(ភ្នំពេញ)៖ បុរសម្នាក់កំពុងជិះម៉ូតូសុខៗ ស្រាប់តែមានរថយន្តទ្រុងដឹកទំនិញ ១គ្រឿង បើកបរក្នុងល្បឿនលឿន ក្នុងទិសដៅស្របគ្នាបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់មកបានស្លាប់ ក្រោយពេលក្រុមគ្រួសារដឹកបញ្ជូន ទៅកាន់មន្ទីពេទ្យដើម្បីសង្រ្គោះបន្ទាន់។ ហេតុការណ៍ដ៏រន្ធត់មួយនេះ បានកើតឡើងនាវេលាម៉ោង១២៖៣៥នាទីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅតាមផ្លូវបេតុងស្ថិតនៅក្នុងភូមិចំការឪឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះខាងលើ មានឈ្មោះ ហួយ គាងហេង អាយុ៣០ឆ្នាំ មុខរបរជាមេជាងម៉ាស៊ីន នៅរោងចក្រកាត់ដេរ មានប្រពន្ធនិងកូន៣នាក់ សព្វថ្ងៃមានទីលំនៅក្នុងភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ ជនរងគ្រោះជិះម៉ូតូ ម៉ាកហុងដាឌ្រីមសេ១២៥ រីឯរថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-1574 បើកបរដោយឈ្មោះ ជូត ផាន ភេទប្រុស អាយុ៤៥ ស្នាក់នៅផ្ទះជួល ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ត្រូវបាននគរបាលឃាត់ខ្លួន នាំទៅកាន់ប៉ុស្តិ៍កាកាបទី២។
យោងតាមកាមេរ៉ាសុវត្ថិភាពឃើញថា នៅមុនពេលកើត ហេតុ ខណៈដែលបុរសរងគ្រោះ កំពុងជិះម៉ូតូធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង តែម្នាក់ឯងសុខៗនោះ ស្រាប់តែរថយន្តខាងលើ ដែលបើកបរក្នុងទិសដៅស្របគ្នា ក្នុងល្បឿនលឿនជ្រុលទៅបុកពីក្រោយ យ៉ាងពេញទំហឹង និងកិនទាំងកម្រោលតែម្ដង។ ខណៈនោះ បានបណ្ដាលឲ្យបុរសរងគ្រោះដួលរងរបួសធ្ងន់ធ្ងរ ក្រោយមកត្រូវបានក្រុមគ្រួសារ នាំទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់ភ្លាមៗ ប៉ុន្តែមិនអាចសង្រ្គោះបាន ព្រោះរបួសធ្ងន់ធ្ងរពេក ទើបស្លាប់បាត់តែម្ដង។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា ពេលនោះសាកសពខាងលើ ត្រូវបានក្រុមគ្រួសារដឹកចេញពីមន្ទីរពេទ្យ ទៅកាន់កន្លែងកើតហេតុវិញ ប៉ុន្តែខណៈនោះ ដោយសង្ស័យថា ជនរងគ្រោះមិនទាន់ស្លាប់ ក៏បានដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែតទៀត តែបានហួសពេលទៅហើយ។ ទើបនាំសពទៅធ្វើបុណ្យតាមប្រពៃណី បន្ទាប់មកនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅធ្វើការវាស់វែង និងសាកសួរដើម្បីកសាងសំណុំរឿង រង់ចាំការដោះស្រាយនៅពេលក្រោយ៕