វើការវាយតម្លៃសភាពការណ៍ និងដឹកនាំស្រាវជ្រាវឲ្យបានទាន់ពេលវេលា និងចំមុខសញ្ញាមេក្លោង។
លើសពីនេះ ត្រូវមានវិធានការដោះស្រាយចំពោះមន្ដ្រីអសកម្ម និងមានគោលការណ៍លើកទឹកចិត្ត ដល់មន្ដ្រីដែលសកម្មទទួលខុសត្រូវលើការងារ និងត្រូវពង្រឹងកម្លាំងគ្រប់អង្គភាពជំនាញ បន្ដអនុវត្តផែនការសកម្មភាព ក្នុងគោលដៅកាត់បន្ថយអំពើលួចឆក់៕