(ក្រចេះ)៖ យ៉ាងហោចណាស់មានមនុស្សពីរនាក់ បានរងរបួសព្រមទាំងផ្ទះប្រជាពលរដ្ឋជិត ២០០ខ្នង បានដួលរលំ និងរបើកដំបូលដោយសារអំណាចខ្យល់កន្ត្រាក់ និងផ្គររន្ទះ កាលពីយប់វេលា ម៉ោង១ឈានចូលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅឃុំចំនួន៣ ស្ថិតនៅស្រុកស្នូល ខេត្តក្រចេះ ក្នុងនោះសាលារៀន និងដើមឈើជិត១០០០ដើមបានបាក់ផងដែរ។
លោក គង់ គឹមនី អភិបាលស្រុកស្នួល បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃនេះថា គ្រោះធម្មជាតិខ្យល់កន្រ្តាក់នេះ បានបណ្ដាលឲ្យខូចខាតទ្រព្យសម្បិត្តប្រជាពលរដ្ឋ ជាច្រើនរួមមាន៖
*ទី១៖ ឃុំស្រែចារ៖ រំលំផ្ទះចំនួន៣ខ្នង របើកដំបូល២៣ខ្នង របួសមនុស្សស្រីម្នាក់ (បាក់ដៃ) រំលំស្វាយចន្ទីជាង៣០០ដើមនៅឃុំ២ធ្នូ របើកដំបូលផ្ទះចំនួន១៤ខ្នង ខូចខាតដំណាំស្វាយចន្ទី កៅស៊ូ និងម្រេចជាង៤០០ដើម
*ទី២៖ ឃុំស្នួល៖ របើកដំបូលផ្ទះ ១៥៨ខ្នង របើកដំបូលសាលា ៣ខ្នង រំលំដើមឈើជាង ២០០ដើម របួលមនុស្សម្នាក់ (ត្រង់ចង្កេះ)។
លោកអភិបាលស្រុកបានបន្ដទៀតថា ក្រោយពីកើតហេតុភ្លាមៗ លោកបានដឹកនាំកម្លាំងចុះទៅទាំងយប់ ដើម្បីពិនិត្យ និងសម្រួលចរាចរណ៍តាមផ្លូវជាតិលេខ៧ និងផ្លូវលេខជាតិលេខ៧៦ ដែលមានបាក់ដើមគរគី ដើមអាកាស្យា ធ្លាក់លើផ្លូវ ធ្វើឱ្យកកស្ទះចរាចរណ៍នៅម្ដុំ ធានាគារអេស៊ីលីដា និងអធិការដ្ឋាននគរបាលស្រុកស្នួល៕