(កំពត)៖ ប្រជាជនរាប់សិបគ្រួសារដែលទិញដីពុះឡូត៏ពីឈ្មោះ កែវ ជា មានឯកសារទិញ លក់ មានអាជ្ញាធរមូលដ្ឋានដឹងឮត្រឹមត្រូវបានកើតទុក្ខមិនសុខចិត្តចំពោះឧកញ៉ា ជា សុខហេង ដែលបានយកកុងតឺន័រជាច្រើនទូទៅដាក់បិទនៅលើផ្លូវដីទំនាស់បំពានដីការក្សាការពាររបស់តុលាការក្នុងចេតនាទុច្ចរិត ខណៈដីខាងលើនេះ កំពុងមានទំនាស់ប្ដឹងផ្ដល់គ្នានៅតុលាការនៅឡើយ។

ប្រជាជនដែលជាអ្នកទិញដីពុះឡូត៏ពីឈ្មោះ កែវ ជា បានធ្វើការអំពាវនាវសូមឲ្យអយ្យការអមសាលាដំបូងខេត្ត និងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចខេត្តកំពតមេត្តាមានវិធានការចុះទៅ
អនុវត្តដីកាសម្រេចចាត់ចែងជាបណ្ដោះអាសន្នដើម្បីយកកុងតឺន័រចេញពីលើផ្លូវចូលដីទំនាស់ជាសវាងបង្កការខូចខាតដល់គូភាគីក្ដីនៅពេលរឿងក្ដីប្ដឹងផ្ដល់គ្នាមិនទាន់ចូលស្ថាពរ។

ថ្លែងប្រាប់អង្គភាព័ត៌មាន Fresh News តំណាងប្រជាជនដែលជាអ្នកទិញដីបានឲ្យដឹងថា កាលពីឆ្នាំ២០០៨ ឈ្មោះ​ កែវ ជា បានទទួលសិទ្ធិពីរាជរដ្ឋាភិបាលធ្វើការគ្រប់គ្រងដីអតីតស្រែអំបិលចំនួន៨ហិកតាមានទីតាំងស្ថិតនៅភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកកំពត ខេត្តកំពតដើម្បីធ្វើការអភិវឌ្ឍន៏តំបន់លំនៅដ្ឋានបែបទេសចរណ៏ឆ្នេរព្រែក។

ក្រោយទទួលបាន ស.ជ.ណ ពីរាជរដ្ឋាភិបាលហើយ ឈ្មោះ កែវ ជា បានពុះឡូត៏ដីខាងលើដើម្បីលក់អោយអតិថិជនជាហូរហែមានអាជ្ញាធរមូលដ្ឋានដឹងឮទៀតផង។ កាលណោះឈ្មោះ កែវ ជា បានសន្យាថាក្រោយពីរត់ការធ្វើប័ណ្ណកម្មសិទ្ធិបានហើយ គេនឹងបំបែកប័ណ្ណកម្មសិទ្ធិនេះទៅអោយអតិថិជនអ្នកទិញទៅតាមទំហ៊ំដីដែលបានទិញជាក់ស្ដែង។

ក្រោយទិញបង់លុយគ្រប់ចំនួនហើយ ប្រជាជនដែលជាម្ចាស់ដីក៏ចូលគ្រប់គ្រងដោយធ្វើរបង ដាំដំណាំ មានបង្គោលភ្លើងដើម្បីតខ្សែភ្លើងចូលត្រៀមធ្វើលំនៅដ្ឋានសំរាប់ស្នាក់នៅទៀតផង។លុះដល់ឆ្នាំ២០១១ ក្រោយពីឈ្មោះ កែវ ជា ទទួលបានប័ណ្ណកម្មសិទ្ធិ បែរជានៅឆ្នាំ២០១២ ឈ្មោះកែវ ជា បានយកដីនេះទៅលក់អោយឧកញ៉ាជា សុខហេង ទៅវិញ មិនព្រមបំបែកក្បាលដីមកអោយអតិថិជនដែលជាអ្នកទិញបង់ប្រាក់ គ្រប់ចំនួនអស់ទៅហើយនោះទេ។ចំណែកមន្ត្រីអាជ្ញាធរជំនាញពាក់ព័ន្ធសម័យនោះក៏ឃុបឃិតគ្នាផ្ទេរកម្មសិទ្ធិដីខាងលើពីឈ្មោះកែវ ជា ទៅឈ្មោះជា សុខហេង ដោយរលូន ទោះជាដឹងថាដីខាងលើនេះ ឈ្មោះ កែវ ជា បានពុះឡូត៏លក់ទៅអោយអតិថិជនអស់ទៅហើយក្ដី។

