(ភ្នំពេញ)៖ ដើម្បីពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ និងការងាររដ្ឋបាលទូទៅ នៅក្នុងខណ្ឌឲ្យបានប្រសើរឡើងថែមទៀត លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានណែនាំឲ្យអាជ្ញាធរសង្កាត់ទាំង៨ សហការជាមួយ សមត្ថកិច្ច បន្តយកចិត្តទុកដាក់ ពង្រឹងការងារសន្តិសុខ រៀបចំសណ្តាប់ បរិស្ថានអនាម័យ ទប់ស្កាត់សកម្មភាពបែបអនាធិបតេយ្យ ដែលបង្កឡើងដោយអ្នករត់ចាប់ម៉ូយ ដាក់រថយន្តនៅលើផ្លូវជាតិលេខ១ រៀបចំសណ្តាប់ធ្នាប់ ផ្សារព្រែកឯង មួយផ្នែកទៀត ចុះត្រួតពិនិត្យសំណង់ផ្សេងៗ នៅក្នុងមូលដ្ឋាន មានច្បាប់ឬអត់ច្បាប់ ។ នេះជាការលើកឡើង របស់លោក ចេង មុនីរ៉ា អភិបាលខណ្ឌ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ។

លោកអភិបាលខណ្ឌ បានលើកឡើងបន្តថា គណៈបញ្ជាការឯកភាពសង្កាត់និមួយៗ ត្រូវយកចិត្តទុកដាក់ ក្នុងការចុះរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋពីបញ្ហសំរាម ត្រូវវេចខ្ចប់ទុកដាក់នៅតាមទីតាំង ដែលបានកំណត់ងាយស្រួលដល់ក្រុមហ៊ុនស៊ីនទ្រីប្រមូលដាក់រថយន្ត ប្រសិនបើក្រុមហ៊ុនប្រមូលសំរាមមានការយឺតយ៉ាវ ត្រូវសួរនាំពីមូលហេតុឲ្យបានច្បាស់ មួយផ្នែកទៀត ត្រូវចូលរួមទប់ស្កាត់អ្នករកស៊ី រថយន្ត ដឹកដី ដឹកខ្សាច់ ដែលកំពុងធ្វើអាជីវកម្មតាមដងផ្លូវនានា។

លោក បញ្ជាក់ថា ជាពិសេស អ្នករត់ចាប់ម៉ូយប្រសេចសាចដាក់រថយន្តតាក់ស៊ី ដោយរិតបណ្តឹងឲ្យបានខ្លាំងបំផុត នេះជាសកម្មភាពបែបអនាធិបតេយ្យនៅលើដងផ្លូវ និងចាប់រថយន្តតាក់ស៊ីណា ដែលឈប់ចតនៅតាមផ្លូវ ដើម្បីដឹកអ្នកដំណើរ ។ ចំពោះការងារបំរើសេវាសាធារណៈ គ្រប់មូលដ្ឋានសង្កាត់ទាំងអស់ រួមទាំងការិយាល័យច្រកចេញ ចូលតែមួយ ត្រូវតែបំរើសេវ៉ាជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលាដោយមិនគិត ពីផលប្រយោជន៍ឡើយ ត្រូវទទួលយកសេវ៉ាតម្លៃតាម ដែលបានកំណត់នៅក្នុងតារាតម្លៃស្រាប់។

លោកថា ឆ្លើយតបទៅតាមសំណូមពរ ហើយដែលយើងអាចធ្វើបាន គឺត្រូវតែធ្វើភា្លម ហើយអ្វីដែលហួសពីសមត្ថភាព យើងត្រូវរាយការណ៍ជូនទៅថ្នាក់លើជាបន្ត។ រាល់បញ្ហាបទល្មើស និង បញ្ហាអវិជ្ជមាននានា ដែលតែងតែកើតមាននាពេលកន្លងមក គឺមានការថយចុះជាបន្តបន្ទាប់។ មូលហេតុនៃការថយចុះបទល្មើសនេះ គឺដោយសារប្រជាពលរដ្ឋបានសហការយ៉ាងល្អ ជាមួយអាជ្ញាធរមូលដ្ឋាន និង នគរបាលប៉ុសិ៍តរដ្ឋបាល តាមរយៈការរាយការណ៍បានទាន់ពេលវេលា នូវរាល់ហេតុការណ៍នានា ដែលបាន កើតឡើងក្នុងមូលដ្ឋានរបស់ពួកគាត់ កំពុងរស់នៅ ។

លោកអភិបាលខណ្ឌបានសង្កត់ធ្ងន់ថា ចាប់ពីពេលនេះទៅ មន្រ្តីសង្កាត់ទាំង៨ ត្រូវតែចាត់តាំងឲ្យមន្រ្តីក្រោមឱវាទរបស់ខ្លួន អង្គុយឃ្លាំមើល ឲ្យបានជាប់ជាប្រចាំ បើសិនជាឃើញជនណាម្នាក់ យកសំរាមមកបោះចោល តាមច្រាំងទន្លេ នៅចន្លោះគល់ស្ពានព្រះមុនីវង្ស និងតាមផ្លូវសាធារណៈ ត្រូវចាប់ផាកពិន័យទៅតាមច្បាប់បរិស្ថានដែលបានកំណត់។ ដល់ដំណាក់កាលនេះហើយ ឈប់យោគយល់ និង ធូររលង់ទៀតទៅ ព្រោះនេះវាជារឿងដដែលៗ ដែលយើងបានធ្វើជាច្រើនឆ្នាំកន្លងមក។ ម្យ៉ាងទៀត ច្បាប់ក៏បានចេញហើយ ដល់ពេលយើងត្រូវពន្លត់ភ្លើង ឈប់ចាំតែអង្គុយបក់ផ្សែងទៀតទៅ។

ដើម្បីអនុវត្តគោលនយោបាយ «ភូមិ-សង្កាត់ មានសុវត្ថិភាព» ឲ្យមានប្រសិទ្ធភាព លោកអភិបាលខណ្ឌបាន អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តសហការជាមួយអាជ្ញាធរសង្កាត់-ខណ្ឌ និង នគរបាលប៉ុស្តិ៍រដ្ឋបាល តាមរយៈការចូលរួមរាយការណ៍ជាបន្ទាន់ នៅពេលមានហេតុការបទល្មើសកើតឡើងចំពោះគ្រួសារយើង និង អ្នកជិតខាងយើង ដើម្បីសមត្ថកិច្ចបង្ក្រាបឲ្យបានទាន់ពេល។ ការដាក់កម្លាំងត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅតាមច្រកល្ហក និងតាមដងផ្លូវសំខាន់នានា ជាប្រចាំ ក៍ជាប្រការមួយសំខាន់បំផុត ក្នុងការទប់ស្កាត់នូវរាល់ការប៉ុនប៉ង ប្រព្រឹត្តបទល្មើសពីសំណាក់ជនអាក្រក់មួយចំនួន ៕