(កំពត)៖ អធិការរងនគរបាលក្រុងកំពតទទួលផែនចរាចរណ៍ លោក ឆែម ហាក់ បានរងរបួសធ្ងន់ ខណៈបើករថយន្តម្នាក់ឯងឆ្លងផ្លូវដែក ក៏ត្រូវរថភ្លើងមកដល់បុករុញរថយន្តរបស់គាត់ជិតកន្លះគីឡូម៉ែត្រ កាលពីម៉ោង៦៖៣០នាទីព្រលប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្លូវរថភ្លើង វត្តអណ្តូងព្រេង ស្ថិតក្នុងភូមិតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។
មន្ត្រីនគរបាលចរាចរក្រុងកំពត បានឱ្យដឹងថា លោក ឆែម ហាក់ អាយុ៥០ឆ្នាំ ខណៈបើកបររថយន្ត ម៉ាករេហ្វ័រ ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ 2AK-1538 ត្រូវរថភ្លើងបើកដល់ក៏បុក បណ្តាលឲ្យរងរបួសតែម្តង។
មន្ត្រីនគរបាលបានបញ្ជាក់ថា «មុនកើតហេតុ ជនរងគ្រោះបានបើករថយន្តម្នាក់ឯង ចេញពីផ្ទះទៅប្រចាំការនៅអធិការដ្ឋាននគរបាលក្រុងកំពត លុះមកដល់ចំណុចកើតហេតុ ក៏បើកឆ្លងកាត់ផ្លូវរថភ្លើង ទិសដៅពីជើងទៅត្បូង ដោយមិនបានដឹងថារថភ្លើងមកដល់ ពីព្រោះមិនបានឮរថភ្លើងស៊ីប្លេរ ក៏បណ្តាលឱ្យរថភ្លើង បើកមកពីទិសលិចទៅកើត បុករុញរថយន្តទៅឆ្ងាយជិត ៥០០ម៉ែត្រ ទើបរថភ្លើងឈប់ធ្វើឱ្យជនរងគ្រោះរងរបួសធ្ងន់តែម្តង»។
ក្រោយហេតុការណ៍ភ្លាម កម្លាំងសមត្ថកិច្ចចុះទៅដល់ និងបានដឹកជនរងគ្រោះ ទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យស៊ុនយ៉ាឃៀលចំការដូង។ ចំណែករថយន្ត ត្រូវសមត្ថកិច្ចជំនាញ នាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពត៕