ក្រោយពីឈ្មោះ​ កែវ ជា រំលោភទំនុកចិត្តយកដីរបស់ប្រជាជនដែលទិញអោយប្រាក់គ្រប់ចំនួនហើយទៅលក់អោយអ្នកផ្សេងរួចមក ប្រជាជនក៏បាននាំគ្នាដាក់ពាក្យបណ្ដឹងទៅតុលាការទាំងសំណុំរឿងរដ្ឋប្បវេណី និងសំណុំរឿងព្រហ្មទណ្ឌ ហើយឈ្មោះ កែវ ជា ក៏រត់គេចខ្លួនបាត់ទៅ។

បច្ចុប្បន្នរឿងក្ដីខាងលើកំពុងតែប្ដឹងផ្ដល់គ្នារវាងប្រជាជនដែលទិញដីពុះឡូត៏ពីឈ្មោះ កែវ ជា ជាមួយ និងឧកញ៉ា ជា សុខហេង ដែលឃប់ឃិតគ្នាជាមួយមន្ត្រីអាជ្ញាធរជំនាញពាក់ព័ន្ធផ្សេងៗទៀតធ្វើការផ្ទេរកម្មសិទ្ធិដីមិនប្រក្រតីពីឈ្មោះ កែវ ជា មកឈ្មោះ ជា សុខហេង ដែលរឿងក្ដីកំពុងដំណើរការនៅតុលាការនៅឡើយ។

ខណៈរឿងក្ដីកំពុងដំណើរការនៅតុលាការ ប្រជាពលរដ្ឋក៏បានដាក់ពាក្យបណ្ដឹងសុំអន្តរាគមន៏ទៅសម្ដេចតេជោ នាយករដ្ឋមន្ត្រីផងដែរ ស្រាប់តែឧកញ៉ា ជា សុខហេង មិនរងចាំការសម្រេចរបស់តុលាការនោះទេ បែរជាយកកុងតឺន័រជាច្រើនទូទៅដាក់បិទផ្លូវចេញ ចូលក្នុងចេតនាទុច្ចរិតមិនអោយភាគីប្រជាជនចេញ ចូលបាន ហើយប្រជាជនក៏បានប្ដឹងសុំដីការក្សាការពារ លុះនៅថ្ងៃទី៨ខែឧសភា ឆ្នាំ២០១៩ លោកចៅក្រម អ៊ី ឃាង ក៏បានចេញដីកាសម្រេចចាត់ចែងជាបណ្ដោះអាសន្នដោយហាមឃាត់មិនអោយឈ្មោះ ជា សុខហេង និងភរិយាឈ្មោះយ៉ុង ដាំណេធ្វើការលក់ដូរ ជួលបញ្ចាំ ប្រវាស់ ធ្វើអំណោយ ធ្វើអច្ច័យទាន ប្រទានកម្ម ផ្ទេរកម្មសិទ្ធិបន្តទៅអ្នកដ៏ទៃ និងមិនអោយធ្វើរាល់សកម្មភាពទាំងឡាយណាដែលនាំអោយប៉ះពាល់ដល់ទ្រង់ទ្រាយដើម នៃអចលនវត្ថុខាងលើនេះ តែឈ្មោះជា សុខហេង មិនគោរពតាមនោះឡើយ គឺនៅតែបំពាន។

ដូច្នេះហើយប្រជាជនជាម្ចាស់ដីសំណូមពរសូមអោយតំណាងអយ្យការ និងមន្ត្រីអាជ្ញាធរពាក់ព័ន្ធមេត្តាមានវិធានការចុះអនុវត្តដីការសម្រេចចាត់ចែងជាបណ្ដោះអាសន្នលេខ៦៦ ចុះថ្ងៃទី៨ខែ ឧសភា ឆ្នាំ២០១៩ ដែលចេញដោយលោកចៅក្រមអុី ឃាង ខាងលើនេះដោយដកហូតយកទូកុងតឺន័រចេញពីផ្លូវចូលដីទំនាស់វិញផងដើម្បីជាការចូលរួមអនុវត្តច្បាប់អោយមានប្រសិទ្ធភាព។

ពាក់ព័ន្ធការអះអាងខាងលើនេះ នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នេះ អង្គភាពព័ត៌មានFresh News មិនអាចធ្វើការទាក់ទងសុំការបំភ្លឺពីឧកញ៉ា ជា សុខហេង បានឡើយ ព្រោះមិនមានលេខទូរស័ព្ឌសំរាប់ធ្វើការទាក់ទង៕