(ភ្នំពេញ)៖ ស្រ្តីមេម៉ាយម្នាក់ បានអុជធូបសែនថ្ងៃសីល បន្ទាប់មកគាត់បានចុះមកក្រោមលាងកែវទុក លុះមួយសន្ទុះក្រោយមក គាត់បានឡើងទៅមើលលើផ្ទះវិញ ស្រាប់តែឃើញភ្លើងឆាបឆេះផ្ទះយ៉ាង សន្ធោសន្ធៅបាត់ទៅហើយ ភ្លាមៗនោះ គាត់បានព្យាយាមពន្លត់ម្នាក់ឯង ដោយមិនបានស្រែកហៅអ្នកជិតខាងឲ្យទៅជួយឡើយ ។
ខណៈនោះ ភ្លើងឆេះកាន់តែខ្លាំងឡើងៗ ទើបមានការភ្ញាក់ផ្អើល ដល់អ្នកភូមិជួយពន្លត់ ប៉ុន្តែ ដោយសារតែមានខ្យល់ខ្លាំងផង ទើបពន្លត់មិនឈ្នះឡើយ រហូតមានរថយន្តពន្លត់អគ្គិភ័យ និងរថយន្តដឹកទឹកសរុបចំនួន៤គ្រឿង ទៅអន្តរាគមន៍ទើបរលត់ទៅវិញទាំងស្រុង។
ហេតុការណ៍នោះ បានកើតឡើង កាលពីវេលាម៉ោង១០៖៥០នាទី ព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ នៅក្នុងភូមិស្នួលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ផ្ទះអ្នកភូមិ បាននិយាយថា ឈើដែលទទួលរងគ្រោះ ដោយអគ្គិភ័យមួយខ្នងនេះ សង់ពីឈើលើថ្មក្រោមមានទំហំទទឹង៦ម៉ែត្រ គុណនឹងបណ្ដោយ៨ម៉ែត្រ ដែលមានម្ចាស់ឈ្មោះ ហួត ចន្ធូ អាយុ៥៨ឆ្នាំ ជាស្រ្តីមេម៉ាយ។
ប្រភពដដែល បានបន្តថា នៅមុនពេលកើតហេតុ ស្រ្តីម្ចាស់ផ្ទះបានគាត់អុជធូបសែនថ្ងៃសីល នៅខាងលើផ្ទះនោះ បន្ទាប់មកគាត់បានចុះមកលាងកែទុកដាក់នៅខាងក្រោម លុះមួយសន្ទុះក្រោយមកបន្ទាប់ពីលាងកែវរួច គាត់បានឡើងទៅមើលលើផ្ទះវិញ ស្រាប់តែឃើញភ្លើងឆាបឆេះផ្ទះបាត់ទៅហើយ។
ខណៈនោះគាត់ បានព្យាយាមពន្លត់ភ្លើងនោះតែម្នាក់ឯងប៉ុណ្ណោះ ដោយមិនបានស្រែកហៅឲ្យអ្នកជិតខាងជួយភ្លាមៗទេ លុះពេលភ្លើងឆេះកាន់តែខ្លាំងឡើងៗ ទើបមានការភ្ញាក់ផ្អើលឆោរឡោ ដល់អ្នកជិតខាង នាំគ្នាជួយពន្លត់តែមិនបានរលត់ឡើយ ។
ពេលនោះ នគរបាលប៉ុស្តិ៍កំបូល បានហៅរថយន្តពន្លត់អគ្គិភ័យ របស់អង្គភាពទ័ពពិសេសឆ័ត្រយោង៩១១ ចំនួន៣គ្រឿង រួមជាមួយរថយន្តរថយន្តស៊ីទែនដឹកទឹក របស់សាលាខណ្ឌកំបូល១គ្រឿងទៀត ទៅបាញ់ពន្លត់ ទើបរលត់ទៅវិញទាំងស្រុង។
ស្រ្តីម្ចាស់ផ្ទះ បានប្រាប់នគរបាលថា ទោះជាពន្លត់រលត់ទៅហើយក្ដី ប៉ុន្តែផ្ទះរបស់គាត់ត្រូវរងការខូចខាតទាំងស្រុងទៅហើយ ដែលនេះព្រោះតែការធ្វេសប្រហែសរបស់គាត់ ហើយរបស់របរផ្សេងៗទៀតរួមមាន ប្លង់ដីផ្ទះ ប្លង់ដីស្រែ ដែលគាត់ទើបលស់ចេញពីធនាគារ រួមជាមួយលុយ១លានរៀល មាស៥ជី និងស្រូវពូជ៣បាវ ត្រូវភ្លើងឆេះគ្មានសល់ឡើយ៕