(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានណែនាំ និងជំរុញដល់ជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូន និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ត្រូវសិក្សាតាមលទ្ធភាព ដើម្បីស្តារ និងជួសជុលផ្លូវដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងបណ្តោះអាសន្នឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
នៅក្នុងឱកាសចុះពិនិត្យទីតាំងប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅផ្លូវតភ្ជាប់ពីភូមិរំដោះទៅកាន់ភូមិស្រឡៅស្រោង ភូមិពលកម្ម ភូមិសន្លុងជ័យ និងភូមិព្រាលក្នុងស្រុករវៀង ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ លោក ប្រាក់ សុវណ្ណ បានណែនាំឲ្យជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ត្រូវពិនិត្យជាក់ស្តែង ជួសជុលបណ្តោះឡើងវិញ នូវកំណាត់ផ្លូវដែលរងការខូចខាតនានាគ្រប់ទីកន្លែង ក្នុងខេត្តដើម្បីសម្រួលដល់ការធ្វើដំណើរជូនប្រជាពលរដ្ឋ។
ជាមួយគ្នានោះលោកអភិបាលខេត្តព្រះវិហារ ក៏បានចុះជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋតាមផ្ទះ និងណែនាំឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយត្ន័ខ្ពស់ចំពោះកូនចៅតូច នៅពេលមេឃភ្លៀងម្តងៗកុំឲ្យកូនចុះលេងទឹកផ្តេសផ្តាសក្រែងមានការលិចលង់ និងរងគ្រោះដោយប្រការផ្សេងៗ។
ដោយឡែក លោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ បានឲ្យដឹងថា ស្ថានភាពទឹកភ្លៀងបានបន្តធ្លាក់ចាប់តាំងពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ មកម្ល៉េធ្វើឲ្យតាមបណ្តាលស្រុកក្រុងមួយចំនួនក្នុងខេត្តព្រះវិហារ រងការលិចលង់។ លោកថា «ការលិចលង់ដោយជំនន់ទឹកភ្លៀងនេះ មានរយៈពេលខ្លីទេ ដោយសារទឹកស្ទឹងសែននៅមានកម្រិតទាប ដូច្នេះបានធ្វើឲ្យទឹកភ្លៀងហូរធ្លាក់ចូលក្នុងស្ទឹងសែន»។
លោកប្រធានមន្ទីរ បានបញ្ជាក់ទៀតថា ជំនន់ទឹកភ្លៀងរយៈពេលប៉ុន្មានថ្ងៃនេះ បានធ្វើឲ្យប៉ះពាល់ដល់ស្រុកឆែប ស្រុកជ័យសែន និងស្រុករវៀង។ ប៉ុន្តែស្ថានភាពនេះមិនមានការធ្ងន់ធ្ងរទេ ដោយសារទឹកបានហូរធ្លាក់ចូលក្នុងស្ទឹងសែន។ លោកថា ស្ថានភាពទឹកភ្លៀងនឹងបន្តធ្លាក់រហូតដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៩ ចំពោះហេតុការណ៍ទៅមុខទៀត ក្រសួងធនធានទឹក និងធ្វើការព្យាករណ៍ជូនដំណឹងនៅពេលក្រោយៗទៀត៕