(ភ្នំពេញ)៖ លោក សុន គន្ធរ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកសហគ្រាសតូច និងមធ្យម និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងជាប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនចង់ឃើញ មិនចង់លឺសហគ្រាសណាមួយបរាជ័យ ឬដួលរលំឡើយ។
លោកថ្លែងបែបនេះ នាព្រឹកថ្ងៃពុធ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ក្នុងឱកាសដែល សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បានរៀបចំអង្គប្រជុំ បូកសរុបលទ្ធផលឆមាសទី១ និងផែនការសម្រាប់ឆ្នាំ ២០១៩-២០២០។
លោក សុន គន្ធរ បានថ្លែងបន្តថា អ្វីដែលសម្តេចសប្បាយចិត្តបំផុត គឺឃើញអាជីវករប្រកបរបរទទួលទានមានប្រាក់ចំណេញ ហើយរីកចម្រើនធំធាត់ និងជីវភាពរបស់ប្រជាជនខ្មែរ មានភាពធូរធា។ ដូច្នេះការបង្កើតចង្កោម និងរួមគ្នាជាធ្លុងមួយ គំនិតរួមតែមួយដើម្បីអភិវឌ្ឍសហគ្រាសមីក្រូ តូច និងមធ្យមនៅកម្ពុជានេះ គឺជាការសម្រេចមួយដ៏ត្រឹមត្រូវ។
លោកបន្តថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលមានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែយកចិត្តទុកដាក់ និងគាំទ្រជានិច្ចដល់អាជីវករ សហគ្រាសមីក្រូ តូច និងមធ្យម ដោយដាក់ចេញជាគោលនយោបាយអនុគ្រោះ និងទំនុកបម្រង់ផ្សេងៗ ធ្វើយ៉ាងណាឱ្យសហគ្រាសតូចៗមានផលចំណេញ លទ្ធភាព និរន្តរភាពក្នុងទីផ្សារ។
ក្នុងឱកាសនោះ អង្គប្រជុំក៏បានរាយការណ៍សមិទ្ធផល ដែលបានសម្រេចក្នុងរយៈ ៦ខែកន្លងមករួមមាន៖
១៖ បានរៀបចំសិក្ខាសាលាចំនួន៤លើក ជូនអាជីវករ សាស្ត្រាចារ្យ និងនិស្សិតនៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងបន្ទាយមានជ័យ លើប្រធានបទស្តីអំពី «ទស្សនវិសយនៃការអភិវឌ្ឍសហគ្រាសមីក្រូ តូច និងមធ្យមនៅកម្ពុជា» និង «តួនាទីរបស់សហគ្រាសធុនតូច និងមធ្យម (SMEs) នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច»។ អាជីវករ និងនិស្សិតមានចំណាប់អារម្មណ៍ខ្លាំង ស្តីពីរបៀបបង្កើត និងគ្រប់គ្រងអាជីវកម្មប្រកបដោយជោគជ័យ។
២៖ បានចូលរួមប្រជុំជាមួយគណៈកម្មាធិការជាតិ ជំរុញចលនាភូមិ១ផលិតផល១ គណៈកម្មាធិការជាតិបណ្តុះបណ្តាល គណៈកម្មាធិការជាតិកិច្ចសន្យាកសិកម្ម និងជាមួយស្ថាប័នសាធារណៈជាច្រើនផ្សេងទៀត។
៣៖ រៀបចំប្រជុំជាបន្តបន្ទាប់ក្នុងការបង្កើតចង្កោមចំនួន៥ ដើម្បីចូលរួមអភិវឌ្ឍធុរកិច្ច ដែលជាសហគ្រាសមីក្រូ និងតូច តាមរយៈបង្កើតយន្តការ រចនាសម្ព័ន្ធដឹកនាំ និង គ្រប់គ្រងនៃចង្កោមនីមួយៗដែលរួមមាន៖ (១)៖ ចង្កោមភ្នាក់ងារសេវាកម្មពន្ធដា ហិរញ្ញវត្ថុ និងគណនេយ្យ (Tax Agent, Financing & Accounting Services), (២)៖ ចង្កោមភ្នាក់ងារសេវាកម្មអចលនទ្រព្យ (Real Estate Agent Services), (៣)៖ ជំនាញទីផ្សារ ការលក់ និងសិក្សាស្រាវជ្រាវទីផ្សារ (Marketing, Sales & Market Research), (៤)៖ វិស័យអាហារ និងភេសជ្ជៈ (Food & Beverage), (៥)៖ វិស័យសម្លៀកបំពាក់ និងតម្បាញ (Cloths & Weaving)។
ចង្កោមនីមួយៗបានកំណត់បេសកកម្ម គោលបំណង និងផែនការសកម្មភាពជាក់លាក់ សម្រាប់ប្រតិបត្តិក្នុងការបណ្តុះបណ្តាលជំនាញគ្រប់គ្រងធុរកិច្ច ដើម្បីសម្រេចទិសដៅ និងផែនការយុទ្ធសាស្ត្ររួម ផ្តោតទៅលើការអភិវឌ្ឍធុរកិច្ចកម្ពុជា ឱ្យមានគុណភាព សម្ថភាព និងលទ្ធភាពប្រកួតប្រជែងទីផ្សារអន្តរជាតិ។
លោក សុន គន្ធរ បានដាក់ចេញ ផែនការយុទ្ធសាស្ត្រសំខាន់ៗ សម្រាប់ឆ្នាំ២០១៩-២០២០ រួមមាន៖
១៖ ពង្រឹង និងពង្រីកសមាជិកចង្កោមទាំង៥
២៖ រៀបចំបណ្តុះបណ្តាលជំនាញគ្រប់គ្រងសហគ្រាស ឬ គ្រប់គ្រងធុរកិច្ចប្រកបដោយគុណភាព សម្ថភាព និងលទ្ធភាពប្រកួតប្រជែងខ្ពស់
៣៖ រៀបចំសិក្ខាសាលាដើម្បីបញ្ជ្រាបគំនិតសហគ្រិនភាពដល់និស្សិត និងអាជីវករទើបចាប់ផ្តើម និងសិក្ខាសាលាចែករំលែកបទពិសោធន៍គ្រប់គ្រង និងដឹកនាំសហគ្រាសប្រកបដោយជោគជ័យ
៤៖ រៀបចំជួបគ្រប់ដៃគូរសហប្រតិបត្តិការ ដើម្បីរួមគ្នាសម្រេចឱ្យបានផែនការអភិវឌ្ឍធុរកិច្ច ឆ្នាំ២០១៩-២០២៥
៥៖ បន្តពង្រីកចង្កោមផ្សេងៗទៀត និងអភិវឌ្ឍន៍ឱ្យមានគុណភាព សម្ថភាព និងលទ្ធភាពប្រកួតប្រជែង។
ចុងបញ្ចប់ លោក សុន គន្ធរ ក៏បានផ្តល់អនុសាសន៍ឱ្យសមាជិកគណៈកម្មាធិការប្រតិបត្តិ សមាជិក សមាជិការនៃសហគ្រាសមីក្រូ តូច និងមធ្យម រួបរួមគ្នាជាចង្កោមចាប់ផ្តើមអនុវត្តផែនការអភិវឌ្ឍធុរកិច្ច ឱ្យបានសម្រេចដើម្បីផ្តល់ប្រយោជន៍ដល់សង្គម៕