(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចុះហត្ថលេខាលើអនុស្សារណៈនៃកិច្ចព្រមព្រៀង (MoU) ជាមួយអង្គការចំនួន២ ក្នុងទំហំទឹកប្រាក់ជាង ២លានដុល្លារ ប្រើប្រាស់ក្នុងរយៈពេល៣ឆ្នាំ ដើម្បីជួយក្នុងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយផ្តោតសំខាន់ផ្តោតការអប់រំកុមារ និងស្រ្តីពិការ។

អង្គការទាំង២នោះរួមមាន៖

*ទី១៖ អង្គការ ឡៃហ្វ័រឌឺវើល (LIGHT FOR THE WORLD), មានថវិកាចំនួន ៥៩៥,០០០ដុល្លារអាមេរិក អនុវត្តជាមួយដៃគូ ក្នុងស្រុក និងតាមបណ្តាខេត្តគោលដៅមួយចំនួនដូចជា ខេត្តពោធិ៍សាត់ សៀមរាប កំពត និងភ្នំពេញ
*ទី២៖ អង្គការ សាលារៀនទន្សាយ ថវិកាសរុបចំនួន ១, ៥០៦ ៤៦៨ដុល្លារអាមេរិក សម្រាប់ការអនុវត្តក្នុងខេត្តចំនួន៤រួមមាន ភ្នំពេញ កំពង់ស្ពឺ កណ្តាល និងសៀមរាប។

ពិធីចុះហត្ថលេខា នៃកិច្ចព្រមព្រៀង (MoU) នាពេលនេះ បានរៀបចំឡើងជាផ្លូវការ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ដោយមានការចូលរួមពី លោក តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមានការរួមពីថ្នាក់ដឹកនាំអង្គការទាំង២ រួមនឹងមន្រ្តីរាជការពាក់ព័ន្ធ របស់ក្រសួងសង្គមកិច្ចជាច្រើនរូបទៀតផងដែរ។ លោក តូច ចាន់នី បានលើកឡើងថា ការចូលរួមសហការរបស់អង្គការដៃគូ ពិតជាសំខាន់ណាស់ ក្នុងការលើកកម្ពស់វិស័យសង្គមកិច្ចនៅកម្ពុជា។

ជាមួយគ្នានោះ លោក តូច ចាន់នី បានស្នើឲ្យក្រុមការងារក្រសួង និងអង្គការ ដែលសហការ នាពេលនេះរួមគ្នា ដើម្បីធ្វើការងារ ដោយយកចិត្តទុកដាក់ឲ្យខ្លាំងបំផុត តាមដែលអាចធ្វើបាន។ សម្រាប់ក្រសួង ស.អ.យ វិញនៅតែស្វាគមន៍ជានិច្ចជាមួយ ដៃគូពាក់ព័ន្ធ និងអង្គការនានា ដើម្បីជួយដល់ជនរងគ្រោះនៅកម្ពុជា ឲ្យមានជីវភាព និងជីវិតរស់នៅ ល្អប្រសើរថែមមួយកម្រិតទៀត។

គួរបញ្ជាក់ថា អង្គការទាំង២ ដែលបានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ជាមួយក្រសួងសង្គមកិច្ចនាពេលនេះ សុទ្ធសឹងតែជាអង្គការ ដែលបានចូលរួមចំណែក និងធ្វើ សកម្មភាពជួយដល់ការអប់រំកុមារ និងស្រ្តីពិការ នៅកម្ពុជា៕