(ជប៉ុន)៖ ដើម្បីបង្កើនឱ្យកិច្ចសហប្រតិបតិ្តការវិស័យវប្បធម៌ និងធុរកិច្ចរវាងប្រទេសកម្ពុជា និងជប៉ុន ឱ្យកាន់តែល្អិតរមួយបន្ថែមទៀតនោះ ប្រទេសជប៉ុន សម្រេចបង្កើតក្រុមប្រឹក្សាវប្បធម៌ និងធុរកិច្ចជប៉ុន-កម្ពុជា (JCBC) ក្នុងគោលបំណងជំរុញការផ្លាស់ប្តូរវប្បធម៌ និងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងជប៉ុន។

ការសម្ពោធក្រុមប្រឹក្សាវប្បធម៌ និងធុរកិច្ចជប៉ុន-កម្ពុជា (JCBC) បានធ្វើឡើងនាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញ ដោយមានការអញ្ជើញ ចូលរួមសំណាក់លោក អ៊ឹង រចនា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន។ ដោយឡែកសម្រាប់បេក្ខជន ដែលជាប់ជាប្រធានក្រុមប្រឹក្សាវប្បធម៌ និងធុរកិច្ចជប៉ុន-កម្ពុជា នាពេលនោះ គឺលោក Keiichi KIMURA ជាប្រធាន ដែលបច្ចុប្បន្ន លោក KIMURA ក៏ជាប្រធានវិទ្យាស្ថានស្រាវជ្រាវ យុទ្ធសាស្ត្រទេសចរណ៍ជប៉ុន ផងដែរ។

បន្ទាប់ពីបានជួបជាមួយពាណិជ្ជករខ្មែរ នៅប្រទេសជប៉ុន នៅខែធ្នូ ឆ្នាំ២០១៨ លោក KIMURAបានអញ្ជើញទៅលេងភ្នំពេញ នៅខែមករា ឆ្នាំ២០១៩។ ក្រោយពីទស្សនកិច្ចនៅកម្ពុជា លោក KIMURA ក៏បានជួបពិភាក្សាជាមួយឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ចំនួន៣លើក ហើយលោកបានសម្រេចចិត្តបង្កើតក្រុមប្រឹក្សានេះឡើង។

លោក KIMURA បានបញ្ជាក់ថា ទស្សនកិច្ចនៅប្រទេសកម្ពុជា បានផ្លាស់ប្តូរការគិតរបស់លោក ចំពោះកម្ពុជា។ លោកបានឃើញ ការរីកចម្រើនសេដ្ឋកិច្ច និងភាពរស់រវើករបស់ទីក្រុង ដែលផ្ទុយពីអ្វីដែលលោកធ្លាប់ឮកន្លងមក ហើយលោកមានសុទិដ្ឋិនិយម ចំពោះប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ក្រៅពី JCBC បច្ចុប្បន្ននៅប្រទេសជប៉ុន មានស្ថាប័នចំនួន៣ ទៀតដូចជា៖ សមាគមជប៉ុន-កម្ពុជា, សមាគមមិត្តភាពតូយ៉ាម៉ា-កម្ពុជា និងសមាគមមិត្តភាពជប៉ុន ខាងលិច-កម្ពុជា ដែលដើរតួនាទីក្នុងការជំរុញការធ្វើពាណិជ្ជកម្ម ទាក់ទាញវិនិយោគ និងការផ្លាស់ប្តូរវប្បធម៌ រវាងកម្ពុជា និងជប៉ុន៕