(ស្ទឹងត្រែង)៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការអាវុធហត្ថខេត្ត នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ បានបន្ដប្រតិបត្តិការចុះពិនិត្យតាមបណ្ដារោងសិប្បកម្មកែច្នៃឈើ ក្នុងមូលដ្ឋានក្រុងស្ទឹងត្រែង ចំនួន២០ទីតាំងផ្សេងទៀត រកឃើញ១៨ទីតាំងដែលដំណើរការគ្មានច្បាប់អនុញ្ញាត។
ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជា របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។
សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានបញ្ជាក់ថា ប្រតិបត្តិការនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ ក៏មានការចូលរួមពីកម្លាំងនគរបាល, រដ្ឋបាលព្រៃឈើ, បរិស្ថាន និងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាលាដំបូងខេត្ត។
បើតាមសេចក្ដីរាយការណ៍ ក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ចជំនាញបានត្រួតពិនិត្យរោងសិប្បកម្មកែច្នៃឈើក្នុងក្រុងស្ទឹងត្រែង បានចំនួន២០កន្លែង រកឃើញរោងសិប្បកម្មគ្មានច្បាប់ ចំនួន១៨កន្លែង និងបានបិទចោលភ្លាម ហើយធ្វើកិច្ចសន្យាដល់ម្ចាស់ទីតាំងមិនឲ្យធ្វើបន្តទៀត។ ក្នុងនោះកម្លាំងចម្រុះក៏បានដកហូតឈើក្នុងសិប្បកម្ម ដែលគ្មានច្បាប់បានមួយចំនួន (មិនទាន់វាស់វែង) យកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើផងដែរ៕