តាមរយៈទេសរដ្ឋមន្ត្រី មាស សុភា និងតំណាងរាស្ត្រ សួស យ៉ារ៉ា ថ្ងៃនេះសេវាប្រឹក្សាសុខភាពប្រជាជន បានចុះពិនិត្យព្យាបាលជំងឺ ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងពលរដ្ឋនៅស្រុកឆែប ដោយឥតគិតថ្លៃ
31-07-2019 16:18
(ព្រះវិហារ)៖ សេវាប្រឹក្សាសុខភាពប្រជាជនកម្មវិធីអ្នកតំណាងរាស្ត្រកម្ពុជា ឧបត្ថម្ភដោយលោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ និងលោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ បានចុះពិនិត្យព្យាបាលជំងឺជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ នៅអនុវិទ្យាល័យឆែប ស្ថិតក្នុងភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ។
លោក សុខ សាន្តតារ៉ា អភិបាលស្រុកឆែប ខេត្តព្រះវិហារ បានថ្លែងថា ថ្ងៃនេះជំនួសមុខឲ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងស្រុក លោកសូមអរគុណ យ៉ាងជ្រាលជ្រៅចំពោះលោកទេសរដ្ឋមន្ត្រី មាស សុភា និងលោក សួស យ៉ារ៉ា ដែលបានឲ្យក្រុមគ្រូពេទ្យប្រឹក្សាសុខភាពប្រជាជន ចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ។
លោកអភិបាលស្រុកថា នេះជាការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់នាំគ្រប់លំដាប់ថ្នាក់ ពិសេសលោកប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ និងតំណាងមណ្ឌលព្រះវិហារ ដែលជានិច្ចជាកាល លោកតែងតែបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងខេត្តព្រះវិហាររបស់យើង។
លោក សុខ សាន្តតារ៉ា បានបន្តថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិទទួលបានសុខសន្តិភាព និងការអភិវឌ្ឍន៍គ្រប់ទីកន្លែង។
ជាមួយគ្នានេះ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែមានការរីកចម្រើនថែមទៀតនោះ សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ៗរូប ដោយសម្តេចផ្តល់នូវការព្យាបាលដោយឥតគិតថ្លៃ ចំពោះមន្ត្រីរាជការ និងប្រជាពលរដ្ឋក្រីក្រផងដែរ។
ពិសេសសម្តេចបានជំរុញឲ្យក្រុមការងារថ្នាក់ជាតិថ្នាក់ខេត្តស្រុក ត្រូវដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃតាមតំបន់ឆ្ងាយៗ ដើម្បីលើកកម្ពស់សុខភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង៕