(ភ្នំពេញ)៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Maria Sargren ឯកអគ្គរាជទូតស៊ុយអែត ប្រចាំនៅកម្ពុជា ខណៈដែលលោកស្រីបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ក៏ដូចជា ពិភាក្សាលើការបន្តពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ស៊ុយអែត ។
ជំនួបខាងលើនេះ បានធ្វើឡើងនៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ ចំពោះប្រជាជន និងរាជរដ្ឋាភិបាលស៊ុយអែត ដែលប្រទេសស៊ុយអែត គឺជាដៃគូដ៏សំខាន់ចូលរួម ចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក។
ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បន្ដថា សមិទ្ធិផលដែលកម្ពុជាទទួលបាន គឺមិនអាចកាត់ផ្តាច់ពីការគាំទ្ររបស់រដ្ឋាភិបាលស៊ុយអែត ក៏ដូចជាលោកស្រីឯកអគ្គរាជទូតផ្ទាល់ក្នុងអាណត្តិការងារការទូត របស់លោកស្រី នៅកម្ពុជា ។
ជាក់ស្តែង, ស៊ុយអែត បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងកម្មវិធីកែទម្រង់ ដែលរាជរដ្ឋាភិបាល កម្ពុជាកំពុងតែអនុវត្តន៍ តាមរយៈការផ្តល់កិច្ចគាំទ្រទាំងផ្អែកហិរញ្ញវត្ថុ ក៏ដូចជា បច្ចេកទេស ជាអាទិ៍ដល់កម្មវិធីការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM) ចាប់តាំងពីដំណាក់កាលទី ១ មករា ពិសេសការងារកែទម្រង់វិស័យពន្ធដារជាដើម។
លោកអគ្គបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណ ដល់ភាគីមិត្តចំពោះការផ្តល់ ជាជំនួយបច្ចេកទេស ក៏ដូចជា ការចែករំលែកបទពិសោធន៍ការងារ ចំពោះវិស័យពន្ធដារ តាមរយៈការផ្តល់ទស្សនៈកិច្ច សិក្សាទៅកាន់ប្រទេសស៊ុយអែតផ្ទាល់ជាដើម។
លោកស្រី Maria Sargren បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការផ្ដល់កិច្ចសហប្រតិបត្ដិការយ៉ាងល្អប្រសើរ ពីស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក្នុងរយៈពេល ០៣ឆ្នាំ ដែលលោកស្រី បានមកបំពេញបេសកកម្មការទូតនៅកម្ពុជា ដែលបានជំរុញឲ្យបេសកកម្មការទូតរបស់លោកស្រី ទទួលបានជោគជ័យដ៏ត្រចះត្រចង់មកដល់ថ្ងៃនេះ។
លោកស្រីផ្ទាល់ ជាសាក្សី នៃការរីកចម្រើនឥតឈប់ឈររបស់កម្ពុជានាពេល បច្ចុប្បន្ន ជាមួយកំណើនសេដ្ឋកិច្ចរឹងមាំ ដែលការសម្រេចបានទាំងនេះ គឺកើតមកពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ការដាក់ចេញ និងការអនុវត្តកិច្ចការកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ។
កិច្ចពិភាក្សា ក៏បានផ្តោតលើការកែទម្រង់ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត លើការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសារធារណៈ នៅពេលដែលកម្មវិធីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមប្រព័ន្ធព័ត៌មានវិទ្យា (FMIS) ត្រូវបានដាក់ឲ្យអនុវត្តន៍ និងពង្រីកទៅតាមក្រសួង-ស្ថាប័នផ្សេងៗ, តម្លាភាព និងគណនេយ្យភាព និងការរៀបចំបង្កើតជាមជ្ឈមណ្ឌលគ្រប់គ្រប់ទិន្ន័យ និងស្ថិតិ (Data Center) រួមមួយជាដើម។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានជូនពរលោកស្រី Maria Sargren ឲ្យទទួលបានជោគជ័យក្នុងតួនាទីថ្មី របស់លោកស្រី នាពេលខាងមុខ និងបានគូសបញ្ជាក់ថា កម្ពុជា នឹងបន្តខិតខំលើក កម្ពស់កិច្ចសហប្រតិបត្តិការ និងមិត្តភាពឲ្យកាន់តែស្និតរមួតបន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ស៊ុយអែត៕