(ភ្នំពេញ)៖ សាលារៀន «ខូលីងវូដភ្នំពេញ» (CSPP) នានៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រ បញ្ជាក់ការសិក្សា បណ្ណសរសើរ ដល់សិស្សឆ្នើមថ្នាក់ ចំណេះទូទៅភាសាខ្មែរ ប្រចាំឆ្នាំសិក្សា២០១៨-២០១៩ ដែលរៀបចំធ្វើឡើង នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)។
ក្នុងពិធីនោះលោក ង៉ែត សេម នាយករងនៃសាលារៀនខូលីងវូដភ្នំពេញ (CSPP) បានសម្ដែងនូវស្រលាញ់ពេញចិត្តចំពោះ សិស្សានុសិស្សទាំងអស់ ដែលតែងតែគោរពវិន័យសាលា គោរពលោកគ្រូ អ្នកគ្រូ ស្ដាប់ដំបូន្មាន លោកឪពុក អ្នកម្ដាយ យកចិត្ដទុកដាក់ ចំពោះការរៀនសូត្រ និងតែងតែចូលរួមគ្រប់សកម្មភាពរបស់សាលារៀន។
ក្នុងនាមស្ថាបនិកនៃសាលារៀនខូលីងវូដភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រ និងការផ្តល់ទំនុកចិត្តរបស់សិស្សានុសិស្ស មាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ ចំពោះសាលារៀនខូលីងវូដភ្នំពេញ និងប្តេជ្ញាបន្តការងារបណ្តុះបណ្តាលសិស្សានុសិស្ស ឱ្យសម្រេចបានកាន់តែល្អប្រសើរថែមទៀត សំដៅផ្តល់ការអប់រំប្រកបដោយគុណភាព និងឧត្តមភាពជូនដល់បុត្រធីតា ដើម្បីឱ្យក្លាយជាកូនល្អ មិត្តល្អ សិស្សល្អ ពលរដ្ឋល្អ និងអ្នកដឹកនាំល្អនាថ្ងៃអនាគត។
លោក ង៉ែត សេម ក៏បានផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវចង់ចាំថា ចំណេះដឹងមិនត្រឹមតែ អាចផ្លាស់ប្ដូរជីវិតយើង ឬអាចផ្លាស់ប្ដូរជីវភាព ក្រុមគ្រួសារ និងសហគមន៍ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងអាចចូលរួម ចំណែកផ្លាស់ប្ដូរមុខមាត់ នៃប្រទេសជាតិ នាពេលអនាគតទៀតផង។ ក្នុងនាមជាស្ថាប័នអប់រំ សាលារៀនខូលីងវូដភ្នំពេញ នឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីចូលរួម ចំណែកកសាង និងអភិវឌ្ឍវិស័យអប់រំ នៅកម្ពុជា ឱ្យមានដំណើរការរីកចម្រើន គួរជាទីមោទនៈ ក្នុងបុព្វហេតុអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ឱ្យប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។
ដោយផ្អែកលើការសិក្សាស្រាវជ្រាវ និងបទពិសោធន៍ជាច្រើនឆ្នាំរបស់គណៈគ្រប់គ្រង និងអ្នកជំនាញខាងផ្នែកអប់រំនៃសាលារៀនខូលីងវូដភ្នំពេញ កម្មវិធីសិក្សាបន្ថែមជាច្រើន ត្រូវបានរៀបចំឡើង ដើម្បីផ្សារភ្ជាប់គ្នារវាងការសិក្សា ការអនុវត្ត ជាពិសេសបំណិនជីវិត និងវិជ្ជាជីវៈ និងសិល្បៈ នៃការបណ្តុះគំនិតរួមមាន៖ គំនូរ របាំ តន្រ្តី កំណាព្យ គេហកិច្ច និងហត្ថកម្ម អប់រំកាយ និងកីឡា ដែលមានដូចជាបាល់ទាត់ បាល់ទះ បាល់បោះជាដើម។
ជាមួយគ្នានេះដែរ លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានឱ្យដឹងថា សាលារៀន CSPP បង្កើតឡើងដោយ ឈរលើកត្តាចម្បងពីរ គឺទី១៖ លើកកម្ពស់ និងពង្រឹងកម្មវិធីសិក្សាចំណេះទូទៅខ្មែរ និង២៖ ចូលរួមចំណែកដល់ការ បណ្តុះបណ្តាលធនធានមនុស្ស នៅកម្ពុជា ដោយកម្មវិធីសិក្សានៅ (CSPP) មានរួមបញ្ចូលនូវទស្សនៈ នៃការអប់រំបែបទំនើប ដូចជាចំណេះដឹង បែបវិទ្យាសាស្ត្រ ការត្រិះរិះពិចារណា ប្រកបដោយភាពវាងវៃ និងសមត្ថភាពភាសាបរទេស ជាពិសេសភាសាអង់គ្លេស ដើម្បីឱ្យស្របតាមសម័យកាល នៃសាកលភាវូបនីយកម្ម។
សាលារៀនខូលីងវូដភ្នំពេញ (CSPP) ផ្តល់ជូនសិស្សានុសិស្សនូវការសិក្សាភាសាអង់គ្លេសច្បាស់លាស់ និងស៊ីជ្រៅគ្រប់កម្រិត និងគ្រប់វ័យសិក្សា ដែលបង្រៀនដោយគ្រូបរទេសមានគរុកោសល្យ ទេពកោសល្យ និងជំនាញវិជ្ជាជីវៈ ដែលអាចឱ្យសិស្សានុសិស្ស ទទួលបានចំណេះដឹង ប្រកបដោយគុណភាពខ្ពស់៕