(កំពង់ចាម)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំសិក្ខាសាលាមួយ ដោយប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវបទដ្ឋានជាតិនៃការអនុវត្តវិជ្ជាជីវៈព្យាបាលដោយចលនា ជូនដល់ជនមានពិការភាពនៅកម្ពុជា ដែលរៀបចំធ្វើ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នាខេត្តកំពង់ចាម។ សិក្ខាសាលានេះ រៀបចំឡើងក្នុងការផ្តល់ឱកាស ដល់សិក្ខាកាមដែលពាក់ព័ន្ធទាំងអស់ជាពិសេសគ្រូពេទ្យព្យាបាលដោចលនា ដែលមានវត្ថមាននៅទីនេះ ទទួលបានព័ត៌មានលើបទដ្ខាននេះ និងដើម្បីចូលរួមក្នុងកិច្ចពិភាក្សា ផ្តល់មតិយោបល់ និងអនុសាសន៍ល្អៗ ជាមួយនឹងក្រុមការងារបច្ចេកទេស។
ចំណែក គណៈរៀបចំសិក្ខាសាលាវិញ គឺអាចប្រមូលនូវព័ត៌មានទាំងអស់នោះមកដាក់បញ្ចូលក្នុងផែនការសកម្មភាពនានា ក្នុងការតាមដាន និងវាយតម្លៃនូវការអនុវត្តលើបទដ្ឋានជាតិនៃការអនុវត្តវិជ្ជាជីវៈព្យាបាលដោយចលនានាពេលដ៏ខ្លីខាងមុខ។
នេះជាការលើកឡើងរបស់ លោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងនៅក្នុង សិក្ខាសាលាដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវបទដ្ឋានជាតិនៃការអនុវត្តវិជ្ជាជីវៈព្យាបាលដោយចលនា ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នាខេត្តកំពង់ចាម។
លោក ញ៉ឹក វណ្ណារ៉ា បានបន្ថែ មទៀតថា កន្លងមក ចំពោះគ្រូពេទ្យព្យាបាលដោយចលនា បានចូលរួមចំនែកយ៉ាងសកម្មក្នុងផ្តល់សេវាព្យាបាលដោយចលនា នៅក្នុងវិស័យ ស្តារលទ្ធភាពពលកម្មនៅតាមមជ្ឈស្តារលទ្ធភាពពលក្មកាយសម្បទាទំាង១១ និងតាមសហគមន៍នានា ក្រោមការគ្រប់គ្រងរបស់ក្រសួង និងមូលនិធិជនពិការ ក្នុងប្រទេសកម្ពុជា ព្រមទាំងមន្ទីរពេទ្យជាតិ រាជធានីខេត្តទូទាំងប្រទេស ដែលគ្រប់គ្រងដោយក្រសួងសុខាភិបាល។
លោកបានបន្តថា ជនមានពិការភាពអាចចូលរួមក្នុងសង្គម សហគមន៍ ប្រកបរបរនិងបង្កើនសេដ្ឋកិច្ចរបស់គាត់បានគឺត្រូវការចាំបាច់នូវសេវាស្តារលទ្ធភាពពលកម្ម ដែលផ្តល់ដោយគ្រូពេទ្យព្យាបាលដោយចលនា។ គ្រូពេទ្យព្យាបាលដោយចលនាគឺជាអ្នកជំនាញលើចលនា មុខងារប្រចាំថ្ងៃ និងស្តារលទ្ធភាពពលកម្មដែល ចំាបាច់មិនអាចខ្វះបាន ក្នុងផ្តល់នូវការព្យាបាលដោយចលនាដែលមានគុណភាព ដែលអាចឈានទៅរក ការជាសះស្បើយ ការសម្របសម្រួល និងស្តារលទ្ធភាពពលកម្មកាយសម្បទាដល់អ្នកជំងឺ និងជនមានពិការភាពក្នុងប្រទេសកម្ពុជា ដើម្បីបង្កើគុណភាពជីវិត របស់អ្នកជំងឺ និងជនមានពិការភាព។
គួរបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់លោក យៀប ម៉ាលីណូ ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ ទាក់ទងនឹងសកម្មភាពដែលត្រូវអនុវត្តន៍បន្តជាពិសេស គម្រោងនៃការបង្កើតឲ្យមាន គណៈកម្មាការអន្តរក្រសួង ដើម្បីធ្វើការតាមដាន និងវាយតម្លៃនូវការអនុវត្តលើបទដ្ឋាននេះ នៅតាមមន្ទីរពេទ្យ និងមជ្ឈមណ្ឌល ស្តារលទ្ធភាព ពលកម្មកាយសម្បទានានា ពិតជាកត្តាចាំបាច់បំផុតក្នុងការធានាថា បទដ្ឋាននេះត្រូវអនុវត្តដោយគ្រូពេទ្យព្យាបាលដោយចលនា និងថ្នាក់ដឹកនាំ នៃស្ថាប័នដែលពាក់ព័ន្ធ ប្រកបដោយជោគជ័យ និងឆ្លើយតបទៅនឹងលទ្ធផលរំពឹងទុក ដែលបានដាក់ចេញនៅក្នុងផែនការអនុវត្តន៍លើបទដ្ឋាននេះ៕