(កំពង់ធំ)៖ ថ្លែងក្នុងឱកាសរដ្ឋបាលខេត្តកំពង់ធំ បានរៀបចំទិវាដាំកូនឈើ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ លោក សុខ លូ អភិបាលខេត្ត បានបញ្ជាក់ថា ជំនាញពាក់ព័ន្ធទាំងអស់ មិនត្រូវឆ្លើយដាក់គ្នា លើបទល្មើសព្រៃឈើឡើយ។
លោក ធីវ វណ្ណធី ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានធ្វើសេចក្ដីរាយការណ៍ការថា ការដាំកូនឈើថ្ងៃនេះគឺក្នុងផ្ទៃដី ៣ហិកតា មានកូនឈើប្រភេទធ្នង់ចំនួន ៣០០ដើម នាងនួនចំនួន ៣០០ដើម បេងចំនួន ៣០០ដើម ក្រញូងចំនួន ៣០០ដើម និងកូនឈើសម្រាប់តម្រូវការ របស់ប្រជាពលរដ្ឋចំនួន ៧០០ដើមសរុបចំនួន ១៩០០ដើម។ កូនឈើទាំងអស់ ត្រូវបានដាំក្នុងដែនព្រៃសហគមន៍ក្បាលអូរក្រញាក នៅភូមិត្បូងទឹក ឃុំ មានរិទ្ធ ស្រុកសណ្ដាន់។
លោក សុខ លូ បានថ្លែងថា ទិវាដាំកូនឈើនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងបរិបទបច្ចុប្បន្ន និងដើម្បីអនាគតកូនចៅជំនាន់ក្រោយៗទៀត ព្រោះជាទិវាស្ដារនឹងធ្វើឲ្យស្ថេរភាពនូវធនធានធម្មជាតិ ពិសេសគឺព្រៃឈើដែលបច្ចុប្បន្ន កំពុងរងនូវការហិនហោច និងបាត់បង់ម្ដងបន្តិចៗ និងទន្ទ្រានដោយខុសច្បាប់ ពីសំណាក់ជនខិលខូចមួយចំនួន។
លោកបន្តថា អ្វីដែលសំខាន់ទិវានេះ នឹងរួមចំណែកដល់ការបណ្ដុះស្មារតី ប្រជាពលរដ្ឋស្រលាញ់ថែរក្សា ការពារព្រៃឈើដ៏មានតម្លៃ ក្នុងការថែរក្សាតុល្យភាព ធាតុអាកាសសម្រាប់ទ្រទ្រង់ ជីវិតរបស់មនុស្ស សត្វជីវៈចម្រុះ មិនតែប៉ុណ្ណោះព្រៃឈើកាត់បន្ថយភាពងាយរងគ្រោះ ដែលបណ្ដាលមកពីផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ សំដៅសម្រេចបាននូវការធ្វើឲ្យប្រសើរឡើង នូវសន្តិសុខស្បៀងរបស់សហគមន៍មូលដ្ឋាន។
លោក សុខ លូ ក៏បានបញ្ជាក់ច្បាស់ៗយ៉ាងដូច្នេះថា «ត្រូវចូលរួមការពារព្រៃឈើទាំងអស់គ្នា សូមឲ្យមានពាក្យបណ្ដឹងទៅតុលាការ លើអ្នកការកាប់បំផ្លាញព្រៃឈើ អ្នកដែលរំលោភយកព្រៃសហគមន៍ ធ្វើជាដីកម្មសិទ្ធិ មិនត្រូវលើកលែងជាដាច់ខាត ជាពិសេសលោកនឹងបង្កើតក្រុមចម្រុះ ដាក់តាមច្រកដែនព្រៃសហគមន៍ផ្សេងៗ ក្នុងខេត្តកំពង់ធំ ដើម្បីចុះត្រួតពិនិត្យជាប្រចាំ។ ជំនាញពាក់ព័ន្ធទាំងអស់ មិនត្រូវឆ្លើយដាក់គ្នាលើបទល្មើសព្រៃឈើនោះទេ ហើយបងប្អូនមិនត្រូវយកការ កាប់បំផ្លាញព្រៃឈើធ្វើ ជាមុខរបរប្រចាំថ្ងៃនោះទេ»។
ជាចុងក្រោយលោកសូមស្នើឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមការពារ និងថែរក្សាធនធានធម្មជាតិ ឲ្យបានគង់វង្សជារៀងរហូត។