(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ការងារកុមារជាការងារអាទិភាពមួយ នៅក្នុងការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤នេះ។
លោករដ្ឋមន្រ្តី បានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ស្តីពីការប្រកាសសមាសភាពសមាជិក ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងពិនិត្យសម្រេចផែនការយុទ្ធសាស្ត្រ ស្តីពីការអភិវឌ្ឍកិច្ចការពារ និងលើកកម្ពស់សិទ្ធិកុមាររបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សម្រាប់រយៈពេល៥ ឆ្នាំ២០១៩-២០២៣ នាទីស្តីការក្រសួងសង្គមកិច្ច នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩។
លោក វង សូត បានបញ្ជាក់ថា គោលនយោបាយជាតិស្តីពីការគាំពារ និងអភិវឌ្ឍន៍កុមារតូច គោលនយោបាយថែទាំជំនួសចំពោះកុមារ បទដ្ឋាន និងគោលការណ៍ណែនាំសម្រាប់ការថែទាំ ការគាំទ្រ និងការការពារកុមារកំព្រា និងកុមារងាយរងគ្រោះ គោលការណ៍ការពារសិទ្ធិកុមាររងគ្រោះដោយសារការជួញដូរ គោលនយោបាយជាតិស្តីពីអាហារូបត្ថម្ភ យុទ្ធសាស្រ្ត ជាតិស្តីពីសុខភាពបន្តពូជ សុខភាពផ្លូវភេទ និងគោលការណ៍ណែនាំសម្រាប់ការអនុវត្តការចូលរួមរបស់កុមារជាដើម ដើម្បីលើកស្ទួយឧត្តមប្រយោជន៍កុមារ និងលើកកម្ពស់គោលការណ៍សិទ្ធិចម្បងទាំង៤ របស់កុមារ គឺសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការការពារ សិទ្ធិក្នុងការអភិវឌ្ឍ និងសិទ្ធិក្នុងការចូលរូម។
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានបន្ថែមថា ការលើកកម្ពស់ការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ ច្បាប់ជាតិ និងអន្តរជាតិពាក់ព័ន្ធ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់កុមារ និងការប្តេជ្ញាចិត្តគោរព ការពារ និងបំពេញសិទ្ធិនានាចំពោះប្រជាពលរដ្ឋ ជាពិសេសកុមារ ដើម្បីរស់នៅក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាព ស្របតាមរដ្ឋធម្មនុញ្ញ និងគោលការណ៍នីតិរដ្ឋ ព្រមទាំងបានដាក់ចេញនូវវិធានការជាច្រើន ដើម្បីធានាឱ្យបាននូវសុខុមាលភាព និងការគាំពារសង្គមចំពោះកុមារកម្ពុជា។ កន្លងទៅថ្មីៗនេះ ក្រសួងបាននិងកំពុងជំរុញការអនុវត្តច្បាប់ស្តីពីយុត្តិធម៌អនីតិជន ដែលបានដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ។
ឆ្លៀតក្នុងឱកាសនោះ លោក វង សូត ក៏បានស្នើឱ្យមន្រ្តីទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការក្នុងបញ្ចូលបញ្ហាកុមារ ទៅក្នុងផែនការសកម្មភាពរបស់ក្រសួង ស្ថាប័នរបស់ខ្លួន ដើម្បីឆ្លើយតបនឹងការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ និងតម្រូវការជាក់ស្តែងរបស់កុមារ។
បន្ថែមពីលើនេះ លោកក៏បានផ្តល់នូវគំនិត និងអនុសាសន៍ទៅលើផែនការយុទ្ធសាស្ត្រ ស្តីពីការអភិវឌ្ឍកិច្ចការពារ និងលើកកម្ពស់សិទ្ធិកុមាររបស់ ក.ជ.ក សម្រាប់រយៈពេល៥ ឆ្នាំ ២០១៩-២០២៣ ក្នុងទិសដៅជំរុញការអនុវត្តការងាររបស់ ក.ជ.ក. និងធានាបាននូវនិរន្តរភាពការងារក្នុងការលើកកម្ពស់សិទ្ធិកុមារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។
គួរបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រ ស្តីពីការអភិវឌ្ឍកិច្ចការពារ និងលើកកម្ពស់សិទ្ធិកុមាររបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សម្រាប់រយៈពេល៥ឆ្នាំ ២០១៩-២០២៣ ដែលនឹងលើកយកមកពិភាក្ សានាពេលនេះ គឺជាផែនការមួយរបស់ប្រទេសកម្ពុជា ក្នុងការបង្ហាញផ្លូវ និងជាផែនការគោលសម្រាប់ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីរៀបចំ និងអនុវត្តកម្មវិធីដែលផ្តោតលើកុមារ ក្នុងការរួមចំណែកសម្រេចឱ្យបាននូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល។
ផែនការសកម្មភាពជាតិនេះ ក៏បានបង្ហាញអំពីតួនាទី និងការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិ សង្គមស៊ីវិល វិស័យឯកជន និងកុមារខ្លួនឯង ក្នុងការចូលរួមសម្រេចឱ្យបាននូវការកែលម្អ ស្ថានភាពរបស់កុមារកម្ពុជា ដើម្បីទទួលបានសិទ្ធិ និងឱកាសស្មើភាពគ្នា សម្រាប់ការរីកលូតលាស់ និងការអភិវឌ្ឍប្រកបដោយសុខដុមនីយកម្ម៕