(ភ្នំពេញ)៖ លោក ហុង សុខហួរ អគ្គនាយក នៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឲ្យដឹងថា ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ (ABA Bank) បានបោះផ្សាយសញ្ញាបណ្ណអាជីវកម្ម ក្នុងទំហំទឹកប្រាក់ ៣២លានដុល្លារ ជាក្រុមហ៊ុនទី៨ និងជាធនាគារពាណិជ្ជដំបូងគេ ដែលបានចុះបញ្ជីលក់សញ្ញាបណ្ណ ក្នុងផ្សារមូលបត្រកម្ពុជា (CSX)។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ (ABA Bank) ដែលជាសមាជិកសម្ព័ន្ធធនាគារជាតិកាណាដា ប្រកាសបោះផ្សាយលក់មូលបត្របំណុលជាផ្លូវការ លើផ្សារមូលបត្រកម្ពុជា ក្នុងទំហំទឹកប្រាក់ ៣២លានដុល្លារ ក្នុងអត្រាការប្រាក់ពី៧%-៧.៧៥% ក្នុង១ឆ្នាំ។

ប្រកាសបោះផ្សាយលក់មូលបត្របំណុលជាផ្លូវការ របស់ធនាគារពាណិជ្ជ ABA ធ្វើឡើងក្រោមការចូលរួមពីលោក ហេង បូមករា ប្រធាន នៃនាយកដ្ឋានត្រួតពិនិត្យលើឯកសារ នៃធនាគារជាតិនៃកម្ពុជា, លោក ស៊ូ សុជាតិ អគ្គនាយក នៃគណៈកម្មការមូលបត្រកម្ពុជា, លោក ហុង សុហួរ អគ្គនាយក នៃក្រុមហ៊ុនផ្សារមូរបត្រកម្ពុជា, លោក Askhat Azhlkhanov អគ្គនាយកប្រតិបត្តិធនាគារ ABA។

លោក ហុង សុហួរ «ធនាគារ ABA ជាក្រុមហ៊ុនទី៨ និងជាធនាគារពាណិជ្ជដំបូង ដែលបានចុះបញ្ជីលក់សញ្ញាបណ្ណក្នុងផ្សារមូលបត្រកម្ពុជា ក្រុមហ៊ុនចុះបញ្ជីដែលមានស្រាប់រួមមាន មានក្រុមហ៊ុនចំនួន៥ ដែលបានចុះបញ្ជីជាភាគហ៊ុន និង២ទៀត បានចុះបញ្ជីជាសញ្ញាប័ណ្ណ។ ក្រុមហ៊ុនទាំង៧នេះ បានប្រមូលទុនពីផ្សារមូបត្រសរុបប្រមាណ ១៤០លានដុល្លារអាមេរិករួចមកហើយ ចំនួននេះបើធៀបនឹងទីផ្សារបរទេសតូចពិតមែន តែសម្រាប់ទីផ្សារកម្ពុជាជាចំណុចចាប់ផ្ដើមដ៏ធំមួយ»។

លោកបានបន្ដថា ក្រុមហ៊ុនខាងលើនេះមិនត្រឹមទទួលបានទុនវែង សម្រាប់វិនិយោគប៉ុណ្ណោះទេ តែបានទទួលនូវការលើកទឹកចិត្តពន្ធ ដែលបច្ចុប្បន្ននេះមានកម្រិតស្មើរនឹង៥០% នៃពន្ធនៃប្រាក់ចំណូលដែលត្រូវបង់ និងទទួលបានកេរ្ដិ៍ឈ្មោះ និងទំនុកចិត្តពីសាធារណជនផងដែរ។

លោកបញ្ជាក់ថា ទន្ទឹមនឹងការកើនឡើងនៃក្រុមហ៊ុនចុះបញ្ជីនេះ ចំនួនគណនីជួញដូរនៅលើទីផ្សារ បានកើនឡើងគួរឲ្យកត់សំគាល់។ ជាក់ស្ដែងមូលធននីយកម្មទីផ្សារកើនឡើងពី១,៧៧ទ្រីលានរៀល ប្រហែលនឹង៤៤២លានដុល្លារអាមេរិកជាតម្លៃទីផ្សារសរុប នៃក្រុមហ៊ុនចុះបញ្ជីទាំងអស់ នៅឆ្នាំ២០១៨ កើនឡើងប្រមាណ២,២៨ទ្រីលានរៀល ប្រហែលនឹង៥៧០លានដុល្លារអាមេរិក គិតត្រឹមចុះឆមាសទី១ឆ្នាំ២០១៩ ពោលគឺមានកំណើនប្រមាណ២៨,៧៥%។

លោក ហេង បូមករា បានឲ្យដឹងថា ការចុះបញ្ជីលក់សញ្ញាបណ្ណ ក្នុងផ្សារមូលបត្រកម្ពុជារបស ABA នៅពេលនេះជាការផ្នែកមួយនៃការជំរុញ ដល់ដំណើរការនៃទីផ្សារមូលធននៃកម្ពុជា ដែលស្រប់តាមយុទ្ធសាស្រ្ដអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកបន្ដថា ក្នុងនាមអាជ្ញាធរត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជានៅតែបន្ដពង្រឹង ក្របខណ្ឌបទបញ្ញា និងពង្រឹងប្រសិទ្ធិភាពក្នុងការត្រួតពិនិត្យ លើគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុប្រកបដោយការអនុវត្តន៍ គោលនយោបាយទន់ភ្លន់ និងប្រុងប្រយ័ត្ន ព្រមទាំងបើកទូលាយ ដល់ការផ្ដល់សេវាហិរញ្ញវត្ថុឲ្យកាន់តែ សម្បូរបែប។

លោក Askhat Azhlkhanov បានឲ្យដឹងថា ធនាគារ ABA មានគោលបំណងប្រើប្រាស់សាច់ប្រាក់ ដែលទទួលបានពី ការបោះផ្សាយសញ្ញាបណ្ណ សម្រាប់ចំណាយលើប្រតិបត្តិការ និងកំណើននៃអាជីវកម្មឥណទាន។ សម្រាប់ឥណទានទាំងនោះនឹងជួយទ្រទ្រង់ ដល់អាជីវកម្មខ្នាតតូច សហគ្រាសខ្នាតតូច និងមធ្យមនៅតាមជនបទ រួមទាំងសហគ្រិនជាស្ត្រីនៅកម្ពុជាផងដែរ។

លោកបន្ដថា «ខ្ញុំជឿជាក់ថា សញ្ញាបណ្ណរបស់យើងខ្ញុំនឹងចូលរួមចំណែក ដល់ការអភិវឌ្ឍទីផ្សារមូលធនដូចជា ការលើកម្ពស់រូបិយបណ្ណជាតផងដែរ»

សូមជម្រាបថា ធនាគារ ABA ផ្ដល់ជូននូវសេវាហិរញ្ញវត្ថុ និងដំណោះស្រាយផ្នែកធនាគារ យ៉ាងពេញលេញជូនអតិថិជន រួមទាំងសហគ្រាសធុនតូច និងមធ្យោម អាជីវកម្មខ្នាតតូចបំផុត និងបុគ្គជាដើម៕