(កំពង់ធំ)៖ សម្ដេចព្រះពុទ្ធជ័យ មុនី ឃឹមសន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងជាព្រះមេគណរាជាធានីភ្នំពេញ បានជំរុញព្រះសង្ឃគ្រប់អង្គឲ្យខិតខំរៀនសូត្របន្ថែម ដើម្បីបង្កើនចំណេះដឹង និងភាពរឹងមាំលើវិស័យសាសនានៅកម្ពុជា។

ការស្នើរបស់សម្ដេចព្រះពុទ្ធជ័យ មុនី ឃឹមសន ធ្វើឡើងក្នុងឱកាសសម្ដេចនិមន្តជាអធិតីភាព ក្នុងពិធីបញ្ចុះខណ្ឌចុះបឋមសិលាកសាងសង់ព្រះវិហារថ្មី វត្តសេនារាមរាជ ហៅវត្តចាក់ក្រចៀង ស្ថិតនៅភូមិសាលាសន្ទុក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩។

សម្ដេចព្រះពុទ្ធជ័យ មុនី ឃឹម សន មានពុទ្ធដីកាថា ដើម្បីឲ្យគ្រប់វត្តអារាមទាំងអស់ មានការអភិវឌ្ឍន៍ លុះត្រាព្រះសង្ឃគ្រប់អង្គធ្វើជាគំរូល្អ និងបំពេញតួនាទីជាព្រះសង្ឃត្រឹមត្រូវ ទើបពុទ្ធបរិស័ទជឿជាក់ លើចំពោះវិស័យព្រះពុទ្ធសាសនា។

លោកស្រី ខៀវ ស៊ីណា ជាចាន់តូ អនុប្រធានកិត្តិយសសាខា កាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ កោតសរសើរចំពោះរដ្ឋបាលគ្រប់លំដាប់ថ្នាក់, មន្ត្រីរាជការ, អង្គភាពពាក់ពន្ធ័រួមនឹងពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយ ដែលបានផ្ដួចផ្ដើមកសាងព្រះវិហារនេះឡើង។

លោកស្រីបានចាត់ទុកការរួបរួមកសាងព្រះវិហារនេះ ជាបុណ្យកុសលធំ ដែលពុទ្ធបរិស័ទខែ្មរគ្រប់រូប ធ្វើក្នុងជំនឿដោយសុទ្ធាជ្រះថ្លា ចំពោះព្រះពុទ្ធសាសនា ដើម្បីថែរក្សាសាសនាឲ្យកាន់តែរឹងមាំ និងរុងរឿង។

លោកស្រីរំលឹកថា បច្ចុប្បន្នកម្ពុជាក្រោមការដឹកនាំលើផ្លូវ ប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន វិស័យពុទ្ធចក្រមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ វិស័យពុទ្ធចក្ររុងរឿងបានអាស្រ័យ លើវិស័យអាណាចក្រ ហើយវិស័យអាណាចក្ររុងរឿង ពិសេសដោយសារប្រទេសជាតិ មានសុខសន្តិភាព ទើបមានសិទ្ធសេរីភាពនឹងមានឱកាស បានធ្វើបុណ្យទានតាមកម្លាំង និងធនធានមានដូចពេលនៅពេលនេះ។

លោកស្រីបញ្ជាក់ថា ដូចនេះត្រូវបន្តការពារ និងពួនជ្រុំសន្តិភាពដែលទទួលបាននេះឲ្យបានគង់វង្ស ដើម្បីឲ្យទទួលបានទាំងសេចក្ដីសុខផ្លូវកាយ និងផ្លូវចិត្ត។

ឱកាសនោះលោកស្រី ខៀវ ស៊ីណា ជាចាន់តូ បានចូលរួមបច្ច័យកសាង១០លានរៀល និងសម្ដេចព្រះពុទ្ធជ័យ មុនី ឃឹម សន ចំនួន១លានរៀល សម្រាប់ជាការចាប់ផ្ដើមកសាងព្រះវិហារថ្មីនេះ។

សូមជម្រាបថា វត្តសេនារាមរាជហៅវត្តចាក់ក្រចៀវនេះ កាលមុនគ្រាន់តែជាអាស្រមតូចមួយប៉ុណ្ណោះ ។ ប៉ុន្តែអាស្រ័យដោយតំបន់នេះការរីកចម្រើន និងមានសេចក្ដីត្រូវកាន់តែច្រើនពី ប្រជាពុទ្ធបរិស័ទក្នុងការគោពរប្រតិបត្តិអាជ្ញាធរ និងធម្មការស្រុកបានស្នើសុំ បង្កើតជាវត្តពេញលេញ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ ស្របតាមបំណងរបស់ប្រជាពលរដ្ឋ និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តចាក់ក្រចៀវ។

ដោយឡែកព្រះវិហារបានបញ្ចុះបឋមសិលា កសាងនាពេលនេះ សង់ពីថ្មមានបណ្ដោយ២១ម៉ែត្រ គុណ១២ម៉ែត្រ និងមានកម្ពស់១៨ម៉ែត្រគ្រោងចំណាយពេលកសាង៤ឆ្នាំ៕