(ព្រៃវែង)៖ ប្រជាពលរដ្ឋនៅភូមិ៥ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៌ ខេត្តព្រៃវែង បានថ្លែងដោយព្រួយបារម្ភយ៉ាងខ្លាំងថា រយៈពេល ១ខែមកនេះ អ្នកភូមិត្រូវបានក្រុមចោរមុខដដែលៗ (មើលតាមការមេរ៉ាសុវត្ថិភាព) ចូលលួចគាស់ផ្ទះយកម៉ូតូអស់ ៣គ្រឿងទៅហើយ ធ្វើឱ្យពួកគាត់ម្នាក់ៗភ័យខ្លាច បិទភ្នែកដេកមិនលក់ទេ បើមួយយប់ៗចោរចូលផ្ទះបែបនេះ។
ប្រជាពលរដ្ឋទាំងនោះបាននិយាយបន្តថា ក្រុមចោរមុខដដែលៗ មានគ្នាតែ ២នាក់ប៉ុណ្ណោះ ដែលថតបានដោយកាមេរ៉ាសុវត្ថិភាព។ នៅដើមខែកក្កដា ពួកវាធ្វើសកម្មភាពគាស់ផ្ទះជាងបុកអណ្តូង លួចយកម៉ូតូហុងដាឌ្រីមសង់សេរីឆ្នាំ២០១៩ អស់១គ្រឿង, នៅពាក់កណ្តាលខែកក្កដា លួចនៅផ្ទះជិតគ្នានោះយកអស់ ១គ្រឿងទៀត ម៉ូតូហុងដាដូចគ្នាសេរីឆ្នាំ២០១៤ ហើយនៅវេលាម៉ោង ២យប់ ថ្ងៃទី២៧ ខែកក្កដាថ្មីៗនេះ វាលួចនៅផ្ទះអ្នកចិញ្ចឹមជ្រូក យកបានម៉ូតូហុងដាសេរី២០១៥ អស់១គ្រឿងទៀត និងចូលអូសយកម៉ូតូស្កុបពី ១គ្រឿងទៀត តែត្រូវម្ចាស់ម៉ូតូភ្ញាក់ទាន់ស្រែកចោរឡើង ទើបក្រុមចោរស្ទុះរត់ចេញយកទាំងម៉ូតូហុងដា ដែលលួចបានទៅជាមួយផងដែរ។
ជនរងគ្រោះដែលត្រូវក្រុមចោរលួចយកម៉ូតូបាត់ បានប្រាប់ឲ្យដឹងថា ក្រោយពីស្រែកឆោរឡោផង ដេញចោរផងតែមិនទាន់ គាត់បានរត់ទៅប្តឹងប៉ូលីសប៉ុស្តិ៍រដ្ឋបាលឃុំព្រែកខ្សាយ(ខ) ភ្លាមៗ ដើម្បីឱ្យជួយអន្តរាគមន៍តាមចាប់ចោរ តែលោកប៉ូលីសប្រាប់ថា ផុតម៉ោងរដ្ឋបាលហើយ ឱ្យទៅប្តឹងអ្នកកាសែតវិញទៅ ធ្វើឱ្យគាត់គាំងនិយាយលែងចេញព្រោះហួសចិត្តពេក។
ប្រជាពលរដ្ឋនៅភូមិ៥បានឱ្យដឹងទៀតថា ក្រោយពីក្រុមចោរលួចយកម៉ូតូពួកគាត់ទៅបាត់អស់ រហូតដល់ព្រឹកឡើង ទើបឃើញសមត្ថកិច្ចប៉ូលីស និងអាវុធហត្ថ ចុះមកសួរនាំធ្វើកំណត់ហេតុនៅផ្ទះរបស់គាត់ ហើយរហូតមកដល់ពេលនេះ នៅចាប់ចោរមិនទាន់បាននោះទេ។ ផ្ទុយទៅវិញ ក្រុមចោរនៅតែធ្វើសកម្មភាព លួចគាស់ផ្ទះប្រជាពលរដ្ឋម្តងហើយម្តងទៀតដដែលៗ យកអស់ម៉ូតូ ៣គ្រឿងហើយ ដូច្នេះហើយទើបប្រជាពលរដ្ឋទាំងនោះ នាំគ្នាសំណូមពរយ៉ាងទទូចសុំឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ សមត្ថកិច្ចគ្រប់ស្ថាប័នមេត្តាជួយពួកគាត់ផង បើនៅតែបែបនេះ ឯណាទៅភូមិ-ឃុំមានសុវត្ថិភាព? ហើយឱ្យពួកគាត់រស់នៅយ៉ាងមិចសុខ បើ១យប់ៗដេកមិនលក់ ភ័យខ្លាចតែចោរចូលផ្ទះបែបនេះ៕