(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ សមត្ថកិច្ចខណ្ឌ៧មករា ចាប់ផ្តើមប្រើវិធានការក្តៅ ចំពោះរថយន្តរបស់ពលរដ្ឋណា ដែលហ៊ានសំចតមុខតុលាការ។ វិធានការនេះធ្វើឡើង បន្ទាប់មានការចុះផ្សាយរិះគន់ថា អាជ្ញាធរខណ្ឌ៧មករា បណ្តែតបណ្តោយឲ្យមានរថយន្តចតរំលោភលើចំណីផ្លូវនៅមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីពេលកន្លងទៅ។
សមត្ថកិច្ចខណ្ឌ៧មករា ដឹកនាំដោយ លោក ង៉ែត សារុន មន្ត្រីនគរបាល ដែលគ្រប់គ្រងផ្នែកសណ្តាប់ធ្នាប់ បានប្រើរថយន្តសឺរ៉ែន អូសយករថយន្ត១គ្រឿង បន្ទាប់ព្យាយាម (រកម្ចាស់មិនឃើញ) យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីរង់ចាំម្ចាស់ចូលខ្លួនទៅដោះស្រាយតាមច្បាប់។
មន្ត្រីនគរបាលការពារសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា រថយន្តខាងលើមានម៉ាក ប៊្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AF-4972 ភ្នំពេញ បានចតនៅមុខសាលាដំបូងរាជធានីភ្នំពេញ អស់ជាច្រើនម៉ោង ទើបសមត្ថកិច្ច (តម្រូតបទបញ្ជាប្រចាំតុលាការ) បានហៅសមត្ថកិច្ចខណ្ឌ៧មករា មកស្ទូចយកទៅរក្សាទុកដោះស្រាយតាមច្បាប់តែម្តង។
សូមជម្រាបថា បន្ទាប់ពីមានការចុះផ្សាយរិះគន់រឿងរថយន្តសំចតនៅលើទ្រូងផ្លូវមុខសាលាដំបូងរាជធានីភ្នំពេញ គេបានសង្កេតឃើញថា សមត្ថកិច្ចបានខិតខំបណ្តេញមិនឲ្យមានការសំចត ម៉ូតូមុខតុលាការនេះទៀតឡើយ៕