(ភ្នំពេញ)៖ តំណាងអង្គការសុខភាពពិភពលោកថ្មី ប្រចាំនៅកម្ពុជា លោកស្រី Ailan Li បានថ្លែងថា WHO នឹងបន្តជួយអភិវឌ្ឍន៍ធនធានមនុស្ស ផ្នែកបច្ចេកទេស ការអភិវឌ្ឍន៍គោលការណ៍ណែនាំ និងផែនការនានាទៅលើការព្យាបាលជំងឺឆ្លង និងជំងឺមិនឆ្លងនៅកម្ពុជា។

ការថ្លែងបែបនេះ របស់លោកស្រី Ailan Li បានធ្វើឡើងក្នុងឱកាសដែលលោកស្រីចូលជួបសម្ដែងការគួរសម ជាមួយរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅទីស្ដីការក្រសួងសុខាភិបាល នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ។

លោកស្រី Ailan Li បានថ្លែងបន្ដថា លោកស្រីនឹងបន្ដសហការគ្នាជាមួយក្រសួងសុខាភិបាល ដែលផ្ដោតសំខាន់ទៅលើបច្ចេកទេស និងការងារប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង និងជំងឺមិនឆ្លង, ការអភិវឌ្ឍន៍ធនធានមនុស្ស, ការពង្រឹងវិស័យសុខាភិបាលនៅកម្ពុជា ជាពិសេស ធ្វើការរួមគ្នា ក្នុងការគ្របដណ្ដប់សេវាជាសកល។ លើសពីនោះ ការលុបបំបាត់ជំងឺគ្រុនចាញ់ ដែលរាជរដ្ឋាភិបាលកម្ពុជា ខិតខំលុបបំបាត់ទាំងស្រុងនៅឆ្នាំ២០២៥ ។

ជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានសម្ដែងនូវការស្វាគមន៍ដ៏កក់ក្ដៅចំពោះលោកស្រី Ailan Li និងថ្លែងអំណរគុណដល់លោកស្រី ដែលបន្ដកិច្ចសហប្រតិបត្ដិការជាមួយនឹងក្រុមបច្ចេកទេសរបស់យើង ឱ្យកាន់តែល្អប្រសើរ ដោយចាត់ទុកដូចជាគ្រួសារ និងនៅក្នុងសហគមន៍តែមួយ៕